អន្តរជាតិ
អ្វីទៅជានយោបាយការទូតខ្លាឃ្មុំផេនដារបស់ចិន?
01, Feb 2022 , 9:41 am        
រូបភាព
ខ្លាឃ្មុំផេនដានៅសួនសត្វបែលហ្ស៊ិក។ រូបថត Xinhua
ខ្លាឃ្មុំផេនដានៅសួនសត្វបែលហ្ស៊ិក។ រូបថត Xinhua
ខ្លាឃ្មុំផេនដាដែលមានសម្បុរពណ៌សលាយខ្មៅប្លែកពីពូជខ្លាឃ្មុំដទៃ ជាសម្បត្តិជាតិមួយរបស់ចិន។ មិនត្រឹមជាសម្បត្តិជាតិឡើយ ខ្លាឃ្មុំមួយប្រភេទនេះ ក៏ដើរតួសំខាន់ដែរក្នុងនយោបាយការទូតរបស់ចិនតាមរយៈការឱ្យប្រទេសដទៃខ្ចីសម្រាប់ការតាំងបង្ហាញ ព្រោះខ្លាឃ្មុំនេះមានតែនៅចិនប៉ុណ្ណោះ។ វាក៏ក្លាយជា ការទូតខ្លាឃ្មុំផេនដា (Panda Diplomacy) ដែលត្រូវមើលឃើញថា ជាយុទ្ធសាស្រ្តការទូត​មួយ​ដ៏​ជោគជ័យដែលចិនបានប្រើប្រាស់ដើម្បីពង្រឹងទំនាក់ទំនងជាមួយប្រទេសផ្សេងៗ។

 
ការផ្ដល់អំណោយឱ្យគ្នាទៅវិញទៅមក វាមិនមែនជារឿងថ្មីឡើយក្នុងនយោបាយការទូតរវាងប្រទេសនិងប្រទេស។ ដូចកន្លងមក ពពួកសត្វណាដែលមានសារសំខាន់ សម្រាប់ជាតិសាសន៍​ណាមួយ​ ពពួកសត្វនោះនឹងត្រូវផ្សារភ្ជាប់ជាអំណោយការទូត ដែលជា​ការអនុវត្តយូរយារមក។ ការទូតផេនដា ក៏មិនខុសគ្នា។ ការទូតខ្លាឃ្មុំផេនដា ជាការអនុវត្តនៃ​ការបញ្ជូន​ខ្លាឃ្មុំ​ផេនដា ពីចិនទៅកាន់​ប្រទេស​ផ្សេងៗ​ ក្នុងន័យ​បម្រើនយោបាយការទូតរបស់ចិន។ វាដូចជាការផ្ដល់​អំណោយទៅដល់ប្រទេសដៃគូ​ផ្សេងៗ ​ដើម្បី​រឹត​ចំណងការទូត រវាងប្រទេសនិងប្រទេស។ 
 
តើការទូតខ្លាឃ្មុំដាកើតឡើងតាំងពីពេលណាមក? ប្រទេសណាខ្លះដែលបានទទួលអំណោយ​ដ៏​សំខាន់នេះពីចិន?
 
បើនិយាយពីការអនុវត្តនៃការទូតនេះជាលើកដំបូង នោះយើងត្រូវត្រឡប់ទៅមើលតាំងពីរាជវង្សថាង​ ដែលនៅពេលនោះអធិរាជចិន Wu Zetian បានបញ្ជូនខ្លាឃ្មុំពីរក្បាល ដែលត្រូវបានជឿថា ជា​ខ្លាឃ្មុំ​ផេនដាទៅជប៉ុន។ យ៉ាងណាមិញ អំណោយខ្លាឃ្មុំផេនដា ត្រូវបានអនុវត្តទៀងទាត់ជាងមុនចាប់ពីឆ្នាំ១៩៥០ ហើយ​បាន​ក្លាយជានិមិត្តរូបនៃសុច្ឆន្ទ និងមិត្តភាពជាមួយប្រទេសដទៃ។ ស្របពេលនោះ ទីក្រុងប៉េកាំង​ ក៏​បាន​កំពុ​ង​ប្រឹងប្រែងពង្រឹងតួនាទីរបស់ខ្លួន លើឆាកអន្តរជាតិផងដែរ។
 
នៅឆ្នាំ១៩៥៧ ចិនបានផ្ដល់អំណោយខ្លាឃ្មុំផេនដាយក្ស ឈ្មោះ Ping Ping ឱ្យសហភាព​សូវៀត ព្រោះសូវៀតបានក្លាយជាប្រទេសដំបូងគេ ដែលបង្កើតទំនាក់ទំនងការទូតជាមួយចិនកុម្មុយនីស្ត។ ប៉ុន្មានខែបន្ទាប់ពីដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីអាម៉េរិក Richard Nixon ទៅកាន់ទីក្រុង​ប៉េកាំង​នៅឆ្នាំ១៩៧២ ដើម្បីភ្ជាប់ទំនាក់ទំនងការទូត អាម៉េរិកបាន​ទទួលខ្លាឃ្មុំផេនដា​ដ៏ធំដំបូង​ ឈ្មោះ Hsing Hsing និង Ling Ling ។ ជាថ្នូរនឹងគ្នា លោក Nixon បានផ្តល់អំណោយគោ musk ពីរ ដល់ចិនវិញ។ 
 
កាលនោះ ​ខ្លាឃ្មុំផេនដា រឹតតែមានប្រជាប្រិយភាពខ្លាំងឡើង ហើយអំណោយរបស់ចិនមួយនេះ​ ត្រូវបាន​មើលឃើញថាជាជោគជ័យផ្នែកការទូត ដ៏ធំសម្បើមមួយ។ ក្នុងឆ្នាំ ១៩៧៤ អំឡុង​ពេល​ទស្សនកិច្ច​ទៅ​កាន់ចិន នាយករដ្ឋមន្ត្រីអង់គ្លេស Edward Heath បានស្នើសុំខ្លាឃ្មុំផេនដា ពីចិន​យកចក្រភព​អង់គ្លេសវិញ។
 
ការទូតខ្លាឃ្មុំផេនដា បានបន្តយ៉ាងសកម្មរហូតដល់ទសវត្សរ៍ឆ្នាំ១៩៨០ ។ អំឡុងពេលនោះ ខ្លាឃ្មុំ​ផេនដាយក្សចំនួន២៣ក្បាល ត្រូវបានផ្តល់ឱ្យប្រទេសជាច្រើន មានបារាំង ចក្រភពអង់គ្លេស និង​ជប៉ុន​ជាដើម។
 
លែងឱ្យដាច់ តែឱ្យខ្ចីវិញ ព្រោះចំនួនផេនដាធ្លាក់ចុះ
 
ខណៈចំនួនសត្វខ្លាឃ្មុំផេនដា ដែលនៅមាននៅចិនបានជួបការគំរាមកំហែង រដ្ឋាភិបាល​ចិន​ បាន​ប្តូរ​ពី​ការ​ផ្តល់​អំណោយ​ទៅ​ជា​ការខ្ចីវិញ។ នៅឆ្នាំ១៩៨៤ មេដឹកនាំចិន តេង ស៊ាវភីង បានឱ្យខ្លាឃ្មុំផេនដា​ពីរ​ក្បាល ដល់ទីក្រុង Los Angeles អំឡុងព្រឹត្តិការណ៍កីឡាអូឡាំពិកឆ្នាំ១៩៨៤ ក្រោមតម្លៃ៥ម៉ឺនដុល្លារ​ក្នុងមួយខែ សម្រាប់ខ្លាឃ្មុំផេនដាមួយក្បាល។
 
ការអនុវត្តនេះ ត្រូវបានកែប្រែម្តងទៀតក្នុងឆ្នាំ១៩៩១ ដើម្បីផ្តល់ការកម្ចីរយៈពេលវែង។ ចិន ចាប់ផ្តើម​ផ្តល់សត្វខ្លាឃ្មុំផេនដា ដល់ប្រទេសផ្សេងទៀតដល់ដប់ឆ្នាំ។ លក្ខខណ្ឌកម្ចីស្ដង់ដារ​រួមមាន​ថ្លៃសេវា​រហូត​ដល់១លានដុល្លារ ក្នុងមួយឆ្នាំ ហើយកូនខ្លាឃ្មុំផេនដា ដែលកើតក្នុងអំឡុងពេលកម្ចី ក្លាយជា​កម្មសិទ្ធិ​របស់សាធារណរដ្ឋប្រជាមានិតចិនដដែល។
 
ការរៀបចំថ្មីនេះ ស្តាប់ទៅដូចជាការរកស៊ីច្រើនជាងការពង្រឹងទំនាក់ទំនងការទូត។ យ៉ាងណាមិញ ចិន​មិនមែនធ្វើបែបនេះតែឯងនោះទេ។ ក្នុងឆ្នាំ២០១៥ អូស្ត្រាលីបានឱ្យខ្លាឃ្មុំ Koala ៤ក្បាល ទៅសិង្ហបុរីខ្ចី ដើម្បីប្រារព្ធខួប៥០ឆ្នាំនៃទំនាក់ទំនងការទូតផងដែរ។
 
សម្រាប់ចិន យុទ្ធសាស្ត្រខ្លាឃ្មុំផេនដា បានផ្តល់លទ្ធផលវិជ្ជមានទាំងផ្នែកការទូត និងទាំងការ​លើកក​ម្ពស់ការយល់ដឹង ពីការអភិរក្សសត្វដ៏សំខាន់មួយនេះ។ ប្រាក់មូលនិធិមួយចំណែកធំដែលរក​បាន​ តាម​រយៈគម្រោងប្រាក់កម្ចីនេះ បានចំណាយលើការកែលម្អជម្រកឫស្សីធម្មជាតិ និងគាំទ្រកម្មវិធី​បង្កាត់​ពូជ​សត្វខ្លាឃ្មុំផេនដា របស់ចិនផងដែរ។ សព្វថ្ងៃនេះ ខ្លាឃ្មុំផេនដា មានវត្តមានក្នុងប្រទេស​ចំនួន​២០ហើយ ការឱ្យខ្ចីខ្លាឃ្មុំផេនដាថ្មីៗបំផុតនេះ គឺក្នុងឆ្នាំ ២០១៩ ដែលដាណឺម៉ាក​ ទទួលបានសត្វខ្លាឃ្មុំផេនដា​មួយ​គូ។
 
ប្រទេសដែលទទួលបានខ្លាឃ្មុំផេដា ក៏បានទទួលផលប្រយោជន៍យ៉ាងច្រើន ក្នុងរយៈពេលជា​ច្រើន​ឆ្នាំម​កនេះ ជាពិសេសទាក់ទងនឹងចំនួនអ្នកទស្សនា ដែលត្រូវបានទាក់ទាញដោយសត្វដ៏​គួរឱ្យ​ស្រឡាញ់​មួយនេះ៕
 
 

Tag:
 ចិន
© រក្សាសិទ្ធិដោយ thmeythmey.com