ជាតិ
សង្គមជាតិ
ឆ្នាំ២០២១ សមត្ថកិច្ចបង្រ្កាបសារធាតុញៀនជាង៨០តោន
31, Jan 2022 , 5:59 pm        
រូបភាព
សមត្ថកិច្ចភ្នំពេញ បានចាប់បុរសជនជាតិវៀតណាមម្នាក់ កាលពីថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២១ ហើយបានដកហូតគ្រឿងញៀន១៨១​គីឡូក្រាម និង៣៧០ក្រាម។
សមត្ថកិច្ចភ្នំពេញ បានចាប់បុរសជនជាតិវៀតណាមម្នាក់ កាលពីថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២១ ហើយបានដកហូតគ្រឿងញៀន១៨១​គីឡូក្រាម និង៣៧០ក្រាម។
 ភ្នំពេញ៖ បទល្មើសគ្រឿងញៀន មាន ៦៣០០ករណី នៅឆ្នាំ២០២១ ។ ក្នុងនោះសមត្ថកិច្ចបានបង្ក្រាបគ្រឿងជាង៤៦០០គីឡូក្រាម ហើយសារធាតុញៀនមានជាង៨៤តោន។

 
សម្ដេច ស ខេង រដ្ឋមន្រី្តក្រសួងមហាផ្ទៃថា ចំនួនបង្ក្រាបគ្រឿងញៀនថយចុះ ប៉ុន្តែបទល្មើសគ្រឿងញៀនទ្រង់ទ្រាយធំកើនឡើង។ សម្ដេចសង្កត់ធ្ងន់ថា កម្ពុជានៅតែរងឥទ្ធិពលអាក្រក់ នៃគ្រឿងញៀននេះ។
 
ពេញមួយឆ្នាំ២០២១ សមត្ថកិច្ច បង្ក្រាបបទល្មើសគ្រឿងញៀនបាន៦៣០៨ករណី ស្មើនឹង៦០ភាគរយនៃឆ្នាំឆ្នាំ២០២០ ពោលគឺបានថយចុះ៤១៥៣ករណី។ ករណីបង្ក្រាបទាំងអស់នេះ សមត្ថកិច្ចបានរឹបអូសគ្រឿងញៀនជាង៤៦០០គីឡូក្រាម ហើយសារធារគីមីជាង៨៤តោន។ នេះបើតាមការចេញផ្សាយលើទំព័រហ្វេសប៊ុករបស់សម្ដេច ស ខេង នៅថ្ងៃទី៣១មករា ។
 
រដ្ឋមន្ត្រីមហាផ្ទៃបញ្ជាក់ថា៖ « បង្ក្រាបបទល្មើសគ្រឿងញៀនធំៗបានកើនឡើង ដោយមានគ្រឿងញៀនសរុបប្រមាណ៨០តោន រួមទាំងម៉ាស៊ីនផលិតកែច្នៃស្វ័យប្រវត្តិឈុតធំៗដ៏គ្រោះថ្នាក់ជាច្រើនទៀត នៅរាជធានីភ្នំពេញ និងបណ្ដាខេត្ត មានភូមិសាស្រ្តជាប់រាជធានី ជាប់ព្រំដែនឡាវ ថៃ និងវៀតណាម នៅតាមប្រៃសណីយ៍ និងនៅលើផ្ទៃសមុទ្រ»។ 
 
បើតាមសម្ដេច ស ខេង សាធាតុគីមីដែលបង្ក្រាបបានជាង៨០តោន នេះ កើនឡើងជាង១ពាន់ភាគរយ បើធៀបនឹងឆ្នាំមុន។ រដ្ឋមន្រី្តក្រសួងមហាផ្ទៃលើកឡើងថា បញ្ហាគ្រឿងញៀននឹងមិនងាយរកទីបញ្ចប់ឃើញនោះទេ ដោយសារក្រុមឧក្រិដ្ឋជននៅតែបន្តរិះរកវិធីសាស្ត្រថ្មីៗ ដើម្បីផលិតនិងចែកចាយ។ សម្ដេចបានអំពាវនាវដល់កងកម្លាំងអនុវត្តច្បាប់ និងប្រជាពលរដ្ឋទាំងអស់ ចូលរួមអនុវត្តន៍តាមយុទ្ធសាស្ត្រប្រយុទ្ធប្រឆាំងគ្រឿងញៀន ក្រោមពាក្យស្លោក បីកុំថា «កុំពាក់ព័ន្ធ, កុំអន្តរាគមន៍, កុំលើកលែង»។ 
 
របាយការណ៍គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ឆ្នាំ២០២១ បានឲ្យដឹងថា សមត្ថកិច្ចបានចាប់យករថយន្ត១៣៨គ្រឿង, ម៉ូតូ១៩៨៨គ្រឿង រួមទាំងទូរសព្ទជាង៦៥៥៤គ្រឿង ដែលជាប់ពាក់ព័ន្ធនឹងបទល្មើសគ្រឿងញៀន។ ទន្ទឹមនឹងនេះ មានអាវុធវែងខ្លីជិត៨០ដើម ប្រាក់ជាង៧៨លានរៀល រួមទាំងលុយដុល្លារជាង៣ម៉ឺនដុល្លារ៕ 
 

Tag:
 សង្គម
  គ្រឿងញៀន
© រក្សាសិទ្ធិដោយ thmeythmey.com