អន្តរជាតិ
​​​​​​​​​មហាកំពែងចិន ពីជញ្ជាំងទប់ទល់ការឈ្លានពានក្លាយជាគោលដៅទេសចរណ៍ដ៏សំខាន់
01, Feb 2022 , 10:41 am        
រូបភាព
ដោយ:
មហាកំពែងចិនដែលជាកម្រងជញ្ជាំង និងកំពែងបុរាណ ស្ថិតនៅក្នុងចំណោមសំណង់ដ៏ល្បីល្បាញបំផុតមួយលើពិភពលោក។ មហាកំពែងចិនត្រូវបានចុះនៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោកយូណេស្កូ តាំងពីឆ្នាំ១៩៨៧ ។ ត្រូវបានសាងសង់ឡើងក្នុងគោលបំណងការពារការឈ្លានពានកាលពីសម័យបុរាណ មហាកំពែងចិនបច្ចុប្បន្ននេះ ប្រែក្លាយជាគោលដៅទេសចរណ៍ដែលទាក់ទាញភ្ញៀវទេសចររាប់លាននាក់ជារៀងរាល់ឆ្នាំ។

 
មហាកំពែងចិន លាតសន្ធឹងចាប់ពីភាគខាងកើតស្រុកសានហៃគ័ន ខេត្តហឺប៉ី  ​រហូតដល់ភាគខាងលិចត្រង់បន្ទាយចាអ៊ីគ័ន ក្នុងខេត្តកាន់ស៊ូ។ កំពែងនេះ មិនមែនមានជាសំណង់តែមួយឡើយ តែមានខ្នែងច្រើនដែលត្រូវបានសាងសង់ក្នុងរជ្ជកាលស្ដេចផ្សេងគ្នា។ មហាកំពែងចិនគឺជាសំណង់ដែលត្រូវបានសាងសង់ឡើងដោយមនុស្សផ្ទាល់ ហើយក៏ជាកំពែងដែលមានប្រវែងវែងជាងគេបំផុតដែរ។​ 
 
សំណង់នេះ ដើរតួនាទីក្នុងការការពារចិនពីការឈ្លានពាននៅភាគខាងជើងប្រទេសជាច្រើនសតវត្សរ៍ ហើយបានក្លាយជានិមិត្តសញ្ញាជាតិ និងទិសដៅទេសចរណ៍ដ៏ពេញនិយមបំផុតរបស់ចិនដែលទាក់ទាញភ្ញៀវទេសចររាប់លាននាក់ជារៀងរាល់ឆ្នាំ។ លើសពីនេះទៅទៀត មហាកំពែងចិនត្រូវបានចុះនៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោកយូណេស្កូនៅឆ្នាំ១៩៨៧ សម្រាប់តម្លៃលេចធ្លោជាសកលរបស់វា។
 
ការអភិវឌ្ឍសាងសង់ជញ្ជាំង ឬកំពែងចាប់ផ្តើមដំណើរការតាំងពីឆ្នាំ ២២០ មុនគ្រិស្តសករាជ ក្រោមការដឹកនាំរបស់អធិរាជចិនដំបូង ឈីន ស៊ីហ័ង​ (Qin Shi Huang)។ នៅ​ពេល​នោះ ជញ្ជាំងត្រូវបានធ្វើមកពី​ដី​ និង​ឈើ​។ អធិរាជជាបន្តបន្ទាប់បានពង្រឹង និងពង្រីកជញ្ជាំងជាញឹកញាប់ក្នុងគោលបំណងដើម្បីទប់ស្កាត់ការឈ្លានពានពីកុលសម្ព័ន្ធភាគខាងជើងប្រទេស ពិសេសពួកម៉ុងហ្គោល ហើយផ្នែកខ្លះត្រូវបានសាងសង់ពីឥដ្ឋវិញ។ 
 
ខណៈបច្ចេកទេសសាងសង់ជឿនលឿន ជញ្ជាំង​ត្រូវ​បាន​សាងសង់​​ឱ្យទាន់តាមសម័យកាល​ជា​បន្តបន្ទាប់​ដែរ។ សម័យរាជវង្សម៉េង (ឆ្នាំ១៣៦៨-១៦៤៤) បានកែលម្អជញ្ជាំងដោយមានប៉ម និងវេទិកា។ លើសពីនេះ រាជវង្សឆេងនៅសតវត្សទី១៧ បានពង្រីកការគ្រប់គ្រងរបស់ចិនចូលទៅក្នុងម៉ុងហ្គោលីដែលធ្វើឱ្យមុខងារការពាររបស់ជញ្ជាំង ឬកំពែងមិនសូវសំខាន់ដូចសម័យមុន។ អធិរាជរាជវង្សឆេង បានព្យាយាមធ្វើឱ្យមានសន្តិភាពរវាងជាតិសាសន៍នានាដោយមិនជ្រៀតជ្រែកក្នុងជីវិតសាសនា វប្បធម៌ និងជីវភាពសង្គមឡើយ។ ដោយសារជោគជ័យនៃយុទ្ធសាស្ត្រនោះ មហាកំពែងនេះមិនសូវជាត្រូវបានជួសជុលញឹកញាប់ ហើយចាប់ផ្តើមដួលរលំបន្តិចម្តងៗ។
 
ឥឡូវនេះ ផ្នែកដែលនៅសេសសល់គឺជាផ្នែកដែលត្រូវបានសាងសង់ភាគច្រើននៅក្នុងរាជវង្សម៉េង ហើយតិចជាង១០ភាគរយ នៃផ្នែកទាំងនោះត្រូវបានការពារ ឬថែរក្សាយ៉ាងល្អ។ ប្រវែងកំពែងសរុបអំឡុងរាជវង្សម៉េងមានប្រហែល៨៨៥១គីឡូម៉ែត្រ ហើយប្រមាណ ៣០ភាគរយ នៃមហាកំពែងនេះបានខូចខាតទៅវិញដោយសារតែលក្ខខណ្ឌធម្មជាតិមិនល្អ និងសកម្មភាពរបស់មនុស្ស៕
 
 

Tag:
 ចិន
© រក្សាសិទ្ធិដោយ thmeythmey.com