អន្តរជាតិ
សាកលវិទ្យាល័យដ៏ល្បីបំផុតទាំង១០របស់ចិន
01, Feb 2022 , 8:29 am        
រូបភាព
ខ្លោងទ្វារសាកលវិទ្យាល័យ Tsinghua ក្នុងរដ្ឋធានីប៉េកាំង។ រូបថត China Admission
ខ្លោងទ្វារសាកលវិទ្យាល័យ Tsinghua ក្នុងរដ្ឋធានីប៉េកាំង។ រូបថត China Admission
ដោយ:
ប្រព័ន្ធសិក្សាថ្នាក់ឧត្តមសិក្សារបស់ចិន ស្ថិតក្នុងចំណោមប្រទេសដែលមានគុណភាពមិនចាញ់លោកខាងលិចឡើយ ហើយចិនក៏មានសាកលវិទ្យាល័យល្បីដែលជាប់ចំណាត់ក្នុងតារាងសាលាល្បីៗលើលោកផងដែរ។ ជារៀងរាល់ឆ្នាំ និស្សិតបរទេសជាច្រើន ចូលរៀននៅសាកលវិទ្យាល័យក្នុងប្រទេសចិន។ ម្យ៉ាងការចំណាយមានតម្លៃសមរម្យ ច្បាប់វិន័យតឹងតែង និងជាពិសេស រដ្ឋាភិបាលប្រទេសនេះ តែងតែផ្តល់អាហារូបករណ៍រាប់ពាន់កន្លែងដល់សិស្សអន្តរជាតិ។




ខាងក្រោមនេះ ជាសកលវិទ្យាល័យដ៏ល្បីបំផុតទាំង១០នៅចិន៖
 
១.សាកលវិទ្យាល័យ Tsinghua (Tsinghua University)
ជាសាកលវិទ្យាដែលមានវ័យចំណាស់មួយ បង្កើតឡើងតាំងពីឆ្នាំ១៩១១ ស្ថិតនៅភាគពាយព្យនៃទីក្រុងប៉េកាំង។សកលវិទ្យាល័យនេះ ល្បីលំដាប់ទី១នៅចិន និងលំដាប់ទី១៥លើពិភពលោក។ 
 
២.សាកលវិទ្យាល័យប៉េកាំង (Peking University)
ជាសាកលវិទ្យាល័យល្បីលំដាប់ទី២ ដែលមានអាយុកាលចាស់ជាងគេក្នុងទឹកដីចិន ដែលបង្កើតឡើងតាំងពីឆ្នាំ១៨៩៨។ សាកលវិទ្យាល័យនេះ មានបណ្ណាល័យធំជាងគេនៅអាស៊ីដោយមានផ្ទុកសៀវភៅរហូតជាង៧ពាន់ក្បាល ព្រមទាំងកាសែត ព្រឹត្តិបត្រជាភាសាបរទេសនិងចិនជាដើម។
 
៣.សាកលវិទ្យាល័យហ្វូតាន់ (Fudan University)
បង្កើតឡើងក្នុងឆ្នាំ១៩០៥ មាន៤សាខា ស្ថិតចំកណ្តាលក្រុងសៀងហៃ។ សាកលវិទ្យាល័យនេះ មានអ្នកជ្រើសរើសរៀនច្រើនបំផុតនៅចិន ដោយមានសិស្សច្រើនជាង ៤៥ ០០០នាក់ ជាមួយតម្លៃសិក្សាក្នុងមួយឆ្នាំ ៣ ៣៤៨ដុល្លារ។ សាកលវិទ្យាល័យនេះ ផ្តល់ជូននៅកម្មវិធីបង្រៀនភាសាអង់គ្លេស និងកម្មវិធីផ្លាស់ប្តូរការសិក្សាជាច្រើន ដោយមានដៃគូសហការជាមួយសាកលវិទ្យាល័យជុំវិញពិភពលោក។
 
៤.សាកលវិទ្យាល័យជឺជាំង (Zhejiang University) 
ជាគ្រឹះស្ថានឧត្តមសិក្សាកំពូលមួយរបស់ចិន ដែលបង្កើតឡើងតាំងពីឆ្នាំ១៨៩៧ មានទីតាំងស្ថិតនៅក្រុងហាងចូវ ខេត្តជឺជាំង និងមានសាខាចំនួន៧។ សាកលវិទ្យាល័យនេះ បានចាប់ដៃគូសហការ ជាមួយស្ថាប័នជាង ១៨០ កន្លែងមកពីជាង៣០ប្រទេស។
 
 ៥.សាកលវិទ្យាល័យសៀងហៃជាវថុង (Shanghai Jiao Tong University) 
ត្រូវបានបង្កើតឡើងនៅទីក្រុងសៀងហៃ ក្នុងឆ្នាំ១៨៩៦។ បច្ចុប្បន្ននេះ សាកលវិទ្យាល័យនេះ បានជាប់ក្នុងតារាងសាកលវិទ្យាល័យកំពូលទាំង១០០ របស់ពិភពលោក។
 
៦.សាកលវិទ្យាល័យវិទ្យាសាស្រ្តនិងបច្ចេកវិទ្យាចិន (USTC) 
ជាសាកលវិទ្យាល័យសាធារណៈកំពូលមួយ ស្ថិតក្នុងក្រុងហឺហ្វី ខេត្តអានហ៊ុយ។
 
៧.សាកលវិទ្យាល័យណានជីង (Nanjing University)
ជាសាកលវិទ្យាល័យមួយ ក្នុងចំណោមសាកលវិទ្យាល័យដំបូងគេរបស់ចិន ដែលចុះឈ្មោះនិស្សិតអន្តរជាតិ។ សាកលវិទ្យាល័យនេះ បានបង្កើតឡើងនៅឆ្នាំ១៩០២ ដោយបច្ចុប្បន្ននិស្សិតអន្តរជាតិរាប់ម៉ឺននាក់ មកពីជាង១០០ប្រទេស លើពិភពលោកមកសិក្សា។ ឯតម្លៃសិក្សាត្រឹមតែចន្លោះ ៨០០ដុល្លារ ទៅ ១ ០០០ដុល្លារក្នុងមួយឆ្នាំ ដោយផ្អែកតាមមុខជំនាញ។
 
៨.សាកលវិទ្យាល័យវូហាន (Wuhan University) 
បង្កើតឡើងនៅឆ្នាំ១៨៩៣ ដោយមានប្រវត្តិសាស្រ្តអប់រំនិស្សិតអន្តរជាតិ ដ៏យូរបំផុត។ ចាប់តាំងពីឆ្នាំ១៩៥០ សាកលវិទ្យាល័យនេះ បានចាប់ផ្តើមទទួលចុះឈ្មោះនិស្សិតបរទេស។ WHU ត្រូវបានទទួលស្គាល់ថា ជាសាកលវិទ្យាល័យដ៏ស្រស់ស្អាតបំផុត ក្នុងទឹកដីចិន។
 
៩.សាកលវិទ្យាល័យថុងជី (Tongji University) 
ជាសាកលវិទ្យាល័យស្ថិតនៅសៀងហៃ ដែលបង្កើតឡើងក្នុងឆ្នាំ១៩០៧ មានសាខាចំនួន៥។ សាកលវិទ្យាល័យនេះ មានដៃគូសហការ ជាមួយបណ្តាសាកលវិទ្យាល័យអឺរ៉ុបជាច្រើន។
 
១០. សាកលវិទ្យាល័យប៉េកាំង (Beijing Normal University) 
ត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩០២ ស្ថិតក្នុងរដ្ឋធានីប៉េកាំង៕
 

Tag:
 ចិន
© រក្សាសិទ្ធិដោយ thmeythmey.com