ជាតិ
«ពន្លាជាតិកម្ពុជា» ដែលបង្ហាញក្នុងពិព័រណ៍ពិភពលោកនៅឌូបៃ ទាញភ្ញៀវទស្សនាជាង១៧មុឺននាក់
26, Jan 2022 , 8:59 am        
រូបភាព
ភ្នំពេញ៖ «ពន្លាជាតិកម្ពុជា» ដែលដាក់បង្ហាញក្នុងពិព័រណ៍ពិភពលោកនៅឌូបៃ ទទួលបានភ្ញៀវទស្សនាជាង១៧មុឺននាក់ ចាប់តាំងពីខែតុលា ២០២១ ដល់ថ្ងៃទី២៣ មករា ២០២២។ មិនតែប៉ុណ្ណោះ «ពន្លាជាតិកម្ពុជា» ត្រូវបានជ្រើសរើសចូលក្នុងបញ្ជីប្រទេសចំនួន៣០ ក្នុងចំណោម១៩០ប្រទេស ដែលមានពន្លាជាតិស្អាតជាងគេ និងមានលក្ខណៈពិសេស ស្របតាមប្រធានបទនៃពិព័រណ៍។

 
«ពន្លាជាតិកម្ពុជា» បានសាងសង់យ៉ាងល្អប្រណិតតាមរចនាបថខ្មែរ ដោយច្របាច់បញ្ចូលគ្នានូវសម័យកាលប្រវត្តិសាស្រ្តសំខាន់ៗ ចំនួនបួន គឺសម័យមុនអង្គរ សម័យអង្គរ សម័យលង្វែក ឬសម័យឧត្តុង្គ និងសម័យចតុមុខ ឬសម័យភ្នំពេញបច្ចុប្បន្ន ។ ចំណុចដែលធ្វើឱ្យអ្នកទស្សនាចាប់អារម្មណ៍ គឺដោយសារកម្ពុជាបាននាំយករូបសំណាកចម្លងមួយចំនួន ដូចជា ចម្លាក់តោ ឆ្មាំអង្គរ ព្រះវិស្ណុ ព្រះសិវៈ ព្រះបាទជ័យវរ័្មនទី៧ ព្រហ្មបាយ័ន ជាពិសេស ម៉ាកែតអង្គរវត្តធ្វើពីស្ពាន់ ទៅរៀបចំតុបតែងក្នុងពន្លាជាតិជូនភ្ញៀវទស្សនា។ 
 

រូបភាពក្រសួងពាណិជ្ជកម្ម 

លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានបញ្ជាក់ដូច្នេះថា៖« ចំណុចពិសេសទាំងនេះ ទើបធ្វើឱ្យ «ពន្លាជាតិកម្ពុជា» ត្រូវបានគណៈកម្មការជ្រើសរើសចូលក្នុងបញ្ជីប្រទេសចំនួន៣០ ក្នុងចំណោម១៩០ប្រទេស ដែលបានរៀបចំពន្លាជាតិស្អាតជាងគេ និងមានលក្ខណៈពិសេសស្របតាមប្រធានបទនៃពិព័រណ៍ សម្រាប់បើកទទួលភ្ញៀវសាកល្បង មុនពេលពិព័រណ៍ពិភពលោក បើកសម្ពោធជាផ្លូវការមួយថ្ងៃ»។
 
លោក រដ្ឋមន្រ្តីពន្យល់ថា អត្ថន័យសំខាន់នៃការសាងសង់ពន្លាជាតិកម្ពុជានេះ គឺចង់បង្ហាញថា កម្ពុជា ជាដែនដីសុវណ្ណភូមិដ៏ចំណាស់មួយ នៅក្នុងតំបន់ឤស៊ីឤគ្នេយ៍ និងធ្លាប់មានកេរ្តិ៍ឈ្មោះល្បីល្បាញ ក្នុងប្រវត្តិសាស្ត្រតាំងពីបុរាណរហូតមកដល់បច្ចុប្បន្ន។ កម្ពុជាធ្លាប់មានវប្បធម៌ និងអរិយធម៌រុងរឿងយូរលង់មកហើយ តាមរយៈភាពល្បីល្បាញនៃប្រាង្គប្រាសាទបុរាណដ៏អស្ចារ្យជាច្រើន ជាពិសេសប្រាសាទអង្គរវត្ត។ ដូច្នេះ លោករំពឹងទុកថា ការចូលរួមពិព័រណ៍ពិភពលោកនៅឌូបៃនេះ នឹងធ្វើឱ្យគេស្គាល់ និងចាប់អារម្មណ៍លើកម្ពុជា កាន់តែច្រើនថែមទៀត។ 
 
ចាប់តាំងពីពេលបើកដំណើរការ ពីថ្ងៃទី១ ខែតុលា ឆ្នាំ២០២១ ដល់ថ្ងៃទី២៣ ខែមករា ឆ្នាំ២០២២ ពន្លាជាតិកម្ពុជា ទទួលភ្ញៀវចូលទស្សនាចំនួន ១៧៤០១៨នាក់ ។ 


 រូបភាពក្រសួងពាណិជ្ជកម្ម 

គួរបញ្ជាក់ថា ពិព័រណ៍ពិភពលោក២០២០ ឌូបៃ គឺជាព្រឹត្តិការណ៍កម្រិតពិភពលោកលើកដំបូង ដែលរៀបចំឡើងនៅតំបន់មជ្ឈឹមបូព៌ា មានរយៈពេល ៦ខែ ចាប់ពីថ្ងៃទី១ ខែតុលា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២ ។ ប្រធានបទនៃពិព័រណ៍នេះ គឺការតភ្ជាប់គំនិតដើម្បីស្ថាបនាអនាគត (Connecting Minds, Creating the Future) និងមានប្រធានបទរងចំនួន ៣ រួមមានកាលានុវត្តភាព វឌ្ឍនភាព និងនិរន្តរភាព៕ 
 

 រូបភាពក្រសួងពាណិជ្ជកម្ម 
 

Tag:
 ពន្លាជាតិកម្ពុជា
  ពិព័រណ៍ពិភពលោកនៅឌូបៃ
© រក្សាសិទ្ធិដោយ thmeythmey.com