ជាតិ
សង្គមជាតិ
លោក វេង សាខុន ប្រាប់មន្រ្តីឲ្យពិនិត្យដោយហ្មត់ចត់លើការនាំចូលជីគីមី និងថ្នាំកសិកម្ម ដែលអាចផលិតគ្រឿងញៀន
27, Jan 2022 , 10:00 pm        
រូបភាព
រូបពីគណនីហ្វេសប៊ុករបស់លោក វេង សាខុន
រូបពីគណនីហ្វេសប៊ុករបស់លោក វេង សាខុន
លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម បានណែនាំទៅមន្រ្តីរបស់លោក ឲ្យបង្កើនការចិត្តទុកដាក់ក្នុងការពិនិត្យសមាសភាពផ្សំជីគីមី និងថ្នាំសម្លាប់សត្វល្អិត ដែលអាចយកមកលាយឡំផលិតចេញជាគ្រឿងញៀន។ ការណែនាំរបស់លោក ធ្វើឡើងក្នុងពិធីបិទកិច្ចប្រជុំរបស់អគ្គនាយកដ្ឋានកសិកម្ម កាលពីថ្ងៃទី២៦ ខែមករា ឆ្នាំ២០២២ ស្តីពីការបូកសរុបលទ្ធផលការងារឆ្នាំ២០២១។ 

 
លោក វេង សាខុន ណែនាំមន្រ្តីរបស់លោកបន្ថែមថា ការពិនិត្យលើសមាសភាពផ្សំជីគីមី និងថ្នាំសម្លាប់សត្វល្អិត ដែលអាចយកមកផលិតចេញជាគ្រឿងញៀន ត្រូវសហការជាមួយអាជ្ញាធរគ្រឿងញៀន។ លោករដ្ឋមន្រ្តីកសិកម្ម ណែនាំមន្រ្តីរបស់ខ្លួន បន្ទាប់ពីមានប្រតិកម្មរបស់សម្តេច ស ខេង ឧបនាយករដ្ឋមន្រ្តី-រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ។ 
 
ក្នុងកម្មវិធីមួយ កាលពីថ្ងៃទី២៥ ខែមករា ឆ្នាំ២០២២ សម្តេច ស ខេង បានទម្លាយថា នៅដើមឆ្នាំ២០២២នេះ អាជ្ញាធរកម្ពុជា រកឃើញសារធាតុញៀនជាង១០០តោន ដោយត្រូវបាននាំចូលដោយស្របច្បាប់។ នាំចូលដោយស្រប់ច្បាប់ ដោយសារមានការចុះហត្ថលេខាអនុញ្ញាតពីមន្រ្តីកម្ពុជា។ បើតាមសម្តេចរដ្ឋមន្រ្តីមហាផ្ទៃ អ្នកនាំចូល ប្រាប់អាជ្ញាធរកម្ពុជាថា ការនាំចូលសារធាតុញៀនជាង១០០តោន គឺដើម្បីយមកធ្វើជាជី តែទីបំផុត បែរជាលួចផលិតគ្រឿងញៀនទៅវិញ។
 
រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និយាយសំដៅទៅរដ្ឋមន្រ្តី ដែលចេញអាជ្ញាបណ្ណអនុញ្ញាតឲ្យនាំចូលសារធាតុញៀនជាង១០០តោននោះយ៉ាងដូច្នេះថា៖«ខ្ញុំ មិនចាំបាច់និយាយឈ្មោះទេ ដឹងហើយក្រសួងអាជ្ញាបណ្ណ។ សូមឯកឧត្តមរដ្ឋមន្រ្តី មើលរឿងហ្នឹង បើមិនអ៊ីចឹងទេ ឯកឧត្តម ជាប់ជំពាក់ទទួលខុសត្រូវ ចំពោះសង្គមកម្ពុជា ទាក់ទងនឹងការបំផ្លាញសុខភាពសាធារណៈ»។ សម្តេច បន្តថា៖«អាជ្ញាធរគ្រឿងញៀនក៏ដូចគ្នាដែរ ត្រូវតែមើលរឿងហ្នឹង ឲ្យបានច្បាស់លាស់...»៕ 
  
 

Tag:
 វេង សាខុន
  គ្រឿងញៀន
© រក្សាសិទ្ធិដោយ thmeythmey.com