ជាតិ
បណ្តឹងដីធ្លីនៅ​ឆ្នាំ២០២១មានជិត​៤០០ករណី ដោយដោះស្រាយ​រួចជាង២០០ករណី​
26, Jan 2022 , 8:59 pm        
រូបភាព
លោក ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងដែនដី នគរូបនីយកម្ម និងសំណង់
លោក ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងដែនដី នគរូបនីយកម្ម និងសំណង់
ដោយ: រួបរួម
របាយការណ៍​ប្រចាំឆ្នាំរបស់​ក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ បង្ហាញថា កាលពីឆ្នាំ២០២១ យន្តការដោះស្រាយ​វិវាទដីធ្លី ទទួលបាន​ពាក្យ​បណ្តឹងសរុប​៣៩២ករណី ដោយ​ដោះស្រាយ​បញ្ចប់នីតិវិធី​ចំនួន​២០២ករណី។

 
យន្តការ​ដោះស្រាយ​វិវាទ​ដីធ្លីនៅកម្ពុជា មាន​៣ រួមមានយន្តការគណៈកម្មការសុរិយោដីក្រុង ស្រុក ខណ្ឌ, ការដោះស្រាយ​ដោយ​ក្រុម​ការងារក្រសួង​ដែនដី នគរូបនីយកម្ម និងសំណង់ និង​ការ​ដោះស្រាយ​របស់អាជ្ញាធរ​ជាតិ​ដោះស្រាយ​ទំនាស់​ដីធ្លី។
 
របាយការណ៍​កាលពីឆ្នាំ២០២១ បាន​បង្ហាញថា ក្នុងចំណោម​បណ្តឹង​៣៩២ករណី គណៈកម្មការសុរិយោដី​ទទួលបាន​១៦៥ករណី ដោយ​ដោះស្រាយ​បញ្ចប់នីតិវិធីចំនួន​១៣៩ករណី (បញ្ចប់​ស្ថាពរ​៥៧ករណី, ច្រាន​ចោល​បណ្តឹង​៥៤ករណី និងភាគីសុំដកពាក្យបណ្តឹង​២៨ករណី)។
 
ពីឆ្នាំ២០០៤ ដល់​ខែធ្នូ ឆ្នាំ២០២១ គណៈកម្មការសុរិយោដី បាន​បញ្ចប់​វិវាទពាក់ព័ន្ធនឹង​ ២៣ ២៩៧គ្រួសារ ស្មើនឹងផ្ទៃដីទំហំជិត​៦៦០០ហិកតា។
 
រីឯការដោះស្រាយ​វិវាទដីធ្លី​ដោយក្រុមការងារក្រសួង​ដែនដីវិញ មាន​បណ្តឹង​៥៥ករណី ក្នុងចំណោម២១១ករណី ត្រូវបានដោះស្រាយ។ ជាមួយគ្នានេះ បណ្តឹងចប់ជាស្ថាពរ មាន​៤២ករណី ការធ្វើ​លិខិតឆ្លើយតបទៅម្ចាស់បណ្តឹង និង​បង្វែរទៅសមត្ថកិច្ចពាក់ព័ន្ធ​ចំនួន​១៣ករណី។
 
ពី​ឆ្នាំ២០១៦ ដល់ឆ្នាំ២០២១ ក្រសួង​ទទួលបាន​ករណី​វិវាទជិត២៩០០ករណី ដោយដោះស្រាយ​បាន​៦០០ករណី (បញ្ចប់ស្ថាពរ​ជាង​៣០០ករណី,  ការធ្វើ​លិខិតឆ្លើយតបទៅម្ចាស់បណ្តឹង និង​បង្វែរទៅសមត្ថកិច្ចពាក់ព័ន្ធ​ចំនួនជិត៣០០ករណី) និងកំពុង​ដោះស្រាយ​ជិត២៣០០ករណី។
 
ងាក​ទៅអាជ្ញាធរ​ជាតិ​ដោះស្រាយ​ទំនាស់ដីធ្លីវិញ បណ្តឹងដែលទទួលបាន​មាន​១៦ករណី ដោយដោះស្រាយ​បញ្ចប់ចំនួន​៧ករណី និង​បង្វែរទៅសាមីសំណើ​១ករណី។
 
បើគិត​ចាប់តាំងពីផ្តើមអនុវត្តមក អាជ្ញាធរ​ជាតិ​ដោះស្រាយ​ទំនាស់ដីធ្លី ទទួលបាន​បណ្តឹង​ជិត២០០០ករណី ដោយ​ដោះស្រាយបានជាង​១៨០០ករណី និង​កំពុងដោះស្រាយ​ជាង​១៥០ករណី។
 
លទ្ធផលជារួមបង្ហាញថា យន្តការដោះស្រាយ​វិវាទដីធ្លី ទទួលបានបណ្តឹង​៣៩២ករណីនៅឆ្នាំ២០២១ ដោយ​បញ្ចប់នីតិវិធីចំនួន​២០២ករណី។ 
 
សរុបជារួម បើគិត​ពី​ការចាប់ផ្តើម​ការអនុវត្តយន្តការ​ដល់ដល់​ដំណាច់ឆ្នាំ២០២១ បណ្តឹង​សរុបមាន​ជិត១៤ ០០០ករណី ដោយដោះស្រាយបានជិត១១០០០ករណី និង​កំពុង​ដោះស្រាយជាង​៣២០០ករណី៕
 

Tag:
 ដីធ្លី
© រក្សាសិទ្ធិដោយ thmeythmey.com