អន្តរជាតិ
ប្រធានាធិបតីបួគីណាហ្វាសូ ត្រូវចាប់ខ្លួនដោយយោធាមិនស្តាប់បង្គាប់
24, Jan 2022 , 8:19 pm        
រូបភាព
លោក Roch Marc Christian Kabore ប្រធានាធិបតីបួគីណាហ្វាសូ។ រូបភាព៖ AFP
លោក Roch Marc Christian Kabore ប្រធានាធិបតីបួគីណាហ្វាសូ។ រូបភាព៖ AFP
ប្រធានាធិបតីបួគីណាហ្វាសូ លោក Roch Marc Christian Kabore ត្រូវបានឃុំខ្លួនដោយយោធាមិនស្តាប់បង្គាប់ និងឃុំខ្លួនក្នុងបន្ទាយមួយកន្លែងក្នុងរដ្ឋធានីអៅហ្កាឌូហ្គូ។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃទី២៤ ខែមករា។

 
«លោកប្រធានាធិបតី...កំពុងស្ថិតក្នុងដៃយោធានៅបន្ទាយ Sangoule Lamizana ក្នុងទីក្រុងអៅហ្កាឌូហ្គូ»។ ប្រភពសន្តិសុខពីររូប ដែលសុំមិនបញ្ចេញឈ្មោះបានបញ្ជាក់បែបនេះ។ យ៉ាងណាមិញ នៅថ្ងៃទី២៣ ខែមករា រដ្ឋាភិបាលបានបដិសេធព័ត៌មានចាប់ខ្លួនលោកប្រធានាធិបតី។ 
 
ហេតុការណ៍នេះ កើតឡើងបន្ទាប់ពីយោធាមួយចំនួន បានទាមទារឱ្យបណ្តេញនាយសេនាធិការយោធាបួគីណាហ្វាសូ ចេញពីតំណែង រួមទាំងប្រមុខទីភ្នាក់ងារចារកិច្ច និងទាមទារធនធានបន្ថែមទៀត ដើម្បីប្រយុទ្ធជាមួយក្រុងឥស្លាមជ្រុលនិយម។ នៅយប់ថ្ងៃទី២៣ ខែមករា ការផ្ទុះអាវុធបានកើតឡើងនៅក្បែរវិមានប្រធានាធិបតី និងបន្ទាយយោធា ក្នុងរដ្ឋធានី។ នៅព្រឹកថ្ងៃទី២៤ ខែមករា រថយន្តពាសដែករបស់ប្រធានាធិបតី ដែលមានស្នាមគ្រាប់កាំភ្លើង ត្រូវបានទុកចោលនៅលើដងវិថីក្បែរវិមានប្រធានាធិបតី។ 
 
គួររំលឹកថា ការមិនពេញចិត្តលើរដ្ឋាភិបាលបួគីណាហ្វាសូ បានកើតឡើងចាប់តាំងពីឆ្នាំ ២០១៥ មកម្លេះ នៅពេលរដ្ឋាភិបាលបរាជ័យ ក្នុងការលុបបំបាត់ក្រុមឥស្លាមជ្រុលនិយមនៅក្នុងប្រទេស។ បញ្ហា កាន់តែក្តៅបន្ថែមនៅ បន្ទាប់ពីប្រជាជនប្រមាណ ៥៣នាក់ សង្ស័យថា ត្រូវបានសម្លាប់ដោយក្រុមជីហាត៕ 
 

Tag:
 បួគីណាហ្វាសូ
© រក្សាសិទ្ធិដោយ thmeythmey.com