អន្តរជាតិ
តៃវ៉ាន់ថា យន្តហោះចម្បាំងចិន៣៩គ្រឿង ហោះចូលតំបន់ការពារអាកាសរបស់ខ្លួន
24, Jan 2022 , 10:29 am        
រូបភាព
កោះតៃវ៉ាន់ នៅថ្ងៃទី២៣ ខែមករា រាយការណ៍ថា កងទ័ពអាកាសចិនបានលុកលុយតំបន់កំណត់​អត្តសញ្ញាណការពារដែនអាកាស (ADIZ) របស់ខ្លួនជាថ្មីម្ដងទៀត។ ជាការបំពានទ្រង់ទ្រាយធំតាំងពីខែតុលា យន្តហោះចម្បាំងចិនដល់ទៅ៣៩គ្រឿងហោះចូលតំបន់ការពារនេះ។ ក្រសួងការពារជាតិ​តៃវ៉ាន់ បញ្ជាក់ថា កងទ័ពអាកាសតៃវ៉ាន់បានហោះទៅព្រមានយន្តហោះឱ្យចេញពីតំបន់អាកាសរបស់​ខ្លួនផងដែរ។

 
កោះតៃវ៉ាន់បានត្អូញត្អែរសឹងរេចមាត់ទៅហើយអំពីបំពានរបស់កងទ័ពអាកាសរបស់ចិនក្នុងតំបន់ការពារអាកាសរបស់ខ្លួន ពិសេសតំបន់ក្បែរកោះ Pratas ដែលនៅមិនឆ្ងាយពីដីគោក។ នៅថ្ងៃទី២៣ ខែមករា​ ក្រសួងការពារជាតិតៃវ៉ាន់ ប្រកាសថា យន្តហោះចម្បាំង៣៩គ្រឿង បានចូលបំពានតំបន់នេះជាថ្មី។
 
ក្នុងសេចក្ដីប្រកាសរបស់ខ្លួន ក្រសួងការពារជាតិតៃវ៉ាន់ និយាយថា បេសកកម្មរបស់ចិនមានយន្តហោះ​ចម្បាំងចំនួន៣៤គ្រឿង យន្តហោះចម្បាំងអេឡិចត្រូនិក៤គ្រឿង និងព្រមទាំង យន្តហោះទម្លាក់​គ្រាប់​បែក១គ្រឿងផងដែរ។ បើ​តាម​ផែនទី​ដែល​ក្រសួង​ការពារជាតិតៃវ៉ាន់បញ្ចេញ ​យន្តហោះ​ទាំងនោះបាន​ហោះ​ហើរ​នៅភាគ​ឦសាន​នៃកោះ Pratas ។ 
 
ដូចសព្វដងដែរ ក្រសួងការពារជាតិតៃវ៉ាន់បានបញ្ជាក់ថា ខ្លួនបានបញ្ជូនយន្តហោះចម្បាំងទៅព្រមាន​យន្តហោះចិន ខណៈប្រព័ន្ធមីស៊ីលត្រូវបានដាក់ប្រុងជើងការដើម្បីតាមដានសកម្មភាពរបស់យន្តហោះចម្បាំងចិន។
 
ចិន មិនទាន់បានឆ្លើយតបយ៉ាងណាឡើយជុំវិញរឿងនេះ។ កន្លងមកទីក្រុងប៉េកាំងតែងប្រកាសថា វត្តមានយន្តហោះចម្បាំងនេះ ជាការការពារ​អធិបតេយ្យភាព​តែប៉ុណ្ណោះ។ ប៉ុន្តែការហោះហើរពេលនេះ ធ្វើឡើងស្របពេលទ័ពជើងទឹកអាម៉េរិកនិងជប៉ុន កំពុងធ្វើសមយុទ្ធនៅសមុទ្រ​ហ្វីលីពីនដែលជាតំបន់​ដ៏​ធំបញ្ចូលដែនទឹកភាគខាងកើតតៃវ៉ាន់ដែរ។ បើតាមកងនាវាចរណ៍ប្រចាំតំបន់​ប៉ាស៊ីហ្វិក​របស់​អាម៉េរិក សមយុទ្ធទាំងនោះរួមមាន​ក្រុមនាវា​ផ្ទុកយន្តហោះចំនួន​ពីរដែល​កំពុងហ្វឹកហ្វឺនការពារ​តំបន់​ឥណ្ឌូ​ប៉ាស៊ី​ហ្វិកសេរី និងបើកចំហ។
 
មួយរយៈចុងក្រោយ ចិន​បាន​បង្កើន​សម្ពាធខ្លាំង​លើ​តៃវ៉ាន់​ឱ្យ​ទទួល​យក​ការទាមទារ​អធិបតេយ្យភាព​របស់ខ្លួន។ រីឯរដ្ឋាភិបាលតៃវ៉ាន់ឯណោះអះអាងថា ខ្លួនចង់បានតែសន្តិភាព ប៉ុន្តែ នឹងការពារខ្លួន​ប្រសិន​បើត្រូវបានវាយប្រហារ៕
 

Tag:
 ចិន
  តៃវ៉ាន់
© រក្សាសិទ្ធិដោយ thmeythmey.com