អន្តរជាតិ
ក្លិបអ្នកកាសែតបរទេស៖​ អ្នកសារព័ត៌មានបរទេសធ្វើការនៅចិន ប្រឈមសម្ពាធមិនធ្លាប់មាន
31, Jan 2022 , 5:59 pm        
រូបភាព
ដោយ:
រាប់ចាប់ពីការគំរាមតាមផ្លូវច្បាប់ យុទ្ធនាការវាយប្រហារតាមប្រព័ន្ធអនឡាញ និងការបណ្តេញចេញនៃអ្នកសារព័ត៌មានបរទេស បានធ្វើឱ្យអ្នកសារព័ត៌មានបរទេសនៅចិនកំពុងប្រឈមនឹងផលវិបាកដែលមិនធ្លាប់មានពីមុនមក។ នេះបើតាមរបាយការណ៍របស់ក្លិបអ្នកកាសែតបរទេសនៅចិន (FCCC) ផ្សាយនៅថ្ងៃទី៣១ ខែមករា។

 
ក្នុងរបាយការណ៍ប្រចាំឆ្នាំរបស់ខ្លួន FCCC រកឃើញថា ក្នុងចំណោមអ្នកសារព័ត៌មានបរទេស១២៧ នាក់ក្នុងចំណោម ១៩២នាក់ ដែលបានចូលរួមក្នុងការស្ទង់មតិ ៩៩ភាគរយលើកឡើងថា ពួកគេមានអារម្មណ៍ថាលក្ខខណ្ឌការងារព័ត៌មាននៅចិនមិនស្របតាមស្តង់ដារអន្តរជាតិ។ ស្ទើរតែពាក់កណ្តាលនៃអ្នកឆ្លើយតបក៏អះអាងថា ការិយាល័យរបស់ពួកគេមានបុគ្គលិកតិច ដោយសារអ្នកកាសែតមិនទាន់អាចចូលប្រទេសវិញបាន ព្រោះអាជ្ញាធរចិនពន្យារពេលការអនុម័តទិដ្ឋាការ។ 
 
បើតាមរបាយការណ៍ដដែល ៨៨ភាគរយនៃអ្នកសារព័ត៌មានដែលបានធ្វើដំណើរទៅកាន់តំបន់ស៊ីនជាំងក្នុងឆ្នាំ ២០២១ បញ្ជាក់ថា ពួកគេត្រូវបានតាមដាន ហើយ៣៤ភាគរយទៀតនិយាយថា ពួកគេត្រូវបានស្នើសុំឱ្យលុបទិន្នន័យ។ FCCC បញ្ជាក់នៅក្នុងរបាយការណ៍ប្រចាំឆ្នាំថា ទីក្រុងប៉េកាំងហាក់ដូចជាជំរុញឱ្យមានការប្តឹងប្ដល់អ្នកសារព័ត៌មាន ឬគំរាមមានចំណាត់ការផ្លូវច្បាប់ប្រឆាំងនឹងអ្នកសារព័ត៌មានបរទេសតែម្ដង។
 
«ជាពិសេស ស្ថាប័នព័ត៌មានប្រឈមមុខនឹងការព្រមានថា ការរាយការណ៍របស់ពួកគេអាចនាំឱ្យឈានដល់ការដាក់ទណ្ឌកម្មផ្លូវច្បាប់ ឬបណ្តឹងរដ្ឋប្បវេណី ឬអាចឈានដល់ការស៊ើបអង្កេតខាងសន្តិសុខជាតិ»។ នេះ​បើ​តាម​ការ​លើក​ឡើង​របស់​ David Rennie ប្រធាន​ការិយាល័យទស្សនាវដ្ដី​ The Economist ប្រចាំ​ទីក្រុង​ប៉េកាំង។ លោក Rennie បន្តថា វាក៏បង្ហាញពីការផ្លាស់ប្តូរគួរឱ្យព្រួយបារម្ភទាក់ទិននឹងការគ្រប់គ្រងប្រព័ន្ធផ្សព្វផ្សាយនៅចិនដូចជាការហាមអ្នកកាសែតពីព្រឹត្តិការណ៍ណាមួយ ឬតាមរយៈការផ្អាកចេញប័ណ្ណសារពត៌មាន និងទិដ្ឋាការជាដើម។
 
ទន្ទឹមនឹងនេះ បើតាមរបាយការណ៍របស់ FCCC ដដែល អ្នកសារព័ត៌មានបរទេស និងស្ថាប័នររបស់ពួកគេ បានបង្កើតផែនការចាកចេញករណីមានបញ្ហាអាសន្នដោយបារម្ភហានិភ័យ ខណៈដែលយុទ្ធនាការវាយប្រហារតាមអនឡាញប្រឆាំងពួកគេដែលគាំទ្រដោយរដ្ឋ រឹតតែធ្វើឱ្យពួកគេបំពេញការងារ។ ត្រង់នេះ FCCC អះអាងថា​ សកម្មភាពបែបនេះជំរុញឱ្យមានការកើនឡើងនូវការគិតថាប្រព័ន្ធផ្សព្វផ្សាយបរទេសគឺជាសត្រូវ។
 
តាមពិតទៅ របាយការណ៍អ្នកកាសែតបរទេសនៅចិន មិនមែនជារឿងថ្មីឡើយ។ នៅឆ្នាំ២០២០ អាជ្ញាធរចិន បានឃុំខ្លួនអ្នកអត្ថាធិប្បាយព័ត៌មានលោកស្រី Cheng Lei ជនជាតិអូស្រ្តាលីធ្វើការឱ្យទូរទស្សន៍រដ្ឋចិន CGTN និងលោកស្រី Haze Fan នៃសារព័ត៌មាន Bloomberg។ អាជ្ញាធរ​ចិន​អះអាង​ថា ពួកគេ​ជាប់សង្ស័យ​ពាក់ព័ន្ធការ​បង្ក​គ្រោះថ្នាក់​ដល់​សន្តិសុខ​ជាតិ។ 
 
នៅឆ្នាំ២០២០ ដដែល អ្នកកាសែតធំៗរបស់អាម៉េរិកចំនួន៣ដូចជា The New York Times, The Washington Post និង The Wall Street Journal ត្រូវបានបណ្តេញចេញ។ របាយការណ៍របស់ FCCC បង្ហាញថា អ្នកកាសែតចំនួន១៨នាក់ដែលធ្វើការឱ្យប្រព័ន្ធផ្សព្វផ្សាយអាម៉េរិកត្រូវបានបណ្តេញចេញក្នុងឆ្នាំ ២០២០ ។ ចំណែកអ្នកសារព័ត៌មានជាច្រើន បន្តរាយការណ៍ព័ត៌មានទាក់ទងនឹងចិនពីប្រទេសផ្សេងៗ  ខណៈអ្នកកាសែតដែលធ្វើការឱ្យក្រុមហ៊ុនអាម៉េរិកនៅចិននៅសេសសល់ផ្សេងទៀតមានបញ្ហាក្នុងការបន្តប័ណ្ណសារព័ត៌មានផងដែរ៕
 

Tag:
 ចិន
© រក្សាសិទ្ធិដោយ thmeythmey.com