អន្តរជាតិ
អ្នករៀបចំកីឡាអូឡាំពិកប៉េកាំង៖ ករណីឆ្លងជំងឺកូវីដ-១៩ ស្ថិតក្រោមការគ្រប់គ្រងបាន
01, Feb 2022 , 5:31 pm        
រូបភាព
អ្នកអនាម័យ កំពុងសម្អាតរនាំងកញ្ចក់ដែលជាវិធានការទប់ស្កាត់ជំងឺកូវីដ-១៩។ រូបថត Xinhua
អ្នកអនាម័យ កំពុងសម្អាតរនាំងកញ្ចក់ដែលជាវិធានការទប់ស្កាត់ជំងឺកូវីដ-១៩។ រូបថត Xinhua
ដោយ:
ស្ថានភាពនៃការឆ្លងជំងឺកូវីដ-១៩ ពាក់ព័ន្ធព្រឹត្តិការណ៍កីឡាអូឡាំពិក២០២២ ស្ថិតក្រោមការគ្រប់គ្រងបាន ​បើទោះជាសន្ទុះករណីឆ្លងថ្មីបន្តហក់ឡើងក្តី។ មន្រ្តីជាន់ខ្ពស់ប្រចាំការិយាល័យទប់ស្កាត់ និងគ្រប់គ្រងជំងឺកូវីដ-១៩ របស់គណៈកម្មាធិការរៀបចំព្រឹត្តិការណ៍អូឡាំពិករដូវរងាបានថ្លែងបែបនេះនៅថ្ងៃទី១ ខែកុម្ភៈ។


ខណៈព្រឹត្តិការណ៍កីឡាអូឡាំពិកនារដូវរងាដែលក្រុងប៉េកាំងធ្វើជាម្ចាស់ផ្ទះកាន់តែខិតជិតមកដល់ករណីឆ្លងជំងឺកូវីដ-១៩ ត្រូវបានរកឃើញជាបន្តបន្ទាប់លើអ្នកពាក់ព័ន្ធព្រឹត្តិការណ៍ដ៏ធំនេះ។ គណៈកម្មាធិការរៀបចំព្រឹត្តិការណ៍កីឡាអូឡាំពិកឆ្នាំ២០២២ បានរាយការណ៍ថា គិតចាប់ពីថ្ងៃទី២៣ ខែមករាមក ខ្លួនបានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ កើនឡើងដល់២០០នាក់ ក្នុងចំណោមក្រុមអត្តពលិកនៅពេលមកដល់អាកាសយានដ្ឋាន និងអ្នកពាក់ព័ន្ធផ្សេងទៀត។
 
«នៅពេលមនុស្សកាន់តែច្រើនចូលក្នុងប្រទេសចិន ​ករណីនាំចូលនៃជំងឺកូវីដ-១៩ក៏កាន់តែកើនឡើងដែរ។» អគ្គនាយករងរបស់ការិយាល័យបង្ការនិងគ្រប់គ្រងជំងឺកូវីដ-១៩ ក្រោមគណៈកម្មាធិការរៀបចំលោក ហ័ង​ ឈុន បាននិយាយបែបនេះក្នុងសន្និសីទសារព័ត៌មាននៅថ្ងៃទី១ ខែកុម្ភៈ។ លោកបានលើកឡើងថា ការរកឃើញករណីឆ្លងថ្មីកើនឡើងនេះ ក៏បង្ហាញអំពីប្រសិទ្ធិភាព និងភាពត្រឹមត្រូវនៃការតាមដានរុករកពីក្រុមមន្រ្តីអាកាសយានដ្ឋានលើអ្នកដំណើរបរទេសដែរ។
 
នៅថ្ងៃទី៣១ខែមករា ក្រុមអ្នករៀបចំព្រឹត្តិការណ៍កីឡា បានរាយការណ៍ថា ខ្លួនបានរកឃើញករណីឆ្លងថ្មីចំនួន២៤នាក់ថែមទៀតដែលពាក់ព័ន្ធនឹងកីឡាអូឡាំពិកដោយក្នុងនោះ១៦ករណីជាអត្តពលិក។ នេះបើតាមការចុះផ្សាយពីទីភ្នាក់ងារ Reuters។ ករណីវិជ្ជមាន ធ្វើឱ្យពួកគេខកខានចូលរួមក្នុងការប្រកួតដែលចាប់ផ្ដើមពីថ្ងៃទី៤ខែកុម្ភៈ ដល់ថ្ងៃទី២០ខែកុម្ភៈ។
 
សូមបញ្ជាក់ថា ចិន បានចាត់វិធានការគ្រប់គ្រង់ជំងឺកូវីដ-១៩ ដ៏តឹងរ៉ឹងបំផុតដោយតែងតែធ្វើតេស្តរុករកករណីឆ្លងងជារៀងរាល់ថ្ងៃដើម្បីបង្ការករណីឆ្លងជាចង្កោមនៅខាងក្នុងទីតាំងប្រកួត។ លោកហ័ង បានអះអាងថា ស្ថានភាពករណីឆ្លងជំងឺកូវីដ-១៩ អាចគ្រប់គ្រងបានដូច្នេះអ្នកចូលរួមក្នុងព្រឹត្តិការណ៍កីឡា ដូចជាអត្តពលិកនិងសាធារណជនចិន មិនចាំបាច់ព្រួយបារម្ភទេ។
 
ដើម្បីការពារសុវត្ថិភាពអត្តពលិក ចិនរៀបចំតំបន់បិទជិត (Closed loop) ដែលមិនឱ្យអ្នកក្រៅចូលក្នុងបរិវេណរៀបចំព្រឹត្តិការណ៍ សណ្ឋាគារ ឬកន្លែងស្នាក់នៅរបស់កីឡាករឡើយ ខណៈអ្នកនៅខាងក្នុង ក៏មិនអាចចេញក្រៅដោយគ្មានការអនុញ្ញាតត្រឹមត្រូវដែរ។ ការធ្វើដំណើរចេញចូល ត្រូវមានការអនុញ្ញាត និងប្រើប្រាស់មធ្យោបាយដឹកជញ្ជូនដែលកំណត់ដោយអាជ្ញាធរ៕
 

Tag:
 ចិន
  អូឡាំពិក
© រក្សាសិទ្ធិដោយ thmeythmey.com