ជាតិ
លោក បន​ រ៉ូបាំង មិនប្រមូលផលបន្លែលក់នៅរដូវបុណ្យទានទេ ព្រោះតម្រូវការ​មានរយៈពេលខ្លី
31, Jan 2022 , 9:30 am        
រូបភាព
 លោក បន រ៉ូបាំង កសិករក្នុងខេត្តបាត់ដំបង ប្រមូលផលការ៉ុត មុនពិធីបុណ្យចូលឆ្នាំប្រពៃណីចិន-វៀតណាម
លោក បន រ៉ូបាំង កសិករក្នុងខេត្តបាត់ដំបង ប្រមូលផលការ៉ុត មុនពិធីបុណ្យចូលឆ្នាំប្រពៃណីចិន-វៀតណាម
ដោយ:
លោក បន​ រ៉ូបាំង កសិករដាំបន្លែក្នុងខេត្តបាត់ដំបង មិនប្រមូលផលកសិផលខ្លួន ផ្គត់ផ្គង់លើទីផ្សារអំឡុងពិធីបុណ្យចូលឆ្នាំប្រពៃណីចិន-វៀតណាម ឬពិធីបុណ្យទានផ្សេងទៀតនោះទេ។ កសិកររូបនេះ ពន្យល់ប្រាប់សារព័ត៌មានថ្មីៗ២៥ថា ទោះអំឡុងបុណ្យទានក៏ដោយ ឈ្មួលមិនបានប្រមូលទិញបន្លែពីកសិករក្នុងតម្លៃខ្ពស់ជាងថ្ងៃធម្មតានោះដែរ។ ម្យ៉ាងទៀត តម្រូវការមាន​តែក្នុងពេល២ ឬ៣ថ្ងៃបុណ្យប៉ុណ្ណោះ ដែលអាចធ្វើឱ្យកសិករខាតវិញទេ បើមិនបន្លែមិនអស់ នារយៈពេលដ៏ខ្លីនេះ។

មុនមួយថ្ងៃ ឬពីរថ្ងៃ នៃពិធីបុណ្យប្រពៃណីចិន-វៀតណាម អ្នកជាប់សែស្រឡាយនេះ តែងទៅទិញបន្លែដូចជា ​ស្ពៃក្ដោប ស្ពៃបូកគោ ការ៉ុត និងបន្លែមួយចំនួនទៀតសម្រាប់យកមកធ្វើម្ហូបសែន។ យោងតាមតម្រូវការនេះ ធ្វើឱ្យបន្លែនៅលើទីផ្សារ អាចនឹងឡើងថ្លៃ។  
 
ដ្បិតបន្លែលើទីផ្សារមានតម្លៃថ្លៃ តែលោក បន រ៉ូបាំង កសិករដាំខ្ទឹមស្លឹក ស្ពៃជើងទា ស្ពៃក្ដោប ការ៉ុត ពោត និងបន្លែមួយចំនួនទៀត លើផ្ទៃដី ២៤ហិកតា ក្នុងខេត្តបាត់ដំបង មិនប្រមូលផលបន្លែរបស់ខ្លួនចំថ្ងៃបុណ្យទាននោះទេ។ លោក បានបញ្ចប់ការប្រមូលផលបន្លែរួចរាល់ហើយ​ នៅពាក់កណ្ដាលខែមករានេះ ខណៈការសែនពិធីបុណ្យចូលឆ្នាំប្រពៃណីចិន-វៀតណាម គឺនៅថ្ងៃទី៣១មករា។ 

 
 
បើតាមកសិកររូបនេះ ​ដ្បិតបន្លែដែលត្រូវបានលក់លើទីផ្សារ ក្នុងថ្ងៃបុណ្យទាននានាឡើងថ្លៃ តែឈ្មួញទិញពីកសិករក្នុងតម្លៃដដែល។ លោកបញ្ជាក់យ៉ាងដូច្នេះ៖ «រដូវបុណ្យទាន ជាទូទៅមិនបានថ្លៃទេ តែផ្នត់គំនិតប្រជាជនខ្មែរគិតថា ពិធីបុណ្យទានដាំទៅមានតម្លៃខ្ពស់។ ការពិត រដូវបុណ្យទានជាបញ្ហាវិញទេ យើងលក់ចេញបានតែ២ថ្ងៃ ឬ៣ថ្ងៃមុនបុណ្យទាន បន្ទាប់ពីបុណ្យលក់មិនចេញទេ។ ពេលខ្លះលក់ចូលផ្សារមិនទាន់ក្រោយបុណ្យ ៥-៦ថ្ងៃ ក៏នៅតែអត់ទីផ្សារដែរ»។ 
 
កន្លងមកកសិករក្នុងខេត្តបាត់ដំបងរូបនេះ ក៏ធ្លាប់ប្រមូលផលបន្លែរបស់ខ្លួន សម្រាប់លក់ក្នុងពិធីបុណ្យទានផ្សេងៗដែរ។ តែបន្លែទាំងនោះ លក់មិនអស់នោះទេ ជាហេតុធ្វើឱ្យលោកខាតប្រាក់មួយចំនួន។ ចាប់តាំងពីពេលនោះ លោកតែងដាំបន្លែ ហើយគិតរយៈពេលប្រមូលផល ដើម្បីជៀសពីពិធីបុណ្យទាន៕
 
 

© រក្សាសិទ្ធិដោយ thmeythmey.com