ជាតិ
សង្គមជាតិ
ក្រសួងវប្បធម៌ កំពុង​ស្រាវជ្រាវ​ការចម្លង​​ប្រាសាទខ្មែរ​នៅ​​វៀត​ណាម
03, Feb 2022 , 4:40 pm        
រូបភាព
រូបប្រាសាទ ដែលមានទម្រង់ដូចប្រាសាទតាព្រហ្ម និងប្រាសាទបាយ័នខ្មែរ ត្រូវបានសាងសង់លើទឹកដីវៀតណាម។ រូបពី Blog ឈ្មោះ Lyn DT ដែលបង្ហោះតាំងពីឆ្នាំ២០១៨។
រូបប្រាសាទ ដែលមានទម្រង់ដូចប្រាសាទតាព្រហ្ម និងប្រាសាទបាយ័នខ្មែរ ត្រូវបានសាងសង់លើទឹកដីវៀតណាម។ រូបពី Blog ឈ្មោះ Lyn DT ដែលបង្ហោះតាំងពីឆ្នាំ២០១៨។
ភ្នំពេញ​៖ អ្នក​នាំ​ពាក្យ​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​ បាន​អះ​អាងថា ក្រសួង​ ពុំទាន់ទទួលបានព័ត៌មានជាផ្លូវការពីរឿង​​ចម្លង​ប្រាសាទខ្មែរ​​​ក្នុង​ប្រទេស​វៀត​ណាមនៅ​ឡើយទេ​។ ទោះ​ជា​យ៉ាង​ណា បច្ចុប្បន្ន​ក្រសួង​វប្បធម៌ ​កំពុង​ទាក់ទង​ស្ថាន​ទូត​កម្ពុជានៅ​ប្រទេស​វៀត​ណាម​ ដើម្បី​​ប្រមូល​​ព័ត៌​មាន​ច្បាស់​លាស់​ មុន​នឹងបញ្ចេញ​ប្រតិកម្ម​​។



លោក ឡុង ប៉ុណ្ណាសិរីវត្ថ អ្នក​នាំ​ពាក្យ​ក្រសួង​វប្បធម៌ បាន​ប្រាប់​សារព័ត៌​មាន​ថ្មី​ៗ នៅថ្ងៃទី៣ ខែមករា ឆ្នាំ២០២២ ​ថា ក្រសួងនៅ​​ពុំ​ទាន់​បាន​ដឹង​ព័ត៌​មាន​ច្បាស់​លាស់ ​អំពី​ការ​ចម្លង​​ប្រាសាទខ្មែរ​ នៅ​លើ​ទឹក​ដី​វៀត​ណាម​នោះទេ។ បន្ថែម​ពី​នោះ លោក​អះ​អាង​ថា​ ក្រសួង​វប្បធម៌​ ក៏​ពុំ​ដែល​អនុញ្ញាត ឬ​ផ្ដល់​សិទ្ធិ​​​សាងសង់​ប្រាសាទ​ខ្មែរ ទៅ​​ប្រទេស​វៀត​ណាម​ដែរ​។ បច្ចុប្បន្ន​​ក្រសួង​វប្បធម៌​ និង​អាជ្ញាធរ​ជាតិ​អប្សរា​ កំពុង​ធ្វើ​ការ​ជា​មួយ​ស្ថាន​ទូត​ខ្មែរ​ ប្រចាំ​ប្រទេស​វៀត​ណាម​ ដើម្បី​រក​ព័ត៌​មាន​ច្បាស់​លាស់​ ពាក់​ព័ន្ធ​ករណី​ខាង​លើ​។

លោក​ ឡុង ប៉ុណ្ណា​សិរីវត្ថ មានប្រសាសន៍​ថា៖«យើង​មិន​ដឹងរឿង​​ពាក់​ព័ន្ធ​នឹង​ការ​សាង​សង់​នេះ​ទេ​ ហើយ​យើង​ក៏​ពុំ​បាន​​​អនុញ្ញាតអ្វី​ដែរ​​​។ យើង​កំពុង​ដំណើរ​ការ​កិច្ច​ការ​ងារ​នេះ។ យើងទាក់ទង​ស្ថាន​ទូត​ខ្មែរប្រចាំនៅ​​វៀត​ណាម​ ឬ​អគ្គកុង​សុល ដើម្បី​ទទួល​បាន​ព័ត៌​​មានច្បាស់​លាស់ និង​គោល​បំណង​​ជាក់​លាក់​​របស់​គេ​។ ប្រសិន​បើ​បាន​ព័ត៌​មាន​ជាក់​លាក់ តាម​រយៈ​ក្រសួង​ការ​បរទេស​ យើង​អាច​ឱ្យ​ខាងស្ថាន​ទូត​​វៀត​ណា​ម​បំភ្លឺ»​។

អ្នក​នាំ​ពាក្យ​ក្រសួង​វប្បធម៌​រូប​នេះ បញ្ជាក់​ថា​ នៅ​ពេល​ទទួល​បាន​ព័ត៌​មាន​​ជាក់​លាក់​ ក្រសួង​ត្រូវ​ការ​សិក្សា​​បន្ថែម​ទៀត ថា​ការ​ចម្លង​នោះ​ទាំង​ស្រុង​ឬ​ក៏​យក​ផ្នែក​ណា​មួយ​នៃ​ប្រាសាទ​ខ្មែរ។ បន្ថែម​ពី​នោះ​ ក្រសួងក៏​​ត្រូវ​សិក្សា​ពី​គោល​បំណង​​នៃ​ការ​ចម្លង​ប្រាសាទ​នោះដែរ​​។

«​​ខ្លះ​គេ​ចម្លង​ទាំង​ស្រុង​យក​ទៅ នោះ​គឺ​មិន​បាន​ទេ​។ ជួន​កាល​គេ​សាង​សង់​ក្នុង​បំណង​ណា​មួយ​ផ្សេង​ទៀត​ ដូច​ជា​ដាក់​ក្នុង​ទី​តាំង​ហ្នឹង​ ដើម្បី​ឱ្យ​ភ្ញៀវ​បាន​ដឹង​ ហើយ​ដើម្បី​បន្ត​ដំណើរ​ទស្សន​កិច្ច​នៅ​ស្រុក​យើង​។ សំខាន់​គឺបាន​​ព័ត៌​មាន​សិន​។ ទោះ​យ៉ាង​ណា​យើង​មិន​ធ្វើ​ឱ្យ​ប៉ះ​ពាល់​ប្រយោជន៍​របស់​យើង​ទេ​»។ នេះ​គឺ​ជា​ការ​បញ្ជាក់​របស់​លោក ប៉ុណ្ណា​សិរី​វត្ថ​។

លោក ប៉ុណ្ណា​សិរី​វត្ថ​ ​នៅ​ពុំ​ទាន់​អាច​បញ្ជាក់​បាននៅ​​ឡើយទេ​​ថា ការ​ងារ​ស្រាវ​ជ្រាវពី​ការ​សង់​ប្រាសាទ​ខ្មែរ​ នៅ​ប្រទេស​វៀត​ណាម​ នឹង​ទទួល​បាន​ព័ត៌​មាន​ច្បាស់​ការ​នៅ​ពេល​ណា​​។ លោក​ បញ្ជាក់​ថា នៅ​ពេល​ទទួល​បាន​ព័ត៌​មាន​ច្បាស់​លាស់​ ក្រសួង​នឹង​ប្រាប់​។​​ លោក​ពន្យល់​ដូច្នេះ​ថា៖«កូវីដផង​អី​ផង​ តើ​គេ​ចុះ​ទៅ​របៀប​ម៉េច គេ​កំពុង​រៀប​ចំ​របស់​គេ​នៅ​ទី​នោះ​។ យើង​ប្រមូល​ព័ត៌​​មាន​សិន មុន​នឹង​យើង​ប្រតិកម្ម​អ្វី​មួយ»​​។

សូមបញ្ជាក់ថា ថ្មីៗនេះ គេ បានឃើញវីដេអូ និងរូបភាពអំពីប្រាសាទ ដែលមើលទៅមានទម្រង់ដូចប្រាសាទតាព្រហ្មផង និងដូចប្រាសាទបាយ័នផង ទើបត្រូវបានសាងសង់នៅលើទឹកដីវៀតណាម។ វីដេអូ រូបភាព និង ព័ត៌មានអំពីការចម្លងប្រាសាទខ្មែរនេះ ត្រូវបានប្រជាពលរដ្ឋខ្មែរខ្លះ នាំគ្នាចែករំលែកលើបណ្តាញសង្គម ហើយក៏មានសារព័ត៌មានក្នុងស្រុកមួយចំនួន បានចុះផ្សាយដែរ។ តាមពិត ជនជាតិវៀតណាម ធ្លាប់ថតរូបប្រាសាទ ដែលត្រូវបានសាងសង់លើទឹកដីវៀតណាម ដោយយកតាមគំរូប្រាសាទខ្មែរនេះ យកទៅបង្ហោះលើបណ្តាញសង្គម តាំងពីឆ្នាំ២០១៨មកម្ល៉េះ។ រហូតដល់ឆ្នាំ២០២១ គេ ក៏ឃើញមានការចែករំលែកលើបណ្តាញសង្គមពីសំណាក់ប្រជាពលរដ្ឋខ្មែរ នូវវីដេអូ រូបភាព និង ព័ត៌មានអំពីការចម្លងប្រាសាទខ្មែរនេះនៅលើទឹកដីវៀតណាម ហើយចាប់ផ្តើមបន្តចែករំលែងឡើងវិញ នៅដើមឆ្នាំ២០២២នេះ

កាលពីអំឡុងឆ្នាំ២០២១ មានព័ត៌មានដូចគ្នានេះ កើតឡើងនៅប្រទេសថៃ គឺការចម្លងប្រាសារបុរាណខ្មែរ នៅខេត្តបុរីរម្យ។ ប្រាសាទ ដែលថៃសាងសង់នោះ គឺយកគំរូតាមប្រាសាទអង្គរវត្ត។ ពេលនោះ ប្រជាពលរដ្ឋខ្មែរ នាំគ្នាប្រតិកម្ម និងសម្តែងការពេញចិត្ត ចំពោះការចម្លងប្រាសាទអង្គរវត្តពីសំណាក់ប្រទេសថៃ។ រដ្ឋមន្រ្តីក្រសួងវប្បធម៌កម្ពុជា ថែមទាំងជួបពិភាក្សាជាមួយឯកអគ្គរាជទូតថៃប្រចាំកម្ពុជាផងដែរ ដើម្បីសួរនាំពីការចម្លងប្រាសាទអង្គរវត្ត។ តែមកដល់ពេលនេះ គេ មិនទាន់ឮព័ត៌មានពីភាគីថៃនៅឡើយទេ ជុំវិញការចម្លងប្រាសាទអង្គរវត្ត ហើយថៃ សម្រេចផ្អាកការសាងសង់ប្រាសាទដូចអង្គរវត្តនេះ ឬបន្តការសាងសង់នោះ ក៏គេ មិនឃើញមានព័ត៌មានផ្លូវការណាមួយ ពីក្រសួងវប្បធម៌កម្ពុជាដែរ៕

Tag:
 វប្បធម៌
 ​ប្រាសាទ
© រក្សាសិទ្ធិដោយ thmeythmey.com