ជាតិ
លោក ប៉ិច បូឡែន៖ រៀនបរិញ្ញាបត្ររង ឬថ្នាក់ទី១២វិញ សុទ្ធតែជាជម្រើសល្អសម្រាប់សិស្សធ្លាក់បាក់ឌុប
24, Jan 2022 , 9:29 pm        
រូបភាព
លោក ប៉ិច បូឡែន ប្រធានសហព័ន្ធសេវាអប់រំនៅកម្ពុជា។ រូបភាពពី ទំព័រហ្វេសប៊ុក លោក ប៉ិច បូឡែន។_
លោក ប៉ិច បូឡែន ប្រធានសហព័ន្ធសេវាអប់រំនៅកម្ពុជា។ រូបភាពពី ទំព័រហ្វេសប៊ុក លោក ប៉ិច បូឡែន។_
ដោយ៖ ហេង ស្រីលីន

ភ្នំពេញ៖ សិស្សថ្នាក់ទី១២ ជាង៧ម៉ឺននាក់បានប្រឡងជាប់បាក់ឌុបឆ្នាំ២០២១ ខណៈជាង៤ម៉ឺននាក់ទៀត បរាជ័យ។ សម្រាប់សិស្សធ្លាក់បាក់ឌុបមួយចំនួន កំពុងព្រួយបារម្ភពីអនាគតរបស់ខ្លួន ហើយពួកគេហាក់ពិបាកសម្រេចចិត្ត ថាតើពួកគេចាប់គួរសិក្សាថ្នាក់ទី១២ ជាថ្មី ឬក៏ចាប់ផ្តើមសិក្សាថ្នាក់បរិញ្ញាបត្ររងនៅមហាវិទ្យាល័យតែម្តង។ ការចាប់យកជំនាញវិជ្ជាជីវៈ ក៏ទំនងស្ថិតនៅក្នុងការពិចារណារបស់សិស្សដែលប្រឡងធ្លាក់សញ្ញាបត្រមធ្យមសិក្សទុតិយភូមិដែរ។ សម្រាប់ លោក ប៉ិច បូឡែន ប្រធានសហព័ន្ធសេវាអប់រំនៅកម្ពុជា លទ្ធផលប្រឡងធ្លាក់បាក់ឌុប មិនបានកំណត់អនាគតរបស់សិស្សនោះទេ។ លោក បូឡែន  បានប្រាប់សារព័ត៌មានថ្មីៗ ការជ្រើសរើសសិក្សាថ្នាក់បរិញ្ញាបត្ររង និងសិក្សាទី១២ម្តងទៀត ជាការចាប់ផ្តើមសារជាថ្មីនៃអនាគតរបស់ពួកគេ។

 
ដើម្បីជ្រាបកាន់តែច្បាស់សូមអញ្ជើញលោកអ្នកនាងអានកិច្ចសម្ភាសរវាង កញ្ញា ហេង ស្រីលីន នៃសារព័ត៌មានថ្មីៗ ជាមួយលោក ប៉ិច បូឡែន ដូចតទៅ៖
 
កញ្ញា ហេង ស្រីលីន៖ លទ្ធផលប្រឡងបាក់ឌុបឆ្នាំ២០២១ មានសិស្សជាង៤ម៉ឺននាក់ ឬស្មើនឹងប្រមាណ៣៥ ភាគរយ ប្រឡងធ្លាក់។ សម្រាប់ លោក ប៉ិច បូឡែន តើរវាងការសិក្សាថ្នាក់ទី១២ជាថ្មី និងការសិក្សាថ្នាក់បរិញ្ញាបត្ររង មួយណាជាជម្រើសល្អសម្រាប់សិស្សដែលបានប្រឡងធ្លាក់បាក់ឌុប?
 
លោក ប៉ិច បូឡែន៖ ការធ្លាក់បាក់ឌុប មិនអាចកំណត់អនាគតរបស់ពួកគាត់បាននោះទេ ប៉ុន្តែវាអាស្រ័យទៅលើចិត្តរបស់ពួកគាត់ នៅតែតស៊ូលើវិថីសិក្សាកម្រិតណា។ ការជ្រើសរើសសិក្សាថ្នាក់បរិញ្ញាបត្ររង និងសិក្សាទី១២ម្តងទៀត ជាការចាប់ផ្តើមសារជាថ្មីនៃអនាគត។ បច្ចុប្បន្ន សកលវិទ្យាល័យមួយចំនួនបានផ្តល់ឱកាសសម្រាប់សិស្ស ដែលមានបំណងសិក្សាថ្នាក់បរិញ្ញាបត្ររងដែរ។ ប្រសិនបើសិស្សមានបំណងសិក្សាថ្នាក់បរិញ្ញាបត្ររង នោះក៏ជាឱកាសមួយសម្រាប់ឱ្យពួកគាត់ ចាប់យកជំនាញសិក្សានៅថ្នាក់មហាវិទ្យាល័យ ហើយបន្តទៅថ្នាក់បរិញ្ញាបត្រតែម្តង។
 
កញ្ញា ហេង ស្រីលីន៖ ប្រសិនបើពួកគាត់សម្រេចចិត្តរៀនទី១២ម្តងទៀត តើលោកយល់យ៉ាងណាដែរ?
 
លោក ប៉ិច បូឡែន៖ នេះជាហេតុផល និងជាគោលបំណងមួយរបស់សិស្ស ដែលពួកគាត់ចង់ចាប់ផ្តើមសារជាថ្មី ជាមួយថ្នាក់ទី១២ម្តងទៀត រួមទាំងទទួលយកអារម្មណ៍មួយផ្សេងទៀត ជាមួយនឹងសិស្សដែលទើបនឹងឡើងទី១២ថ្មី។ ប៉ុន្តែពួកគាត់ ក៏បានឆ្លងកាត់នូវបទពិសោធរួចមកហើយ ក្រោយសិក្សាបាន១ឆ្នាំកន្លងមក។ ហេតុផលនេះជាទុនមួយ ដើម្បីសម្រេច នូវការចង់បានសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនេះ។
 
កញ្ញា ហេង ស្រីលីន៖ ក្នុងនាមជាអ្នកជំនាញនៅក្នុងវិស័យអប់រំ លោក បូឡែន តើសិស្សដែលសិក្សាបរិញ្ញាបត្ររង មានឱកាសទៅសិក្សានៅក្រៅប្រទេសឬទេ? តើពួកគាត់មានសិទ្ធិប្រឡងយកអាហារូបករណ៍ដែរឬអត់?
 
លោក ប៉ិច បូឡែន៖ លក្ខខណ្ឌតម្រូវសម្រាប់សកលវិទ្យាល័យមួយចំនួន ដែលតែងតែងផ្តល់ឱកាស ទៅដល់ក្រុមនិស្សិត។ ក្រោយពីសិក្សាថ្នាក់បរិញ្ញាបត្ររង រយៈពេល២ឆ្នាំ និស្សិតត្រូវបន្តទៅថ្នាក់ឧត្តមសិក្សា ដូចនិស្សិតដទៃទៀតដែរ។ បន្ទាប់ពីនោះ ពួកគាត់ក៏មានឱកាសទៅសិក្សានៅបរទេស ឮ បានដូចគ្នា។ តាមរយៈការប្រឡងនានា និងមានការទទួលស្គាល់ អំពីការសិក្សារបស់ ពួកគេ ស្របតាមគោលការណ៍របស់សាលាចង់បាន។ ចំពោះការប្រឡងយកអាហារូបករណ៍វិញ ក៏ពួកគាត់អាចប្រឡងបានដែរ ព្រោះមិនមែនមានតែសិស្សិថ្នាក់បរិញ្ញាបត្រទេ ដែលមានសិទ្ធិប្រឡងយកអាហារូបកណ៍នោះ។ សកលវិទ្យាល័យមួយចំនួន តែងតែផ្តល់ឱកាសដល់និស្សិតគ្រប់រូប ដែលមានបំណងប្រឡងយកអាហារូបករណ៍។ យ៉ាងណាមិញ ចំពោះនិស្សិតបរិញ្ញាបត្ររង បន្តចូលថ្នាក់បរិញ្ញាបត្រ ក៏ពួកគាត់មានសិទ្ធិប្រឡងយកអាហារូបករណ៍បានដូចគ្នា។ មានន័យថា បន្ទាប់ពីនិស្សិតសិក្សាចប់ថ្នាក់បញ្ញាបត្ររង ទើបអាចប្រឡងបាន។ 
 
កញ្ញា ហេង ស្រីលីន៖ តើសិស្សដែលធ្លាក់បាក់ឌុប ពួកគាត់អាចប្រឡងចូលក្របខណ្ឌរដ្ឋ បានឬទេ? ប្រសិនជាអាច តើពួកគាត់ត្រូវបំពេញលក្ខខណ្ឌអ្វីខ្លះ?
លោក ប៉ិច បូឡែន៖ ការប្រឡងចូលក្របខណ្ឌរដ្ឋ មិនសម្រាប់តែសិស្សជាប់បាក់ឌុបនោះទេ ប៉ុន្តែវាអាស្រ័យទៅលើជំនាញ ដែលពួកគេបានសិក្សានៅកម្រិតឧត្តមសិក្សា។ ចំពោះនិស្សិតដែលបន្តទៅថ្នាក់បរិញ្ញាបត្រ ហើយដែលមានបំណងប្រឡងចូលក្របខណ្ឌរដ្ឋ ពួកគេក៏មានសិទ្ធិ ទទួលបានឱកាសនេះដូចគ្នា។ បើទោះជាយ៉ាងក្តី ពួកគាត់ត្រូវបំពេញលក្ខខណ្ឌផ្សេងៗ នូវទម្រង់បែបបទមួយចំនួនផងដែរ។
 
កញ្ញា ហេង ស្រីលីន៖  ការសិក្សាថ្នាក់បរិញ្ញាបត្ររង និងរៀនទី១២ឡើងវិញ អាស្រ័យលើជម្រើស និងគោលដៅជីវិតរបស់សិស្ស ប៉ុន្តែក្រៅពីជម្រើសទាំង២ខាងលើ តើសិស្សមានជម្រើសសិក្សាជំនាញអ្វីខ្លះបានទៀត?
 
លោក ប៉ិច បូឡែន៖ បើនិយាយអំពីការងារ គឺនិយាយទៅលើបទពិសោធន៍។ បើទោះជាមានសញ្ញាបត្រ ប៉ុន្តែអ្នកបែរជាខ្វះបទពិសោធន៍ វាជាផលលំបាកមួយ ដើម្បីស្វែងរកអនាគតថ្មីរបស់អ្នក។ ចំណេះជាទ្រព្យជាប់ខ្លួន និងឱ្យជីវិតអ្នកល្អប្រសើរ។ មួយវិញទៀត អ្នកគួរសិក្សាពីខ្លួនឯងឱ្យច្បាស់ជាមុនសិន ថាចង់រៀនជំនាញអ្វី។ ទន្ទឹមនឹងនោះ ការសិក្សាភាសាបរទេស ការប្រើប្រាស់កុំព្យួរទ័រ ក៏ជាផ្នែកមួយដែលបានដើរតួយ៉ាងសំខាន់ ក្នុងវិស័យការងារ។ ចំពោះជំនាញសិក្សាដែលចាំបាច់ សម្រាប់ពួកគាត់ មានដូចជាជំនាញកសិកម្ម ទេសចរណ៍ គីមីចំណីអាហារ រួមទាំងជំនាញវិស្វកម្មមួយចំនួន ដែលទាក់ទងនឹងបច្ចេកទេស ប្រព័ន្ធអេឡិចត្រូនិកផ្សេងៗ សម្រាប់ឱ្យពួកគេអាចចាប់ផ្តើម អនាគតថ្មីបានផងដែរ។ ខ្ញុំលើកទឹកចិត្ត ទៅដល់សិស្សដែលមិនបានជាប់បាក់ឌុប កុំបាក់ទឹកចិត្ត និងខិតខំបន្ថែមទៀត បើទោះជាបន្តថ្នាក់បរិញ្ញាបត្រ ឬសិក្សាទី១២ម្តងទៀតយ៉ាងក្តី ត្រូវខិតខំសិក្សារៀនសូត្រ ចាប់យកជំនាញ ដែលខ្លួនស្រឡាញ់រៀងៗខ្លួន៕
 
 

Tag:
 ThmeyThmey
  សិស្សធ្លាក់បាក់ឌុប
  ប៉ិច បូឡែន
© រក្សាសិទ្ធិដោយ thmeythmey.com