ជាតិ
សង្គមជាតិ
បុគ្គលិកណាហ្គាវើលដ៍ថា ក្រុមហ៊ុននិយាយព័ត៌មានមិនពិត ខណៈពួកគេទន្ទឹងចាំការចរចា
28, Jan 2022 , 4:46 pm        
រូបភាព
បុគ្គលិកណាហ្គាវើលដ៍ បន្តតវ៉ានិងបំភ្លឺទៅកាន់ក្រុមហ៊ុន។ រូបដោយ វតី
បុគ្គលិកណាហ្គាវើលដ៍ បន្តតវ៉ានិងបំភ្លឺទៅកាន់ក្រុមហ៊ុន។ រូបដោយ វតី
ភ្នំពេញ៖ ការខាងបង់ជាង៧៧លានដុល្លារ និងផ្ដល់ប្រាក់សំណងតាមច្បាប់ ហើយមិនរើសអើងសហជីព សុទ្ធតែជារឿងរ៉ាវមិនពិត ដែលក្រុមហ៊ុនណាហ្គាវើលដ៍ប្រឌិតលើកឡើង។ នេះបើតាមការអះអាងរបស់បុគ្គលិកណាវើលដ៍ ដែលបន្ថែមថា ពួកគេទន្ទឹងរង់ចាំភាគីក្រុមហ៊ុនមកចរចាបញ្ចប់បញ្ហា។

 
ក្នុងសន្និសីទសារព័ត៌មាន ឆ្លើយតបនឹងសេចក្ដីថ្លែងការណ៍ របស់ក្រុមហ៊ុនណាហ្គាវើល ក្រុមអ្នកតវ៉ាលើកឡើងថា ការខាតបង់៧៧លាដុល្លារនៅឆមាសទីមួយក្នុងឆ្នាំ២០២១ ដែលភាគីក្រុមហ៊ុនលើកឡើង មិនឆ្លុះបញ្ជាំងពីសា្ថនភាពជាក់ស្ដែងឡើយ។ ពួកគេអះអាងថា ក្រុមហ៊ុនបានចំណេញប្រាក់យ៉ាងលើសលុប រហូតដល់មានការសង់អគារណាហ្គាវើលដ៍ទី៣បន្ថែមទៀតផង។ 
 
អតីតបុគ្គលិកក្រុមហ៊ុនល្បែងដ៏ធំនេះ បាននិយាយថា បុគ្គលិក១៣២៩នាក់ ដែលមានឈ្មោះបញ្ឈប់ពីការងារ មានជាង៨០ភាគរយ ជាសមាជិក សកម្មជន និងមេដឹកនាំសហជីព។ ពួកគេបន្ថែមថា ការកាត់បន្ថយបុគ្គលិកនេះ គឺក្រុមហ៊ុនបញ្ឈប់បុគ្គលិកដែលមានអតីតភាពការងារច្រើន ហើយទុកបុគ្គលិកដែលមានអតីតភាពការងារតិច។ លើសពីនេះ បញ្ឈប់ក្រុមសហជីព ដោយមិនទទួលបានការអនុញ្ញាតពីអធិការកិច្ចការងារ។ ឮ
 
អតីតបុគ្គលិកណាហ្គាវើលដ៍ ដែលចេញតវ៉ានេះ បានចេញសេចក្ដីបំភ្លឺនៅក្នុងសន្និសីទកាសែត នៅសណ្ឋាគារសាន់វ៉េ នាថ្ងៃទី២៨ មករាថា៖ «ក្រុមហ៊ុនមានចេតនាបំផ្លាញសហជីពតែម្តង ដែលទង្វើនេះផ្ទុយនឹងច្បាប់ការងារជាតិ និងអនុសញ្ញាអន្តរជាតិទាំងស្រុង»។ 
 

កញ្ញា ម៉ូលីកា បុគ្គលិកណាហ្គាវើលដ៍(រូបទី៣ពាក់វ៉ែនតា)។ 

សេចក្ដីថ្លែងការជាសាធារណរបស់ក្រុមហ៊ុនណាហ្គាវើលដ៍លើកឡើងថា ក្រុមហ៊ុនបានផ្ដល់ប្រាក់សំណងយ៉ាងល្អប្រសើរ និងធ្វើឡើងតាមច្បាប់កិច្ចសន្យាបញ្ចប់ការងារ។ ប៉ុន្តែ ក្រុមអ្នកតវ៉ាឆ្លើយតបវិញថា ជាព័ត៌មានមិនពិត។ ពួកគេថា ក្រុមហ៊ុនបង្ខំនិងគំរាមកម្មករថា បើមិនព្រមឈប់ដោយស្ម័គ្រចិត្តទេ ក្រុមហ៊ុននឹងបញ្ឈប់ដោយឯកតោភាគី ហើយបុគ្គលិកទទួលបានប្រាក់សំណងតិចជាងការយល់ព្រមឈប់ដោយស្ម័គ្រចិត្ត។ លើសពីនេះ ការទូទាត់ប្រាក់ឲ្យកម្មករ គឺមិនត្រឹមត្រូវតាមច្បាប់ការងារឡើយ។ 
 
ភាគីក្រុមហ៊ុនក៏លើកឡើងដែរថា ក្រុមហ៊ុន បានយកចិត្តទុកដាក់លើកម្មករ ពិសេសការបង្កើតសហជីពតាំងពីឆ្នាំ១៩៩៥។ ប៉ុន្តែ ក្រុមអ្នកតវ៉ាអះអាងថា ជាក់ស្ដែងមិនពិតឡើយ ដោយភាគីក្រុមហ៊ុនតែងធ្វើទុកបុកម្នេញរាល់ពេលសុំចរចាដំឡើងប្រាក់ឈ្នួល និងលក្ខខណ្ឌការងារ។ លើសពីនេះ និយោជកតែងតែរកលេសបញ្ឈប់ថ្នាក់ដឹកនាំសហជីព ចាប់តាំងពីឆ្នាំ២០១៣ដល់បច្ចុប្បន្ន។ 
 
កញ្ញា អ៊ុក សុភ័ក្រម៉ូលីកា ដែលមានឈ្មោះបំពេញការងារត្រឹមត្រូវក្នុងក្រុមហ៊ុន ក៏បានចេញតវ៉ាជាមួយបុគ្គលិកផ្សេងដែរ។ ថ្លែងក្នុងសន្និសីទសារព័ត៌មាន កញ្ញា ម៉ូលីកា បានបញ្ជាក់ថា វិវាទនឹងបញ្ចប់ប្រសិនបើអាជ្ញាធរពាក់ព័ន្ធ ពិសេសក្រសួង ដោះស្រាយតាមច្បាប់ដោយមិនលម្អៀង។ លើសពីនេះ ភាគីក្រុមហ៊ុនមានឆន្ទៈដោះស្រាយបញ្ហា។  
 
បុគ្គលិកបម្រើការងារជាង១៥ឆ្នាំរូបនេះថ្លែងយ៉ាងដូច្នេះ៖ «ពួកខ្ញុំរង់ចាំតែក្រុមហ៊ុនបែរមុខមកចរចាទេ​ ហើយស្នើឲ្យមានការដោះលែងនិងទម្លាក់បទចោទមេសហជីពពួកខ្ញុំទាំង៩នាក់»។ 
ជាមួយគ្នាដែរ កញ្ញា សង្គត់ធ្ងន់ថា ការតវ៉ារបស់បុគ្គលិកណាហ្គាវើលដ៍នាពេលនេះ គឺទាមទារការការពារសិទ្ធិសហជីព កម្មករ និងសិទ្ធិការងារ កុំឲ្យមានការរីករាលដាលរំលោភបំពាន់បន្តទៀត។ 
 
ជុំវិញវិវាទនេះ សារព័ត៌មានថ្មីៗ(Thmey Thmey) មិនអាចសុំការបកស្រាយបន្ថែមពីខាងក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដែលជាអ្នកចូលរួមដោះស្រាយនិងសម្របសម្រួលបានឡើយ ខណៈលោក ហេង សួរ អ្នកនាំពាក្យក្រសួង ពុំលើកទូរស័ព្ទ។ 
 
យ៉ាងណាក្ដី ក្រសួងការងារ បានអញ្ជើញតំណាងនិងបុគ្គលិកណាហ្គាវើលដ៍ដែលតវ៉ាទាំងអស់ ឲ្យចូលរួមប្រជុំពិនិត្យផ្ទៀងផ្ទាត់ឡើងវិញ ពីការទូទាត់ប្រាក់បញ្ជប់កិច្ចសន្យាការងារកន្លងមកដែរ។ ក្នុងលិខិតក្រសួង ចេញថ្ងៃទី៦ មករា បានបញ្ជាក់ថា បើពិនិត្យឃើញភាគីក្រុមហ៊ុនទូទាត់មិនត្រឹមត្រូវ ក្រសួងនឹងបង្គាប់ឲ្យទូទាត់ឡើងវិញ។ ក្រសួងបន្ថែមថា ក្រុមការងារក្រសួងតែងតែយកលិខិតនេះ ទៅអាននៅកន្លែងតវ៉ារបស់បុគ្គលិកណាវើលដ៍ ដើម្បីអំពាវនាវឲ្យពួកគេចូលពិនិត្យការទូទាត់សំណង់។
 
ប៉ុន្តែ ក្រុមអ្នកតវ៉ាទាំងនោះ ក៏បានអះអាងត្រឡប់វិញ អាជ្ញាធរបានចាប់ខ្លួនមេដឹកនាំរបស់ពួកគេហើយ បានកោះហៅពួកគេឲ្យទៅពិនិត្យនិងចរចា។ ពួកគេទាំងអស់បានបោះឆ្នោតផ្ទេរសិទ្ធិចរចាទាំងអស់ឲ្យមេដឹកនាំសហជីពទាំង៨រូបហើយ ហើយក៏មិនអាចរើសមេដឹកនាំថ្មីទៅចរចាបានដែរ។ ពួកគេអះអាង មេសហជីពគឺរើសឡើង ស្របតាមការស្រលាញ់ពេញចិត្ត និងមានអាណត្តិ មិនអាចរើសថ្មីតាមចិត្តឡើយ។​
 
សូមជម្រាបថា កាលពីឆ្នាំ២០១៩ ក្រុមហ៊ុនណាហ្គាវើលដ៍ចំណេញប្រាក់ជាង៣៩០លានដុល្លារ ហើយនៅឆ្នាំ២០២០ ចំណេញជាង៥២១លានដុល្លារ៕ 
 
 
 
 
 
 

Tag:
 សង្គម
  វិវាទការងារ
  សិទ្ធិមនុស្ស
  ណហ្គាវើលដ៍
© រក្សាសិទ្ធិដោយ thmeythmey.com