អន្តរជាតិ
ឆ្នាំ១៩៧៩ ចិនឱ្យប្រជាជនមានកូនម្នាក់ តែឆ្នាំ២០២១ ឱ្យមានដល់បីនាក់
01, Feb 2022 , 7:29 pm        
រូបភាព
កំណើនប្រជាជនដ៏ឆាប់រហ័សនៅចិនអំឡុងទស្សវត្សរ៍១៩៥០ បានបង្កើតជាបញ្ហាសង្គម, សេដ្ឋកិច្ច, បរិស្ថាន ព្រមទាំងបានបង្កជាកង្វះខាតស្បៀងអាហារទៀតផង ខណៈរដ្ឋាភិបាលថ្មីទើបលេចរូបរាងមិនយូរប៉ុន្មាន។ ហេតុដូច្នេះ រដ្ឋាភិបាលចិនបានដាក់ចេញគោលនយោបាយកូនមួយក្នុងឆ្នាំ១៩៧៩។ យ៉ាងណាមិញ ក្រោយមករដ្ឋាភិបាលក៏បានកែប្រែគោលនយោបាយពីកូនមួយទៅកូនពីរ ហើយក្នុងឆ្នាំ២០២១ រដ្ឋាភិបាលចិនបានចាប់ផ្ដើមអនុវត្តគោលនយោបាយកូនបីទៀតផង។

 
ក្រោមគោលនយោបាយកូនតែមួយ រដ្ឋាភិបាលចិនកំណត់ឱ្យគូស្វាមីភរិយាថ្មីអាចមានកូនបានតែមួយនោះទេ។ គោលបំណងនៃគោលនយោបាយនេះគឺ ចង់កាត់បន្ថយបញ្ហាសង្គម, សេដ្ឋកិច្ច, បរិស្ថាន ព្រមទាំងបញ្ហាកង្វះអាហារជាដើមដែល មួយចំណែកធំបណ្ដាលមកពីកំណើនប្រជាជនយ៉ាងឆាប់រហ័សអំឡុងទស្សវត្សរ៍១៩៥០។
 
នៅចុងទស្សវត្សរ៍១៩៧០ ចំនួនប្រជាជនចិនបានឈានដល់ជាង១ពាន់លាននាក់យ៉ាងឆាប់រហ័ស។ ហេតុដូច្នេះហើយ រដ្ឋាភិបាលប៉េកាំងបានដាក់ចេញច្បាប់នេះក្នុងឆ្នាំ១៩៧៩ ដើម្បីទប់ស្កាត់អត្រាកំណើនប្រជាជនដែលបានហក់ឡើងយ៉ាងសម្បើម។ អាជ្ញាធរចិនបានរឹតបន្តឹងច្បាប់នេះជាបន្តបន្ទាប់ ហើយនៅឆ្នាំ១៩៨០ រដ្ឋាភិបាលបានអនុវត្តច្បាប់នេះទូទាំងប្រទេសតែម្ដង។ 
 
ដើម្បីជំរុញការអនុវត្តគោលនយោបាយថ្មី រដ្ឋាភិបាលចិនទាំងវិធីសាស្រ្តលើកទឹកចិត្ត និងការដាក់ទណ្ឌកម្ម។ អ្នកដែលបានអនុវត្តតាមច្បាប់នឹងមានការលើកទឹកចិត្តផ្នែកហិរញ្ញវត្ថុ ក៏ដូចជាឱកាសការងារជាអាទិភាពផងដែរ។ ឯអ្នកបំពានគោលនយោបាយវិញ ទទួលទណ្ឌកម្មសេដ្ឋកិច្ច និងការពិន័យផ្សេងៗទៀត។ ពេលខ្លះរដ្ឋាភិបាល បានប្រើវិធានការតឹងរ៉ឹងផ្សេងៗទៀតដែលមានទាំងការរំលូត កូនដោយបង្ខំ និងការក្រៀវជាដើម។
 
គោលនយោបាយខាងលើ ផ្ដល់ផលប៉ះពាល់ជាច្រើនដល់បញ្ហាប្រជាសាស្រ្ត និងសេដ្ឋកិច្ចរបស់ចិន។ ដោយសារជាទូទៅកូនប្រុសត្រូវបានគេពេញចិត្តជាងកូនស្រី ប្រជាជនចិនសរុបមានប្រុសច្រើនជាងស្រី។ លើសពីនេះ ការរំលូតកូន និងចំនួនទារកដែលបន្សល់ចោលនៅមណ្ឌល កុមារកំព្រាបានកើនឡើងជាច្រើនផងដែរ។
 
គោលនយោបាយកូនមួយនេះ ក៏បានជំរុញឱ្យមានការថយចុះអត្រាកំណើត ដែលនេះមានន័យថា កុមារតិចតួចដែលបានកើត ខណៈដែលអត្រាស្លាប់ធ្លាក់ចុះ និងអត្រាអាយុវែងបានកើនឡើង។ ការណ៍នេះ នាំឱ្យក្រុមមនុស្សវ័យចំណាស់ជាច្រើនត្រូវពឹងផ្អែកលើក្រុមមនុស្សវ័យក្មេងដែលមានតិចជាង។
 
ដំបូងឡើយ គោលនយោបាយកូនតែមួយត្រូវបានចាត់ជាវិធានការបណ្តោះអាសន្នប៉ុណ្ណោះ។ គោលនយោបាយនេះ ត្រូវបានប៉ាន់ប្រមាណថា បានទប់ស្កាត់កំណើនប្រជាជនរហូតដល់៤០០លាននាក់ចាប់តាំងពីការដាក់ចេញមក។
 
យ៉ាងណាមិញ គោលនយោបាយកូនមួយនេះ បែរជាបង្កបញ្ហានៅរយៈពេលវែងទៅវិញ។ ចំនួនប្រជាជនវ័យចំណាស់មានកាន់តែច្រើន ស្របពេលយុវជនមានតិចតួចដែលធ្វើឱ្យប៉ះពាល់កម្លាំងពលកម្មក្នុងប្រទេស។ រដ្ឋក៏ត្រូវចំណាយលើការផ្គត់ផ្គង់សម្រាប់ការចូលនិវត្តន៍របស់មនុស្សចាស់រួមមាន ការថែទាំសុខភាព សុខាភិបាល និងប្រាក់សោធននិវត្តន៍ជាដើម។
 
ហេតុដូច្នេះគោលនយោបាយកូនមួយបានដកចេញជាផ្លូវការក្នុងឆ្នាំ២០១៥ ហើយរដ្ឋា ភិបាលបានបន្ធូរបន្ថយមកអនុវត្តគោលនយោបាយកូនពីរវិញក្នុងឆ្នាំដដែលនោះ។ ខណៈ គោលនយោបាយកូនពីរបានបរាជ័យក្នុងការបង្កើនអត្រាកំណើតដែលនៅតែបន្តធ្លាក់ចុះ និងដើម្បីបញ្ចៀសវិបត្តិប្រជាសាស្រ្ត បុរសច្រើនជាងស្ត្រី នៅឆ្នាំ២០២១ រដ្ឋាភិបាលចិន បានប្រកាសអនុញ្ញាតឱ្យគូស្វាមីភរិយាទាំងអស់អាចមានកូនរហូតដល់បីនាក់ ហើយព្រមទាំងបានសន្យាផ្ដល់ប្រាក់ចំនួនជាង ១ លានយ័នសម្រាប់ឱពុកម្ដាយណាដែលបានសម្រាលទារកថ្មីផងដែរ។ 
 
យ៉ាងណាមិញ វិធានការបែបនេះទំនងជាមិនបានលើកទឹកចិត្តឱ្យគ្រួសារចិនសម្រេចយកកូនបន្ថែមទៀតនោះទេដោយសារតែបន្ទុកចិញ្ចឹមកូន, ថ្លៃសិក្សា និងថ្លៃផ្ទះជាដើមកំពុងតែកើនឡើងជាខ្លាំង៕
 

Tag:
 ចិន
© រក្សាសិទ្ធិដោយ thmeythmey.com