ជាតិ
សង្គមជាតិ
ទីប្រឹក្សានាយករដ្ឋមន្រ្តី សុំឲ្យស៊ើបលើអភិបាល និងមន្រ្តីស្រុកអូររាំង ពីការយកដីជនជាតិដើមភាគតិច ទៅលក់ឲ្យអ្នកមានលុយ
24, Jan 2022 , 7:58 pm        
រូបភាព
សម្តេច ស ខេង ដឹកនាំកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីកម្ពុជា ឡាវ វៀតណាម កាលពីថ្ងៃទី៥ ខែមករា ឆ្នាំ២០២២។ កិច្ចប្រជុំនេះ ចូលរួមដោយរដ្ឋមន្រ្តីក្រសួងមហាផ្ទៃកម្ពុជា រដ្ឋមន្រ្តីក្រសួងសន្តិសុខសាធារណៈឡាវ និង រដ្ឋមន្រ្តីនគរបាលវៀតណាម។
សម្តេច ស ខេង ដឹកនាំកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីកម្ពុជា ឡាវ វៀតណាម កាលពីថ្ងៃទី៥ ខែមករា ឆ្នាំ២០២២។ កិច្ចប្រជុំនេះ ចូលរួមដោយរដ្ឋមន្រ្តីក្រសួងមហាផ្ទៃកម្ពុជា រដ្ឋមន្រ្តីក្រសួងសន្តិសុខសាធារណៈឡាវ និង រដ្ឋមន្រ្តីនគរបាលវៀតណាម។
លោក ប៉ែន អ៊ាន ទីប្រឹក្សាផ្ទាល់មួយរូបរបស់សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានជម្រាបសម្តេច ស ខេង ឧបនាយករដ្ឋមន្រ្តី-រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ថា លោក សៀក មុន្នី អភិបាលស្រុកអូររាំង រួមទាំងមន្រ្តីមួយចំនួនទៀត ក្នុងស្រុកអូររាំង ខេត្តមណ្ឌលគិរី តែងប្រើអំណាចគំរាមកំហែងប្រជាពលរដ្ឋជនជាតិដើមភាគតិច ។ លោក ជម្រាបសម្តេចរដ្ឋមន្រ្តីមហាផ្ទៃទៀតថា ពួកគេ ថែមទាំងគប់គិតគ្នាធ្វើឯកសារយកដីរដ្ឋ និងដីរបស់ប្រជាពលរដ្ឋជនជាតិដើមភាគតិច ទៅលក់ឲ្យឈ្មួញ។ 



លោក ប៉ែន អ៊ាន បានរាយការណ៍ពីទង្វើរបស់អភិបាលស្រុកអូររាំង និងមន្រ្តីមួយចំនួនក្នុងស្រុកអូររាំង ជូនទៅសម្តេច ស ខេង តាមរយៈលិខិតរបស់លោក ដែលធ្វើឡើងតាំងថ្ងៃទី១១ ខែមករា ឆ្នាំ២០២២។ លិខិតរបស់លោក ទើបនឹងត្រូវបានផ្សព្វផ្សាយលើបណ្តាញសង្គម និងបណ្តាញសារព័ត៌មាន នៅចុងខែមករា ឆ្នាំ២០២២។   
 
ក្នុងលិខិតនោះ លោក ចាត់ទុកទង្វើរបស់អភិបាលស្រុកអូររាំង និងមន្រ្តីមួយចំនួនក្នុងស្រុកអូររាំង ថា «មិនមែនការពារប្រយោជន៍ស្របច្បាប់របស់ប្រជាពលរដ្ឋតូចតាចឡើយ តែផ្ទុយទៅវិញ គឺការពារអ្នកមានលុយមានអំណាច»។ លោក បានធ្វើលិខិតជូនទៅរដ្ឋមន្រ្តីមហាផ្ទៃ ដោយយោងលើពាក្យសុំអន្តរាគមន៍ពីប្រជាពលរដ្ឋជនជាតិដើមភាគតិច នៅភូមិពូទ្រូ ឃុំសែនមនោរម្យ ស្រុកអូររាំង ដែលធ្វើឡើងកាលពីចុងខែធ្នូ ឆ្នាំ២០២១។ 
 
លោក អះអាងទៅកាន់រដ្ឋមន្រ្តីមហាផ្ទៃថា ក្រោយទទួលបានពាក្យសុំអន្តរាគមន៍ពីប្រជាពលរដ្ឋជនជាតិដើមភាគតិច លោក បានចុះទៅពិនិត្យផ្ទាល់ដល់ស្រុកអូររាំង ហើយលោក ថែមទាំងបានចាត់ក្រុមមេធាវី ឲ្យចុះទៅស្រាវជ្រាវបន្ថែមផងដែរ ហើយក៏រកឃើញថា ដីធ្លីដែលប្រជាពលរដ្ឋជនជាតិដើមភាគតិច អាស្រ័យផលយូរមកហើយនោះ ពិតជារងការរំលោភបំពានយកមែន ដោយអ្នក ដែលបំពានយក បានប្រើលេសថា ដីធ្លីរបស់ប្រជាពលរដ្ឋជនជាតិដើមភាគតិច គឺជាដីរដ្ឋ។ លោក បរិយាយបន្តថា ក្រោយមក ដីនោះ ក៏ក្លាយជាដីរបស់អ្នកមានលុយមានអំណាច ដោយមានឯកសារកាន់កាប់ផងដែរ រីឯប្រជាពលរដ្ឋជនជាតិដើមភាគតិច ដែលមានឯកសារកាន់កាប់ដីរបស់ខ្លួន បែរជាត្រូវអាជ្ញាធរខាងកសិកម្ម ខាងរដ្ឋបាលព្រៃឈើ និងខាងស្រុក ចោទថាខុសច្បាប់ទៅវិញ។ 
 
ក្រោយរៀបរាប់ពិស្តារពីទង្វើរបស់អាជ្ញាធរក្នុងស្រុកអូររាំង និងអាជ្ញាធរពាក់ព័ន្ធដូចខាងលើរួចហើយ ទីប្រឹក្សារបស់នាយករដ្ឋមន្រ្តី បានវាយតម្លៃជូនរដ្ឋមន្រ្តីមហាផ្ទៃដូច្នេះថា៖«ច្បាស់ណាស់ អាជ្ញាធរគ្រប់គ្រង ដឹងឮថា ដីណាស្របច្បាប់ ដីណាជាដីរដ្ឋ តែបើប៉ះពាល់ផលប្រយោជន៍ពួកគេ ក៏ក្លាយជារឿងរ៉ាវ ហើយអ្នករងគ្រោះ គឺប្រជាពលរដ្ឋតូចតាច ទន់ខ្សោយ ដែលគ្មានបក្សពួក»។ 
 
លោកទីប្រឹក្សារបស់ប្រមុខរដ្ឋាភិបាល បានស្នើដល់សម្តេចរដ្ឋមន្រ្តីមហាផ្ទៃ ដែលមានសិទ្ធិអំណាចក្នុងការត្រួតពិនិត្យមើលមន្រ្តីថ្នាក់ក្រោមជាតិចាប់ពីថ្នាក់រាជធានី-ខេត្តចុះទៅ ឲ្យជួយពិនិត្យ ស្រាវជ្រាវលើករណីរបស់អភិបាលស្រុកអូររាំង និងមន្រ្តីមួយចំនួនក្នុងស្រុកអូររាំង ដើម្បីផ្តល់យុត្តិធម៌ជូនគ្រប់ភាគី គឺទាំងភាគីប្រជាពលរដ្ឋ ទាំងភាគីអាជ្ញាធរ។ បន្ថែមពីនេះ លោក បានស្នើឲ្យមានការពិន័យលើមន្រ្តី ដែលប្រព្រឹត្តខុស ដើម្បីការពារការដឹកនាំត្រឹមត្រូវរបស់រដ្ឋាភិបាល៕ 
 
 

Tag:
 បញ្ហាដីធ្លី
  ជនជាតិដើមភាគតិច
  ប៉ែន អ៊ាន
© រក្សាសិទ្ធិដោយ thmeythmey.com