ជាតិ
សិស្សមួយចំនួន ឈប់ថ្ងៃបុណ្យចូលឆ្នាំចិន ទោះបីក្រសួងមិនមានអនុញ្ញាតឱ្យឈប់សម្រាក
31, Jan 2022 , 8:00 am        
រូបភាព
ភ្នំពេញ៖ ពិធីបុណ្យចូលឆ្នាំ ជាបុណ្យប្រពៃណីជនជាតិ។ នៅកម្ពុជា ពេលដល់ថ្ងៃប្រារព្ធពិធីនេះ ពលរដ្ឋចិន និងពលរដ្ឋ​ខ្មែរ​កាត់​ចិន​ តែងអបអរសាទរគ្រប់គ្នា។ ពិធីនេះ មិនមែនជាបុណ្យជាតិខ្មែរឡើយ តែសិស្សានុសិស្សខ្មែរមួយចំនួន អវត្តមាន ទោះបីក្រសួងអប់រំមិនអនុញ្ញាតឱ្យឈប់សម្រាកក្តី។ ការអវត្តមាននេះ មិនមែនតែសិស្សឡើយ គ្រូមួយចំនួនក៏មិនទៅបង្រៀនថ្ងៃនោះដែរ។ លោកគ្រូ អ្នកគ្រូ ខ្លះរវល់សែន ហើយខ្លះទៀតរវល់លក់ដូរ ព្រោះថ្ងៃនោះមានអតិជនច្រើនខុសថ្ងៃធម្មតា។

 
ការគោរពទំនៀមទម្លាប់ ជារឿងសំខាន់សម្រាប់ពលរដ្ឋនៃប្រទេសនីមួយៗ ប៉ុន្តែការគោរពតួនាទីការងារក៏សំខាន់ផងដែរ។ នៅពេលមានពិធីបុណ្យចូលឆ្នាំចិនម្តងៗ សិស្សានុសិស្សកម្ពុជាមួយចំនួនមិនទៅសាលាឡើយ ដោយពួកគេលើកហេតុផលថា មិនមានគ្រូទៅបង្រៀន ហើយសិស្សក៏មិនសូវទៅរៀន ព្រោះពួកគេជាប់សែចិន។ 
 
លោក ហេង វណ្ណដា ប្រធានសមាគមគ្រឹះស្ថានឧត្តមសិក្សា បានលើកឡើងថា មិនថាបុណ្យចូលឆ្នាំចិន បុណ្យណូអែល បុណ្យនៃក្តីស្រលាញ់ សាលាមិនឱ្យឈប់ ក៏សិស្សឈប់ដែរ។ ទម្លាប់នេះ សឹងតែក្លាយទៅជាប្រពៃណីទំនៀមទម្លាប់ទៅហើយ។
 
ប្រធានសមាគមគ្រឹះស្ថានឧត្តមសិក្សារូបនេះ លើកឡើងថា៖«យើងទៅរឹតត្បិតយ៉ាងម៉េចកើត បើវាស្ទើរតែក្លាយជាប្រពៃណីទំនៀមទំលាប់ហើយ។ បើសិនឈប់ ពេលចូលមករៀនវិញ ត្រូវខំរៀន។ អ្នកខ្លះក៏គាត់អត់ឈប់ដែរ ប៉ុន្តែអ្នកខ្លះឈប់ យើងឃាត់គេអត់បានទេ។ បើទោះបីយើងបន្តឹងម៉េច ក៏នៅតែអ៊ីចឹង»។
 
លោក ហេង វណ្ណដា បន្ថែមថា លោកខំខ្នះខ្នែងពន្យល់កុំឱ្យសិស្សឈប់។ ក្រសួងមិនឱ្យសិស្សឈប់ និងមិនឱ្យរំលងមេរៀន ព្រោះមកវិញអាចរៀនមិនទាន់គេ ប៉ុន្តែគាត់នៅតែឈប់។
 
សិស្សស្រឡាញ់ការសិក្សា ទៅរៀនធម្មតាថ្ងៃចូលឆ្នាំចិន។ យុវជន ង៉ែត សុខវៃ និស្សិតឆ្នាំទី៤ នៃសាកវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល ក៏ទៅរៀនធម្មតាថ្ងៃចូលឆ្នាំចិនដែរ។ និស្សិតជំនាញផ្នែកវេជ្ជសាស្រ្តរូបនេះ លើកឡើងថា លោកមិនអាចឈប់សម្រាក ដើម្បីទៅសែនបានឡើយ ព្រោះឆ្នាំទី៤ ជាឆ្នាំអនុវត្ត។
 
និស្សិតឆ្នាំទី៤រូបនេះ អះអាងដូច្នេះ៖ «បើឈប់ វាអាចប៉ះពាល់ខ្លាំងដល់ការសិក្សា។ ការគិតវត្តមាននៅសាកលវិទ្យាល័យនេះ គឺតឹងរឹង បើសិនសិស្សឈប់ម្តង អាចប្រឈមឈ្មោះនឹងការត្រួតថ្នាក់»។
 
យុវជនវ័យ ២៦ឆ្នាំរូបនេះ ជាអ្នកជាប់សែស្រឡាយចិនដែរ ប៉ុន្តែកាលរៀនវិទ្យាល័យលោកឆ្លៀតទៅអុចធូប ដោយសុំគ្រូចេញមុនម៉ោងដើម្បីអុចធូប។
 
នៅវិទ្យាល័យវិញ សិស្សភាគច្រើន អវត្តមានថ្ងៃចូលឆ្នាំចិន។ ការអវត្តមាននេះ បានក្លាយជាទម្លាប់រៀងរាល់ឆ្នាំ។ លោក ពឹន ប៊ុនថង គ្រូបង្រៀនរូបវិទ្យាជិត១៣ឆ្នាំនៅវិទ្យាល័យសុខអានត្រាំខ្នារ យល់ថា ការឈប់របស់សិស្ស បានក្លាយជាទម្លាប់របស់សិស្សភាគច្រើន។ សិស្សស្ថាប័នរដ្ឋភាគច្រើន ឈប់ថ្ងៃចូលឆ្នាំចិន ថ្វីបើក្រសួងអប់រំមិនឱ្យឈប់។ លោកបន្តថា សិស្សគិតថាគ្រូសែន ហើយគ្រូគិតថាសិស្សសែន។ ដូច្នេះ គ្រូ និងសិស្ស ព្រមគ្នា មិនមកសាលា។​
 
«ការឈប់ថ្ងៃចូលឆ្នាំចិននេះ វាក្លាយជាទម្លាប់ទៅហើយ ទាំងសាលាឯកជន និងសាលារដ្ឋ។ ហើយមិនមែនតែសិស្សទេ ជួនកាលលោកគ្រូអ្នកគ្រូគាត់ជាប់ខ្សែចិនចឹងគាត់ត្រូវសែនតិចតួចចឹងទៅ»។ នេះជាការលើកឡើងរបស់លោក ពិន ប៊ុនថង ដោយបន្ថែមថា កត្តាមួយទៀតនោះ គឺមកពីសិស្ស ដែលសឹងតែគ្រប់គ្នាមិនមករៀន។ ឪពុកម្តាយ ក៏ជាផ្នែកមួយនៃអវត្តមានសិស្ស។ ពួកគាត់ គិតថា ថ្ងៃសែន មិនបាច់ទៅរៀនទេ ព្រោះគ្រូអត់រៀនទេ។ 
 
ការអវត្តមានរបស់សិស្សវិទ្យាល័យ សម្រាប់ថ្ងៃបុណ្យចូលឆ្នាំចិនមិនមានថ្នាក់ណាតិចជាងថ្នាក់ណាឡើយ ។ ការឈប់ថ្ងៃសែននេះ នឹងប៉ះពាល់ដល់ការសិក្សា ហើយមេរៀនដែលត្រូវបង្រៀនក៏យឺតជាងកម្មវិធីសិក្សាផងដែរ។ លោក ពឹន ប៊ុនថង លើកឡើងថា ការរៀបចំផែនការសិក្សារបស់ក្រសួងអប់រំ មិនបានគិតរឿងថ្ងៃចូលឆ្នាំចិនទេ។ ម៉ោងដែលរៀនចំថ្ងៃសែនចិននេះ នឹងយឺតមេរៀន ដែលប៉ះពាល់ដល់ម៉ោងរៀនក្រោយៗ។ បើសិនគ្រូពន្លឿនការរៀន វាអាចនឹងធ្វើឱ្យសិស្សតាមមិនទាន់វិញ ប៉ុន្តែបើគាត់បង្រៀនបន្ថែមម៉ោងវិញមិនអីទេ។ 
 
លោកគ្រូរូបវិទ្យា រូបនេះ សង្ឃឹមថា បើទម្លាប់នេះនៅតែបន្ត វាអាចប៉ះពាល់ដល់ប្រព័ន្ធសិក្សាទៅថ្ងៃមុខ។ បុណ្យចូលឆ្នាំចិន នឹងក្លាយជាថ្ងៃសម្រាក។ លោកគ្រូវ័យ ៣៣ឆ្នាំរូបនេះ អះអាងថា ការកែទម្លាប់នេះត្រូវមានការចូលរួមពីអាណាព្យាបាល។ ឪពុកម្តាយគួរជំរុញកូនឱ្យទៅសាលា ព្រោះសែនតែមួយព្រឹកទេ ដូច្នេះមិនគួរអវត្តមានច្រើនថ្ងៃឡើយ។
 
លើសពីនេះ ក្រសួងអប់រំគួររឹតបន្តឹងការត្រួតពិនិត្យអវត្តមានសិស្ស និងគ្រូ ព្រោះសាលារដ្ឋ និងសាលាឯកជនខ្លះ ត្រូវបង្ខំចិត្តបិទទ្វារសាលា ដោយសារគ្មានសិស្សទៅរៀន។ ម្យ៉ាងទៀត លោកគ្រូ អ្នកគ្រូ អាចចំណាយពេលណាមួយដើម្បីអុចធូប ហើយមកបង្រៀនសិន ព្រោះវាទាក់ទងជាមួយកាតព្វកិច្ចការងារ។ 
 
ចំពោះសិស្សដែលមិនទៅរៀនវិញ អាចនឹងតាមមិនទាន់មេរៀនថ្ងៃនោះ ឬមិនយល់ចំនុចដែលខ្លួនអាក់ខាន។ ត្រង់ចំណុចនេះ យុវតី ធួ សៀងហុង សិស្សថ្នាក់ទី១១ នៃវិទ្យាល័យសុខអានត្រាំខ្នារ បានលើកឡើងថា៖ «សម្រាប់ខ្ញុំ​ ខ្ញុំនឹងឈប់ថ្ងៃសែនចិនទី២ ដើម្បីជួបជុំបងប្អូន និងសែនដូនតា។ ទោះខ្ញុំមិនបានទៅរៀន តែខ្ញុំនឹងស្វ័យសិក្សាបន្ថែមខ្លួនឯង»។ 
 
តរុណវ័យរូបនេះ បានប្រាប់សារព័ត៌មានថ្មីៗ២៥ ថា កញ្ញាមិនទៅរៀន ព្រោះភាគច្រើនមិនមានគ្រូទៅបង្រៀន។ ម្យ៉ាងវិញទៀត ឪពុកម្តាយ ប្រាប់កូនក្មួយថា ថ្ងៃសែនមិនមានគ្រូបង្រៀនទេ។ យុវតីវ័យ១៦ឆ្នាំរូបនេះបន្ថែមថា៖ «ពេលខ្លះគ្រូទៅបង្រៀន តែពេលឃើញសិស្សតិច គាត់ក៏ថាមិនរៀនទេ សិស្សតិចពេក។ ដូច្នេះទើបគ្រប់គ្នាគិតថា ថ្ងៃនោះជាថ្ងៃវិសម្សកាល»។ 
 
ផ្ទុយពីយុវតីខាងលើ យុវជន ង៉ែត វិសុទ្ធ សិក្សសាលារៀនជំនាន់ថ្មី នៃវិទ្យាល័យព្រះស៊ីសុវត្ថិ បានឱ្យដឹងថាកញ្ញានឹងទៅសិក្សាធម្មតា ទោះបីខ្លួនជាប់សែចិនក្តី។ យុវជនវ័យ១៦ឆ្នាំរូបនេះ មានម្តាយជាប់សែចិន ប៉ុន្តែរូបគេ មិនដែលឈប់សម្រាកដើម្បីសែន ឬជួបជុំបងប្អូនឡើយ។
 
«សម្រាប់ខ្ញុំ វាអត់សំខាន់ទេបង ព្រោះមិនមែនបុណ្យជាតិផង។ ម្តាយខ្ញុំជាប់សែចិន តែខ្ញុំមិនស្គាល់រសជាតិសែនទេបង ខ្ញុំដឹងតែចេញពីរៀនទៅហូបរបស់សែន។ ម្យ៉ាងខ្ញុំ ខ្លាចតាមមិនទាន់មេរៀនផង»។
  
សូមជម្រាបថា បុណ្យចូលឆ្នាំថ្មីប្រពៃណីចិន និងវៀតណាម នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី៣១ ខែមករា ឆ្នាំ២០២២ ដល់ថ្ងៃទី ០៣ ខែកុម្ភៈ ឆ្នាំ២០២២។ នៅកម្ពុជា ពលរដ្ឋខ្មែរកាត់ចិន តែងនាំគ្នាអបអរសាទរបុណ្យចូលឆ្នាំចិន តាមរយៈការរៀបចំផ្ទះសម្បែង តុបតែងលម្អផ្កាផ្ញី ភ្លើងពណ៌ និងរៀបចំម្ហូបអាហារផ្លែឈើសែនដូនតា៕
 

Tag:
 បុណ្យចូលឆ្នាំចិន
  សិស្ស
© រក្សាសិទ្ធិដោយ thmeythmey.com