COVID-19
អន្តរជាតិ
ចិន លើកចោលវិធានបិទខ្ទប់ក្រុងស៊ីអាន
24, Jan 2022 , 5:29 pm        
រូបភាព
អាជ្ញាធរក្រុងស៊ីអាន នៅថ្ងៃទី២៤ ខែមករា បានប្រកាសលើកចោលវិធានបិទខ្ទប់ក្រុងរយៈពេលជាង១ខែ បន្ទាប់ពីករណីឆ្លងជំងឺកូវីដ-១៩​ ធ្លាក់ចុះ។ ស្របគ្នានេះ អាជ្ញាធរក្រុងប៉េកាំងឯណោះវិញ បានចាប់ផ្តើមធ្វើតេស្តប្រជាជនចំនួន២លាននាក់ក្រោយរកឃើញករណីឆ្លងថ្មី ខណៈព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងា នឹងមកដល់នៅប្រមាណពីរសប្តាហ៍ខាងមុខប៉ុណ្ណោះ។

 
ចាប់តាំងពីថ្ងៃទី២២ ខែធ្នូមក ក្រុងស៊ីអាន ត្រូវបានដាក់ក្នុងវិធានបិទខ្ទប់យ៉ាងតឹងរ៉ឹង ដោយប្រជាជនជាច្រើនពាន់នាក់ ប្រឈមបញ្ហាខ្វះស្បៀងអាហារ។ យ៉ាងណាមិញ អាជ្ញាធរក្រុង នៅចុងសប្តាហ៍មុន បានចាប់ផ្តើមបន្ធូរបន្ថយវិធានរឹតត្បិត ដូចជាបើកជើងហោះហើរឡើងវិញ និងអនុញ្ញាតឱ្យប្រជាជនចាកចេញពីក្រុង ប្រសិនបើមានប័ណ្ណសុខភាព ស្របពេលករណីឆ្លងជំងឺកូវីដ-១៩ ធ្លាក់ចុះ។ 
 
ក្នុងការប្រកាសលើកចោលវិធានបិទខ្ទប់នៅថ្ងៃទី២៤ ខែមករា មធ្យោបាយដឹកជញ្ជូនសាធារណៈ និងសកម្មភាពសេដ្ឋកិច្ច បានចាប់ផ្តើមពេញលេញ។ យ៉ាងណាមិញ ខណ្ឌមួយតែប៉ុណ្ណោះក្នុងក្រុងស៊ីអាន នៅតែបន្តអនុវត្តវិធានបិទខ្ទប់ និងត្រូវលើកចោលវិធានបិទខ្ទប់នៅពេលក្រោយ។ បើទោះប្រកាសលើកចោលវិធានបិទខ្ទប់ក៏ដោយ អ្នកដំណើរចូលមកក្នុងក្រុង ចាំបាច់ត្រូវមានលទ្ធផលអវិជ្ជមាន ខណៈអ្នកដំណើរមកពីតំបន់ផ្ទុះជំងឺកូវីដ-១៩ ត្រូវបានហាមឃាត់។ 
 
ចំណែកនៅទីក្រុងប៉េកាំងឯណោះវិញ អាជ្ញាធរ បានចាប់ផ្តើមធ្វើតេស្តប្រជាជនក្នុងខណ្ឌ Fengtai ចំនួន២លាននាក់ បន្ទាប់ពីរកឃើញជាង៤០ករណី ចាប់តាំងពីពាក់កណ្តាលខែមករា។ មិនតែប៉ុណ្ណោះ អាជ្ញាធរ ក៏បានប្រាប់ឱ្យប្រជាជននៅតំបន់មានហានិភ័យខ្ពស់ កុំចាកចេញពីក្រុងផងដែរ ដើម្បីទប់ស្កាត់ករណីឆ្លងទៅតំបន់ផ្សេងទៀត។ 
 
លើសពីនេះ គណៈកម្មការសុខភាពក្រុងប៉េកាំង នៅថ្ងៃទី២៣ ខែមករា បានប្រកាសថា ប្រជាជន ដែលទិញថ្នាំក្តៅខ្លួន ក្អក និងជំងឺឆ្លងផ្សេងទៀត ក្នុងរយៈពេល ១សប្តាហ៍ ឬ២សប្តាហ៍ តម្រូវឱ្យធ្វើតេស្តរកជំងឺកូវីដ-១៩ ក្នុងរយៈពេល៧២ម៉ោង។ ចំណាត់ការរបស់ក្រុងប៉េកាំងនេះ ធ្វើឡើងមុនប្រមាណ ២សប្តាហ៍ប៉ុណ្ណោះ សម្រាប់ការរៀបចំព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងា។ 
 
សូមបញ្ជាក់ថា ចិន នៅថ្ងៃទី២៤ ខែមករា បានរាយការណ៍ករណីឆ្លងជំងឺកូវីដ-១៩ ក្នុងស្រុកចំនួន១៨ករណី ដោយ៦ករណី ត្រូវបានរកឃើញនៅក្នុងទីក្រុងប៉េកាំង។ ករណីឆ្លងជំងឺកូវីដ-១៩ សរុបមានចំនួន ១០៥៦៦០ករណី និងអ្នកស្លាប់មានចំនួន ៤៦៣៦នាក់។ ទន្ទឹមនេះ ចិនបានផ្តល់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ចំនួន ២,៩៦ពាន់លានដូសដល់ប្រជាជនខ្លួន ដោយប្រជាជនចំនួន ១,២២ពាន់លាននាក់ បានទទួលវ៉ាក់សាំងពេញលេញ៕ 
 

Tag:
 ចិន
  កូវីដ-១៩
© រក្សាសិទ្ធិដោយ thmeythmey.com