ជាតិ
​​​ន​យោ​បាយ​ជាតិ​
សម្ដេច ស ខេង ប្រាប់ឱ្យរដ្ឋមន្រ្តីម្នាក់ ពិនិត្យមើលករណីបន្លំនាំចូលសារធាតុញៀនមកផលិតនៅកម្ពុជា
25, Jan 2022 , 12:24 pm        
រូបភាព
ពីពិធីប្រគល់រថយន្តដល់មន្ត្រីនគរបាលព្រំដែន នៅថ្ងៃព្រឹកថ្ងៃទី២៥ មករា សម្ដេច ស ខេង បានប្រាប់ដោយប្រយោលទៅរដ្ឋមន្ត្រីក្រសួងម្នាក់ ឱ្យយកចិត្តទុកដាក់ពិនិត្យមើលករណីជនខិលខូចបន្លំនាំចូលសារធាតុញៀន មកចម្រាញ់ និងផលិតគ្រឿងញៀននៅកម្ពុជា។ សម្ដេច ស ខេង ថ្លែងបែបនេះ ក្រោយមានការបង្ក្រាបបានករណីផលិតគ្រឿងញៀនយ៉ាងធំមួយ នៅក្នុងខេត្តកំពង់ស្ពឺ កាលពីចុងឆ្នាំ ២០២១។



សម្ដេច ស ខេង មិនបាននិយាយចំឈ្មោះរដ្ឋមន្រ្តីក្រសួង ដែលធ្វេសប្រហែសក្នុងការអនុញ្ញាតឱ្យមានការនាំចូលសារធាតុផ្សំ ដែលអាចផលិតទៅជាគ្រឿងញៀននោះទេ។ ប៉ុន្តែរដ្ឋមន្រ្តីក្រសួងមហាផ្ទៃរូបនេះ បាននិយាយដោយប្រយោលថា កន្លងមកមានរដ្ឋមន្រ្តី ក៏ដូចជាមន្ត្រីស្ថាប័នពាក់ព័ន្ធ បានចុះហត្ថលេខាលើលិខិតអនុញ្ញាតឱ្យឈ្មួញខិលខូច នាំចូលសារធាតុគីមី ដែលអាចចម្រាញ់ និងផលិតទៅជាគ្រឿងញៀនបាន។
 


ថ្លែងក្នុងពិធីប្រគល់រថយន្តជូនវរសេនាតូចនគរបាលការពារព្រំដែនប្រចាំទិសភូមិភាគទី១ ភូមិភាគទី២ និងភូមិភាគទី៣ នៅអគ្គស្នងការដ្ឋាននគរបាលជាតិ នាព្រឹកថ្ងៃទី២៥ មករានេះ សម្ដេច ស ខេង បានសង្កត់ធ្ងន់ថា៖«អ៊ីចឹងហើយ សុំឱ្យក្រសួងដែលជាក្រសួងអាជ្ញាបណ្ណ, ខ្ញុំនិយាយប៉ុណ្ណឹង ដោយខ្ញុំមិនបាច់និយាយឈ្មោះទេ ដឹងហើយក្រសួងអាជ្ញាបណ្ណ ។ សូមឯកឧត្តមរដ្ឋមន្ត្រី មើលរឿងហ្នឹង បើមិនអ៊ីចឹងទេ ឯកឧត្តមនឹងជាប់ជំពាក់ទទួលខុសត្រូវ ចំពោះសង្គមកម្ពុជា ទាក់ទងនឹងការបំផ្លាញសុខភាពសាធារណៈ។ ហើយអាជ្ញាធរគ្រឿងញៀន ក៏ដូចគ្នាដែរ ត្រូវតែមើលរឿងហ្នឹងឱ្យបានច្បាស់លាស់»។
 
ប្រមុខក្រសួងមហាផ្ទៃ ណែនាំឱ្យអាជ្ញាធរប្រយុទ្ធប្រឆាំងគ្រឿងញៀន និងក្រសួងពាក់ព័ន្ធ សហការគ្នា ក្នុងការទប់ស្កាត់ករណីនាំចូលសារធាតុគីមីផ្សេងៗចូលមកកម្ពុជា។«អ៊ីចឹងអាជ្ញាធរគ្រឿងញៀន ត្រូវមានភារកិច្ចថា អាសារធាតុស្អីខ្លះ ដែលគេអាចយកមកផ្សំធ្វើជាគ្រឿងញៀនបាន ត្រូវតែឱ្យបញ្ជី(ឈ្មោះសារធាតុញៀន) ហ្នឹងទៅក្រសួងបានដឹង ។ រួចហើយក្រសួងហ្នឹង ពេលដែលចេញអាជ្ញាបណ្ណ(ឱ្យអ្នកវិនិយោគ)ហើយត្រូវតែឱ្យអាជ្ញាធរគ្រឿងញៀនបានដឹង អគ្គស្នងការនគរបាល ក្រសួងមហាផ្ទៃ ត្រូវដឹងថា ខ្ញុំអនុញ្ញាតឱ្យអញ្ចេះ សូមជួយតាមដានមើល តើចរាចរ(អាជីវកម្ម)វាទៅដល់ណា វាយក(អាជ្ញាបណ្ណ)ទៅធ្វើអី»។ នេះបើតាមសម្ដេច ស ខេង ដែលបានបន្ថែមថា មានជនល្មើសខ្លះ បានស្នើសុំអាជ្ញាបណ្ណនាំចូលជីគីមីទេ ប៉ុន្តែបែរជានាំចូលសារធាតុផលិតគ្រឿងញៀនទៅវិញ។
 
កាលពីអំឡុងចុងឆ្នាំ ២០២១ សមត្ថកិច្ចបានបង្ក្រាប់បទល្មើសគ្រឿងញៀនជាបន្តបន្ទាប់ ដែលសុទ្ធតែបទល្មើសទ្រង់ទ្រាយធំ។ ក្នុងនោះចាប់ខ្លួនបុរសជនជាតិវៀតណាមម្នាក់ នាថ្ងៃទី៣០ ខែធ្នូ ដោយបានដកហូតគ្រឿងញៀន១៨១គីឡូក្រាម និង៣៧០ក្រាម។ បង្ក្រាបបានក្រុមជនល្មើសជនជាតិចិន ៩នាក់ ក្នុងរាជធានីភ្នំពេញ និងរឹបអូសគ្រឿងញៀន៣៤៧គីឡូក្រាម នាថ្ងៃទី២៤ ធ្នូ ។ បង្ក្រាបជនជាតិចិនជាង១០នាក់ ដែលលួចផលិតគ្រឿងញៀនក្នុងរោងចក្រ នៅខេត្តកំពង់ស្ពឺ នៅថ្ងៃទី១២ ធ្នូ ។ ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ច រកឃើញគ្រឿងញៀនដល់ទៅជាង២តោន (២២៣៧គីឡូក្រាម) និងសារធាតុគីមីផ្សំសម្រាប់ផលិតគ្រឿងញៀនដល់ទៅជាង៨៤តោន។
 
នៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំដដែល សមត្ថកិច្ចកម្ពុជា ចាប់បានគ្រឿងញៀន១៦៦គីឡូក្រាម នៅម្តុំកោះល្ង ខេត្តស្ទឹងត្រែង។ ជនល្មើស លួចដឹកគ្រឿងញៀនទាំង១៦៦គីឡូក្រាមនេះ ដោយទូកម៉ាស៊ីន ពីប្រទេសឡាវ ចូលមកកម្ពុជាតាមដងទន្លេមេគង្គ។ ករណីនេះ ជនល្មើស រត់រួច។ ជាមួយគ្នានោះ សមត្ថកិច្ច ចាប់បុរសសញ្ជាតិកាណាដាម្នាក់ ក្នុងរាជធានីភ្នំពេញ និងរឹបអូសគ្រឿងញៀន១៦៧គីឡូក្រាម នៅថ្ងៃទី១០ ខែវិច្ឆិកាផងដែរ។
 
ពេញមួយឆ្នាំ២០២១ សមត្ថកិច្ច រឹបអូសគ្រឿងញៀន-សារធាតុញៀនសរុបជាង ៨០តោន និងចាប់ជនសង្ស័យជាង ១ម៉ឺននាក់ (១៣៧៦៥នាក់) ដោយក្នុងនោះ មានជនបរទេសជាង ៣៦២នាក់៕
 
 

Tag:
 ស ខេង
  គ្រឿងញៀន
© រក្សាសិទ្ធិដោយ thmeythmey.com