អន្តរជាតិ
អាម៉េរិក ប្រាប់ឱ្យសមាជិកគ្រួសារបុគ្គលិកស្ថានទូតនៅអ៊ុយក្រែនចាកចេញ
24, Jan 2022 , 11:59 am        
រូបភាព
រដ្ឋមន្រ្តីការបរទេសអាម៉េរិក លោក អាន់តូនី ប្លីងខិន។ រូបភាព៖ Twitter-លោកអាន់តូនី ប្លីងខិន
រដ្ឋមន្រ្តីការបរទេសអាម៉េរិក លោក អាន់តូនី ប្លីងខិន។ រូបភាព៖ Twitter-លោកអាន់តូនី ប្លីងខិន
អាម៉េរិក បានបញ្ជាឱ្យសមាជិកគ្រួសារបុគ្គលិកស្ថានទូតនៅអ៊ុយក្រែន និងបុគ្គលិកអាម៉េរិក ដែលមិនមានកិច្ចការចាំបាច់ចាកចេញពីប្រទេសមួយនោះ ព្រោះបារម្ភពីការគំរាមដោយសកម្មភាពយោធារុស្ស៊ី។

 
ក្រសួងការបរទេសអាម៉េរិក នៅថ្ងៃទី២៣ ខែមករា បានចេញសេចក្តីណែនាំការធ្វើដំណើរទៅអ៊ុយក្រែនមួយ ស្របពេលនៃការកើនឡើងការគំរាមនៃសកម្មភាពយោធា និងជំងឺកូវីដ-១៩។ តាមសេចក្តីណែនាំនោះ អាម៉េរិក បានហាមឃាត់ប្រជាជនខ្លួនធ្វើដំណើរទៅក្រុង Luhansk, ក្រុង Donetsk របស់អ៊ុយក្រែន និងតំបន់គ្រីមៀ ដែលត្រូវបានរុស្ស៊ីដាក់បញ្ចូលជាដែនដីខ្លួននៅក្នុងឆ្នាំ ២០១៤។ 
 
មិនតែប៉ុណ្ណោះ អាម៉េរិក ក៏បានបញ្ជាឱ្យសមាជិកគ្រួសាររបស់បុគ្គលិកស្ថានទូតចាកចេញពីប្រទេសមួយនេះផងដែរ ដោយផ្អែកលើហេតុផលទាំងពីរខាងលើ។ 
 
«ក្រសួងការបរទេសអាម៉េរិក បញ្ជាឱ្យសមាជិកគ្រួសារបុគ្គលិក ចាកចេញពីស្ថានទូតទីក្រុងកៀវ ដោយសារយោធារុស្ស៊ីនៅតែបន្តការគំរាមកំហែង»។ សេចក្តីណែនាំការធ្វើដំណើររបស់អាម៉េរិក បានបញ្ជាក់បែបនេះ ដោយបន្ថែមថា ខ្លួនបានស្នើឱ្យបុគ្គលិកស្ថានទូតដែលមិនមានកិច្ចការចាំបាច់ចាកចេញពីអ៊ុយក្រែន ក្រោមគោលការណ៍ស្ម័គ្រចិត្តដែរ។ 
 
បើតាមក្រសួងការបរទេសអាម៉េរិក វាមានរបាយការណ៍ ដែលរុស្ស៊ី មានគម្រោងចាត់វិធានការតាមផ្លូវយោធាលើអ៊ុយក្រែន ខណៈលក្ខខណ្ឌសុវត្ថិភាពនៅតំបន់គ្រីមៀ និងតំបន់ព្រំដែនអ៊ុយក្រែន មិនអាចរំពឹងទុកបាន និងអាចប្រឈមបញ្ហា។ 
 
សេចក្តីណែនាំការធ្វើដំណើរនេះ ធ្វើឡើងស្របពេលវិបត្តិអ៊ុយក្រែននៅតែមិនទាន់ធូរស្រាល បើទោះមានកិច្ចចរចារវាងរុស្ស៊ី-អាម៉េរិក និងរុស្ស៊ី-ណាតូ ជាច្រើនលើកក្តី។ បើទោះមិនទាន់មានដំណោះស្រាយលើបញ្ហាអ៊ុយក្រែនក៏ដោយ ភាគីទាំងអស់ នៅតែឯកភាពបន្តកិច្ចចរចា ដើម្បីបន្ធូរបន្ថយភាពតានតឹង ដែលមានជាច្រើនខែមក។ 
 
ក្នុងកិច្ចសម្ភាសជាមួយសារព័ត៌មាន CNN នៅថ្ងៃទី២៣ ខែមករា ប្រមុខការទូតអាម៉េរិក លោក អាន់តូនី ប្លីងខិន បានច្រានចោលការដាក់ទណ្ឌកម្មលើរុស្ស៊ី ដោយសំអាងថា វាអាចធ្វើឱ្យប៉ះពាល់សមត្ថភាពប្រទេសលោកខាងលិច ក្នុងការប្រឆាំងនឹងការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន។ លោកឋ ប្លីងខិន ព្រមានថា បើទ័ពរុស្ស៊ីហ៊ានឆ្លងចូលដែនដីអ៊ុយក្រែន ដើម្បីឈ្លានពាន បណ្តាប្រទេសលោកខាងលិច នឹងចាត់វិធានការឆ្លើយតបដ៏សំខាន់មួយ៕
 

Tag:
 អាម៉េរិក
  អ៊ុយក្រែន
© រក្សាសិទ្ធិដោយ thmeythmey.com