អន្តរជាតិ
វិបត្តិអាកាសធាតុ បានសម្លាប់ប្រជាជនអឺរ៉ុប១៤ម៉ឺននាក់ក្នុង៤០ឆ្នាំចុងក្រោយ
13, Feb 2022 , 3:59 pm        
រូបភាព
ផ្លូវថ្នល់រងការខូចខាតដោយទឹកជំនន់នៅអាល្លឺម៉ង់។ រូបថត Xinhua
ផ្លូវថ្នល់រងការខូចខាតដោយទឹកជំនន់នៅអាល្លឺម៉ង់។ រូបថត Xinhua
ដោយ:
របាយការណ៍ថ្មីមួយចេញដោយទីភ្នាក់ងារបរិស្ថានអឺរ៉ុប (EEA) នៅថ្ងៃទី៣ ខែកុម្ភៈ   អះអាងថា​ព្រឹត្តិការណ៍អាកាសធាតុអាក្រក់ដូចជារលកកម្តៅ និងគ្រោះទឹកជំនន់ បានបំផ្លិចបំផ្លាញទ្រព្យសម្បត្តិយ៉ាងច្រើនក្នុងប្រទេសអឺរ៉ុបដោយគិតជាទឹកប្រាក់៥៧៦ពាន់លានដុល្លារ។ ជាមួយគ្នានោះ មនុស្សប្រហែល១៤ម៉ឺននាក់ បានបាត់បង់ជីវិតក្នុងរយៈពេល៤០ឆ្នាំចុងក្រោយនេះ។


នាប៉ុន្មានឆ្នាំចុងក្រោយនេះ បណ្តាប្រទេសអឺរ៉ុប តែងតែទទួលរងការវាយប្រហារពីគ្រោះមហន្តរាយបង្កដោយបម្រែបម្រួលអាកាសធាតុមានគ្រោះទឹកជំនន់ ភ្លើងឆេះព្រៃ និង​កំណើនកម្តៅផែនដី។ការសិក្សាមួយរបស់ទីភ្នាក់ងារបរិស្ថានអឺរ៉ុប អះអាងថា ជាងមួយ៤០ឆ្នាំមកនេះ វិបត្តិធម្មជាតិនេះ បំផ្លាញទ្រព្យសម្បត្តិដល់ទៅ៥៧៦ពាន់លានដុល្លារ។
 
ក្នុងការសិក្សាដដែល ប្រមាណ៣ភាគរយនៃព្រឹត្តិការណ៍ដែលកើតឡើង បានបង្កឱ្យខូតខាតផ្នែកហិរញ្ញវត្ថុ៦០ភាគរយឯណោះពីឆ្នាំ១៩៨០ ដល់ឆ្នាំ២០២០។ ចំណែកអត្រាអ្នកស្លាប់ដោយរលកកម្តៅវិញ មាន​​ចំនួនដល់៩១ភាគរយ  ដោយកាលពីរដូវក្តៅឆ្នាំ២០០៣ សីតុណ្ហភាពក្តៅខ្លាំងបានសម្លាប់ប្រជាជនអឺរ៉ុបចំនួន៨ម៉ឺននាក់។
 
ទាក់ទងបញ្ហារលកកម្តៅនេះ​ EEA បានបញ្ជាក់ទៀតថា ព្រឹត្តិការណ៍រលកកម្តៅដែលកើតឡើងក្រោយៗតែមានលក្ខណៈស្រដៀងនឹងឆ្នាំ២០០៣ មានអត្រាអ្នកស្លាប់ថយចុះដែរ ដោយសារតែប្រទេសនីមួយៗ បានចាប់ផ្តើមអនុវត្តវិធានការបន្សុំាខ្លួនទៅនឹងបម្រែបម្រួលអាកាសធាតុដូចជាការដំឡើងម៉ាស៊ីនត្រជាក់ជាដើម ។ទីភ្នាក់ងារអឺរ៉ុបនេះ បានបន្តអំពាវនាវឱ្យរដ្ឋាភិបាល និងប្រជាជនក្នុងប្រទេសនានាព្យាយាមសម្រួបខ្លួននឹងបរិបទថ្មីនេះដែរ។
 
កាលពីខែសីហាឆ្នាំ២០២១​​ ​​អង្គការឧតុនិយមពិភពលោក បានប៉ាន់ប្រមាណថា ចំនួនគ្រោះមហន្តរាយទាក់ទងនឹងវិបត្តិអាកាស បានកើនឡើងនា៥០ឆ្នាំចុងក្រោយនេះ ដោយបណ្តាលឱ្យមានការបំផ្លិចបំផ្លាញកើតឡើងច្រើន ប៉ុន្តែមានមនុស្សស្លាប់តិច។
 
នៅអឺរ៉ុប អាល្លឺម៉ង់ ជាប្រទេសមួយដែលទទួលរងការខាតបង់ច្រើនជាងគេបំផុត ដោយការខូចខាតមានតម្លៃប្រមាណ១២០ពាន់លានដុល្លារ និងមានជនរងគ្រោះចំនួន៤២,០០០នាក់នៅរយៈពេល៤ទសវត្សរ៍ចុងក្រោយនេះ​។ បន្ទាប់ពីអាល្លឺម៉ង់ ​បារាំង  ក៏បានកត់ត្រាតម្លៃខាតបង់គិតជាទឹកប្រាក់១១១ ពាន់លានដុល្លារ និងស្លាប់២៦,៧០០នាក់។ ឯអ៊ីតាលីវិញ បានខាតបង់ជាង១០១ពាន់លានដុល្លារ និងស្លាប់ប្រជាជន២១,៦០០នាក់។
 
តម្លៃខូតខាតខាងលើ មិនត្រូវបានរាប់បញ្ចូលគ្រោះមហន្តរាយដូចជារញ្ជួយដី​ និងការផ្ទុះភ្នំភ្លើង ឡើយដោយសារតែ​មិនមែនជាបញ្ហាអាកាសធាតុ។ ​ការវាយតម្លៃរបាយការណ៍ខាងលើ គឺបូកសរុបគិតចាប់ពីឆ្នាំ ១៩៨០ ដល់ឆ្នាំ២០២០ និងក្នុងប្រទេសចំនួន៣២ដែលជាសមាជិករបស់ EEA ៕
 

Tag:
 បម្រែបម្រួលអាកាសធាតុ
© រក្សាសិទ្ធិដោយ thmeythmey.com