កីឡាជាតិ
ជាតិ
អគ្គលេខាធិការតៃក្វាន់ដូ ITF៖ ការដណ្ដើមមេដាយស៊ីហ្គេម២០២៣ មិនមែនជាឧបសគ្គឡើយ
14, Feb 2022 , 3:29 pm        
រូបភាព
កិច្ចសម្ភាសន៍សារពត៌មានថ្មីៗ ជាមួយ លោក បួន ហ៊ីងសុធីយ៉ា
កិច្ចសម្ភាសន៍សារពត៌មានថ្មីៗ ជាមួយ លោក បួន ហ៊ីងសុធីយ៉ា
សមត្ថភាព និងបច្ចេកទេសកីឡាករ និងកីឡាការិនីតៃក្វានដូ ITF កម្ពុជា មានការវិវឌ្ឍទៅមុខ ហើយរីកចម្រើនជាងមុន បើទោះជាស្ថិតក្នុងបរិបទកូវិដ-១៩ ។ ក្រសួងអប់រំ យុវជន និងកីឡា ព្រមទាំងគណៈកម្មាធិការជាតិ CAMSOC បានដាក់សន្ទស្សន៍យកមេដាយមាស ឲ្យបាន១៥គ្រឿង សម្រាប់សហព័ន្ធកីឡាតៃក្វាន់ដូ ITF កម្ពុជា នៅក្នុងឋានៈជាម្ចាស់ផ្ទះស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ។


លោក បួន ហ៊ីងសុធីយ៉ា អគ្គលេខាធិការសហព័ន្ធកីឡាតៃក្វាន់ដូ ITF កម្ពុជា បាននិយាយថា កីឡាតៃក្វាន់ដូ ITF ដែលមានដើមកំណើតពីកូរ៉េខាងជើង បានក្លាយជាកីឡា មានសក្ដានុពលមួយសម្រាប់កម្ពុជា ដែលបានឈ្នះមេដាយជាច្រើនក្នុងការប្រកួតអន្ដរជាតិ ។ ក្នុងការត្រៀមធ្វើជាម្ចាស់ផ្ទះស៊ីហ្គេម លើកទី៣២ នាឆ្នាំ២០២៣ខាងមុខ សហព័ន្ធបានយកចិត្តទុកដាក់ ដុសខាតសមត្ថភាពកីឡាករ កីឡាការិនី និងមន្ត្រីបច្ចេកទេសខ្លាំងជាងមុនថែមទៀត ។ 
 


«សមត្ថភាពកីឡាករ និងកីឡាការិនី មានការកើនឡើង បើទោះជាជួបវិបត្តិកូវីដ-១៩ ដោយសារ យើងខំប្រឹងប្រែងហ្វឹកហាត់ដោយមត់ចត់» ។ នេះបើតាមលោក បួន ហ៊ីងសុធីយ៉ា ។


ការប្រកួតតៃក្វាន់ដូITF

អគ្គលេខាធិការសហព័ន្ធកីឡាតៃក្វាន់ដូ ITF កម្ពុជា បាននិយាយថា ក្នុងបរិបទកូវីដ-១៩ កីឡាករ និងកីឡាការិនី ប្រឹងប្រែងហ្វឹកហាត់ តាមប្រព័ន្ធ​ Zoom ដោយគ្រូបង្វឹក និងសហព័ន្ធផ្ទាល់ បានដាក់ផែនការណ៍តាមដានកីឡាករ និងកីឡាការិនី ដែលត្រូវហ្វឹកហាត់តាមផែនការណ៍កំណត់។ កីឡាករ និងកីឡាការិនី ត្រូវបានអនុញ្ញាត ឲ្យហ្វឹកហាត់ ប្រមូលផ្ដុំ និងបិទខ្ទប់ នៅកីឡដ្ឋានជាតិមរតកតេជោ ។
 
ចំពោះការប្រមូលផ្ដុំហ្វឹកហាត់ នៅកីឡដ្ឋានជាតិមរតកតេជោនេះ កីឡាករ និងកីឡាការិនី ត្រូវស្នាក់នៅ និងហ្វឹកហាត់រួមគ្នា ដោយមិនអនុញ្ញាតឲ្យចេញក្រៅបរិវេណហ្វឹកហាត់បាន ។ ការធ្វើការបិទខ្ទប់នេះ គោលបំណងដើម្បីរក្សាសុវត្ថិភាព ចំណីអាហារ និងសុខភាពរបស់កីឡាករ និងកីឡាការិនី ។ បើតាមអគ្គលេខាធិការតៃក្វាន់ដូ ITF ការដណ្ដើមមេដាយស៊ីហ្គេម២០២៣ មិនមែនជាឧបសគ្គឡើយ។

«ហើយទាក់ទងនឹងមេដាយសម្រាប់ស៊ីហ្គេម ២០២៣ ខ្ញុំគិតថា មិនមែនជាឧបសគ្គធំ សម្រាប់សហព័ន្ធកីឡាតៃក្វាន់ដូរ ITF កម្ពុជាទេ ។ ប៉ុន្តែទោះបីយ៉ាងណា ក៏យើងមិនអាចភ្លេចខ្លួន ឬក៏មោទនភាពជ្រុលចំពោះលទ្ធផល ដែលទទួលបានកន្លងមកនេះ គឺយើងនៅតែព្យាយាម តស៊ូ ប្រឹងប្រែងជាប្រចាំ។ យើងអត់ភ្លេចខ្លួនទេ»។ នេះជាការបញ្ជាក់របស់លោក បួន ហ៊ីងសុធីយ៉ា ។
  

ការប្រកួតតៃក្វាន់ដូITF

អគ្គលេខារូបនេះ បានបញ្ជាក់ថា កីឡាករ និងកីឡាការិនី ដែលកំពុងហ្វឹកហាត់នៅទីនោះ មានចំនួន២៨រូប និងគ្រូបង្វឹកខ្មែរ ៥រូប និងគ្រូបរទេស១រូប ។ អត្តពលិកទាំង២៨រូបនេះ និងត្រូវចម្រាញ់ចេញទៀត ដើម្បីយកអ្នកដែលល្អជាងគេ មកប្រកួតស៊ីហ្គេម ។ ចំពោះការត្រៀម និងដុសខាត់សមត្ថភាពកីឡាករ និងកីឡាការិនីនេះ មិនត្រឹមតែសម្រាប់ស៊ីហ្គេមតែម្យ៉ាងទេ តែក៏ដើម្បីត្រៀមប្រកួតប្រជែងលើឆាកអន្ដរជាតិផងដែរ ។ សហព័ន្ធ តែងផ្ដោតលើគុណភាព និងលទ្ធផលជាគោលដៅធំ ។ 
 
ក្រសួងអប់រំ យុវជន និងកីឡា ព្រមទាំងគណៈកម្មាធិការជាតិ CAMSOC ដោយដាក់សន្ទស្សន៍មេដាយមាសឲ្យបាន ១៥គ្រឿង នៅក្នុងឋានៈជាម្ចាស់ផ្ទះ ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ៕
 
 
 

Tag:
 តៃក្វាន់ដូ ITF
  បួន ហ៊ីងសុធីយ៉ា
© រក្សាសិទ្ធិដោយ thmeythmey.com