ជាតិ
បុគ្គលិកសុំឈប់សម្រាកថ្ងៃសែនចូលឆ្នាំចិន ក្លាយជាទម្លាប់តាមស្ថាប័ន និងប៉ះពាល់ច្រវាក់ការងារ
31, Jan 2022 , 9:00 am        
រូបភាព
ភ្នំពេញ៖ ពិធីបុណ្យចូលឆ្នាំចិន ជាបុណ្យប្រពៃណីរបស់ពលរដ្ឋចិន និងវៀតណាម។ ពលរដ្ឋខ្មែរកាត់ចិនជាច្រើន ក៏នាំគ្នាប្រារព្ធពិធីនេះដូចជនជាតិចិនដែរ។ ដោយសារដើមចមនេះហើយ ទើបបុគ្គលិកដែលជាប់សែស្រឡាយចិន ត្រូវដាក់ច្បាប់ឈប់សម្រាក ដើម្បីទៅផ្ទះជួបជុំបងប្អូន និងសែនដូនតា។ កា​​រសុំច្បាប់នេះ ត្រូវបានអ្នកគ្រប់គ្រងតាមស្ថាប័នខ្លះ ចាត់ទុកជាទម្លាប់មួយ ដែលមិនអាចហាមឃាត់បាន ទោះថ្ងៃនោះមិនមានចែងក្នុងថ្ងៃឈប់ក្តី។


កាតព្វកិច្ចនៃការសែនដូនតា ក្នុងពិធីបុណ្យចូលឆ្នាំចិននេះ វាប្រាកដណាស់ថា កូនចៅខ្មែរជាប់សែស្រឡាយចិន ត្រូវបំពេញឱ្យបានត្រឹមត្រូវតាមប្រពៃណីពួកគេ។ ដ្បិតពួកគេត្រូវបំពេញភារកិច្ចសម្រាប់គ្រួសារ និងដូនតា នាថ្ងៃសែនចិននេះ ប៉ុន្តែវាក៏ប៉ះពាល់ដល់ខ្សែចង្វាក់ការងារខ្លះដែរ។
 
លោក ពេជ្រ ពង្សបុញ្ញប្ញទ្ធិ ជាអ្នកគ្រប់គ្រងទូទៅនៃក្រុមហ៊ុន twd បានទទួលពាក្យសុំច្បាប់នាថ្ងៃសែនចិន និងបុណ្យចូលឆ្នាំចិន ពីបុគ្គលិកមិនក្រោម១០នាក់ហើយ។ លោក ពង្សបុញ្ញឫទ្ធិ បានលើកឡើងថា៖«និយាយទៅ វាជាទំនៀមទម្លាប់របស់ពួកគាត់ រាល់ឆ្នាំគាត់ត្រូវតែទៅសែន។ ដោយអ្នកខ្លះសុំច្បាប់កន្លះថ្ងៃ ហើយខ្លះទៀតមួយថ្ងៃអ៊ីចឹងទៅ»។ 
 
អ្នកគ្រប់គ្រងរូបនេះបន្តថា ការឈប់របស់បុគ្គលិកបានប៉ះពាល់ដល់ប្រព័ន្ធការងារមួយចំនួន ប៉ុន្តែស្ថាប័នតែងតែមានការយោគយល់។ «នៅពេលពួកគាត់ឈប់ វាប៉ះពាល់ដល់ប្រព័ន្ធការងារដែរ តែយើងសុំឱ្យពួកគាត់ប្រាប់មុន ដើម្បីងាយស្រួលរៀបកាលវិភាគការងារ ហើយយើងសម្របសម្រួលគ្នាឱ្យពួកគាត់មកធ្វើការសងវិញថ្ងៃឈប់សម្រាក»។ នេះជាការបញ្ជាក់របស់លោក ពង្សបុញ្ញឫទ្ធិ ដែលបានប្រាប់សារព័ត៌មានថ្មីៗ​២៥ ថា ជាទូទៅនៅថ្ងៃសែនចូលឆ្នាំចិន ក្រុមហ៊ុនមិនអនុញ្ញាតឱ្យពួកគេឈប់ឡើយ ។ ប៉ុន្តែការសុំច្បាប់ឈប់នេះ វាជាទំនៀមទម្លាប់រាប់ឆ្នាំមកហើយ នៅក្នុងក្រុមហ៊ុនtwd ។​
 
ត្រង់ចំណុចនេះ លោក ជា វិបុល ប្រធានផ្នែកប្រតិបត្តិនៃក្រុមហ៊ុនGBS ក៏ជួបផលប៉ះពាល់ការងារ ដោយសារការឈប់របស់បុគ្គលិក នៅថ្ងៃចូលឆ្នាំចិននេះដែរ។ ក្រុមហ៊ុន Gourmet Beverage Solutions (GBS) ជាក្រុមហ៊ុនផ្គត់ផ្គង់សេវាកម្ម បរិក្ខារកាហ្វេ និងជួសជុលម៉ាស៊ីនកាហ្វេ​។ ដូច្នេះក្រុមហ៊ុន ត្រូវមានបុគ្គលិកប្រចាំការរាល់ថ្ងៃ។ 
 
«រាល់ពេលបុណ្យ គឺយើងឈប់ បុណ្យជាតិជាដើម គឺឈប់រហូត តែនេះគាត់ឈប់ក្រៅផ្លូវការ។ នៅពេលគាត់ឈប់ច្រើន យើងរវល់ជាងមុន ហើយបើភ្ញៀវយោគយល់ វាមិនអីទេ តែបើភ្ញៀវអត់យល់វាប៉ះពាល់ដល់ការងារក្រុមហ៊ុន»។ នេះជាការលើកឡើងរបស់លោក វិបុល ដែលបន្ថែមថា ផលិតភាពការងារធ្លាក់ចុះនៅថ្ងៃនោះ រួមទាំងសេវាកម្មមួយចំនួន មានការយឺតជាងមុនផងដែរ។ 
 
ប្រធានផ្នែកប្រតិបត្តិរូបនេះបន្ថែមថា៖« ធម្មតាទេ នៅពេលវាប៉ះពាល់ក្រុមហ៊ុន យើងមិនដែលសប្បាយចិត្តទេ។ គ្រាន់តែថា យើងអត់ដឹងធ្វើម៉េច ព្រោះវាកើតឡើងរាល់ឆ្នាំ អ៊ីចឹងមានតែយើងរៀនរស់នៅជាមួយវា»។ 
 
ក្រុមហ៊ុន GBS មានបុគ្គលិកសរុប ៤០នាក់។ បើតាមលោក វិបុល បុគ្គលិកដែលសុំច្បាប់ថ្ងៃចូលឆ្នាំចិន មិនតិចជាង១០នាក់ឡើយ ដោយបុគ្គលិកស្រីឈប់ប្រមាណ ៩នាក់ ហើយបុគ្គលិកប្រុសមាន ៣ ទៅ៤នាក់។ 
 
ខណៈបុណ្យចូលឆ្នាំចិន ប្រារព្ធនៅចុងខែមករា និងដើមខែកុម្ភៈនេះ បុគ្គលិកនៃក្រុមហ៊ុន Sprintea បានប្រើប្រាស់ថ្ងៃឈប់សម្រាកប្រចាំឆ្នាំ ដើម្បីដាក់ច្បាប់សុំឈប់ថ្ងៃសែនចូលឆ្នាំចិន។ លោក ប៉ាញ  ផានិត្យ នាយកក្រុមហ៊ុន Sprintea Technology ​បាននិយាយថា ចាប់តាំងពីបើកដំណើរក្រុមហ៊ុនមក គឺមានបុគ្គលិកសុំច្បាប់ឈប់ជារៀងរាល់ឆ្នាំ ប៉ុន្តែបុគ្គលិកដែលសុំច្បាប់មានចំនួនតិចជាងមុន។ 
 
នាយកក្រុមហ៊ុនរូបនេះលើកឡើងថា៖« ឥឡូវរាងស្បើយ[បុគ្គលិកសុំច្បាប់]ដែរ ព្រោះកាលពីមុនបុណ្យចូលឆ្នាំចិន៣ថ្ងៃ គាត់ឈប់ទាំង៣ថ្ងៃ។ តែឥឡូវ៣ថ្ងៃ គាត់ឈប់តែថ្ងៃសែនមួយថ្ងៃ ឬក៏មួយថ្ងៃកន្លះអ៊ីចឹងទៅ»។ 
 
លោក ផានិត្យ សង្កេតឃើញថា ការថមថយឈប់សម្រាកថ្ងៃចូលឆ្នាំចិននេះ ដោយសារបុគ្គលិកក្នុងក្រុមហ៊ុន មានការយល់ដឹងច្រើនជាងមុន ខណៈក្រុមហ៊ុន ក៏មិនតឹងរឹងពេកឡើយ លើបញ្ហានេះ។ 
 
សម្រាប់ក្រុមហ៊ុនដែលបម្រើសេវាកម្ម ផលិតកម្មវិធីសម្រាប់ប្រព័ន្ធកុំព្យូទ័រ និងទូរសព្ទដៃមួយនេះ មិនមានបញ្ហាច្រើនឡើយ ទោះបុគ្គលិកខ្លះសុំច្បាប់ក្តី។ លោក ផានិត្យ លើកឡើងថា នៅពេលបុគ្គលិកធ្វើការងារលើគម្រោងណាមួយ ពួកគេបានខិតខំយ៉ាងខ្លាំងរហូតបញ្ចប់គម្រោងដោយជោគជ័យ ដូច្នេះការឈប់នេះមិនមានបញ្ហាឡើយ។ 
 
សម្រាប់នាយកក្រុមហ៊ុនខាងលើនេះ យល់ថា ការឈប់សម្រាកនេះជាទម្លាប់យូរណាស់មកហើយ។ ម៉្យាង កម្ពុជា ជាប្រទេសមួយដែលសម្របតាមវប្បធម៌ខាងក្រៅ ដូច្នេះអ្នកដែលមានសែស្រឡាយចិនខ្លះ ត្រូវសម្របតាម។ លោកសង្កត់ធ្ងន់ថា ទោះត្រូវគោរពទំនៀមទម្លាប់ក្តី តែបុគ្គលិកក៏ត្រូវគិតពិចារណាថា ពិធីបុណ្យនេះ សំខាន់កម្រិតណាសម្រាប់ពួកគេដែរ៕
 

Tag:
 បុណ្យចូលឆ្នាំចិន
  ច្បាប់ការងារ
© រក្សាសិទ្ធិដោយ thmeythmey.com