អន្តរជាតិ
នាយករដ្ឋមន្រ្តីថៃ នឹងធ្វើទស្សនកិច្ចនៅអារ៉ាប៊ីសាអូឌីតលើកដំបូងក្នុងរយៈពេល៣០ឆ្នាំ
24, Jan 2022 , 9:59 pm        
រូបភាព
នាយករដ្ឋមន្រ្តីថៃ លោកប្រាយុទ្ធ ចន្ទអូចា។ រូបភាព៖ AFP
នាយករដ្ឋមន្រ្តីថៃ លោកប្រាយុទ្ធ ចន្ទអូចា។ រូបភាព៖ AFP
នាយករដ្ឋមន្រ្តី លោក ប្រាយុទ្ធ ចន្ទអូចា នឹងធ្វើទស្សនកិច្ចទៅអារ៉ាប៊ីសាអូឌីត ក្នុងសប្តាហ៍នេះ។ នេះជាទស្សនកិច្ចលើកដំបូងរបស់នាយករដ្ឋមន្រ្តីថៃទៅអារ៉ាប៊ីសាអូឌីត ក្នុងរយៈពេល៣០ឆ្នាំ បន្ទាប់ពីមានភាពតានតឹងការទូត ជុំវិញករណីលួចគ្រឿងអលង្ការតម្លៃជាច្រើនលានដុល្លារ។

 
លោក Kriangkrai Techamong អ្នកយាមទ្វារដើមកំណើតថៃមួយរូប បានលួចត្បូងតម្លៃ ២០លានដុល្លារពីវិមានរបស់ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ក្នុងឆ្នាំ១៩៨៩។ បញ្ហានេះ បាននាំឱ្យទំនាក់ទំនងថៃ និងអារ៉ាប៊ីសាអូឌីត ល្អក់កករយ៉ាងខ្លាំង ហើយត្រូវបានដាក់ឈ្មោះថា «ព្រឹត្តិការណ៍ត្បូងពណ៌ខៀវ (Blue Diamond Affair)» ទៀតផង។ មកទល់ពេលនេះ បញ្ហានោះ មិនទាន់ដោះស្រាយចប់នៅឡើយ ដោយត្បូងក្នុងតម្លៃជាច្រើនលានដុល្លារ នៅតែមិនទាន់រកឃើញ។ 
 
បើទោះបញ្ហាមិនទាន់ចប់ក៏ដោយ នាយករដ្ឋមន្រ្តី ប្រាយុទ្ធ ចន្ទអូចា នឹងធ្វើទស្សនកិច្ចនៅអារ៉ាប៊ីសាអូឌីតរយៈពេលពីរថ្ងៃ ដោយចាប់ផ្តើមពីថ្ងៃទី២៥ ខែមករា តាមការអញ្ជើញពីសំណាក់អារ៉ាប៊ីសាអូឌីត ដែលនឹងជួយស្តារទំនាក់ទំនងប្រទេសទាំងពីរជាថ្មី។ 
 
«នេះ គឺជាទស្សនកិច្ចលើកដំបូងរបស់ប្រមុខរដ្ឋាភិបាលរវាងប្រទេសទាំងពីរ ក្នុងរយៈពេល ៣០ឆ្នាំ»។ រដ្ឋាភិបាលថៃបានបញ្ជាក់បែបនេះ នៅក្នុងសេចក្តីថ្លែងការណ៍មួយ ដោយបន្តថា លោក ប្រាយុទ្ធ នឹងជួបជាមួយរជ្ជទាយាទអារ៉ាប៊ីសាអូឌីត Mohammed bin Salman ដើម្បីពង្រឹង និងលើកដំឡើងទំនាក់ទំនងទ្វេភាគី។ 
 
មិនតែប៉ុណ្ណោះ ទស្សនកិច្ចនេះ ធ្វើឡើងក្នុងគោលបំណងជំរុញវិស័យទេសចរណ៍ ខណៈពេលថៃ ខិតខំពង្រឹងវិស័យមួយនេះជាយូរមកហើយ។ 
 
ចាប់តាំងពីឆ្នាំ១៩៨៩ ទំនាក់ទំនងថៃ និងអារ៉ាប៊ីសាអូឌីត បានធ្លាក់ចុះយ៉ាងខ្លាំង បន្ទាប់ពីមានហេតុការណ៍លួចត្បូងនោះមក។ នៅក្នុងឆ្នាំ ១៩៩០ ក្រុងរីយ៉ាដ បានបញ្ជូនអ្នកជំនួញទៅស៊ើបអង្កេតត្បូងនៅទីក្រុងបាងកក ប៉ុន្តែត្រូវបាត់ខ្លួន ខណៈមន្រ្តីទូតអារ៉ាប៊ីសាអូឌីតចំនួន ៣នាក់ផ្សេងទៀត ត្រូវបានបាញ់សម្លាប់ ក្នុងក្រុងបាងកកដែរ។ 
 
កន្លងមក ប៉ូលិសថៃ បានបញ្ជូនត្បូងមួយចំនួន ទៅអារ៉ាប៊ីសាអូឌីតវិញ ប៉ុន្តែត្រូវបានមន្រ្តីប្រទេសមួយនេះ អះអាងថា ភាគច្រើននៃត្បូងទាំងនោះ គឺក្លែងក្លាយ ចំណែកត្បូងខៀវទំហំ ៥០ការ៉ាត់ នៅតែបន្តបាត់។ អាជ្ញាធរក្រុងរីយាដ បានចោទថា ត្បូង ដែលបានលួចនោះ ត្រូវបានមន្រ្តីជាន់ខ្ពស់ថៃទិញយក។ ឧបទ្ទវហេតុបាត់ត្បូង បានធ្វើឱ្យរដ្ឋាភិបាលក្រុងរីយាដ មិនបញ្ជូនអគ្គរាជទូតមកថៃជាច្រើនឆ្នាំ និងរឹតត្បិតការធ្វើដំណើរថែមទៀត។ 
 
នៅក្នុងឆ្នាំ ២០១៤ ការចោទប្រកាន់បុរស៥នាក់ រួមទាំង មន្រ្តីប៉ូលិសជាន់ខ្ពស់ថៃ ទាក់ទិននឹងការសម្លាប់អ្នកជំនួញអារ៉ាប៊ីសាអូឌីត ត្រូវបានទម្លាក់ចោល ដោយសារខ្វះព័ស្តុតាង។ ចំណែក លោក Kriangkrai ដែលជាអ្នកលួចត្បូងតម្លៃ ២០លានដុល្លារនោះ បានជាប់ពន្ធនាគាររយៈពេល៥ឆ្នាំ ប៉ុន្តែត្បូងភាគច្រើន ត្រូវបានលក់ មុនលោកត្រូវបានចាប់ខ្លួន ហើយនៅក្នុងឆ្នាំ២០១៦ លោកបានបួស៕
 

Tag:
 ថៃ
  អារ៉ាប៊ីសាអូឌីត
© រក្សាសិទ្ធិដោយ thmeythmey.com