ជាតិ
ព្រះមហាក្សត្រ
អន្តរជាតិ
ព្រះប្រមុខរដ្ឋកម្ពុជា៖ ចិនមានសមត្ថភាពផ្ដល់ព្រឹត្តិការណ៍ [អូឡាំពិក] ដ៏មហស្ចារ្យទៅកាន់ពិភពលោក
04, Feb 2022 , 10:59 am        
រូបភាព
ព្រះមហាក្សត្រកម្ពុជា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី និងប្រធានាធិបតីចិន ស៊ី ជិនភីង នាព្រះរាជសវនាការកន្លង។ រូបថត Xinhua
ព្រះមហាក្សត្រកម្ពុជា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី និងប្រធានាធិបតីចិន ស៊ី ជិនភីង នាព្រះរាជសវនាការកន្លង។ រូបថត Xinhua
ព្រះករុណា ព្រះមហាក្សត្រ ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី បានយាងទៅដល់រដ្ឋធានី ប៉េកាំង កាល​ថ្ងៃទី៣ ខែកុម្ភៈ ដើម្បីចូលរួមក្នុងពិធីបើកព្រឹត្តិការណ៍អូឡាំពិករដូវរងាដែលចិនជាម្ចាស់ផ្ទះ។ ក្នុងកិច្ចសម្ភាសមួយជាមួយប្រព័ន្ធផ្សព្វផ្សាយចិន ព្រះករុណាមានបន្ទូលថា ចិនមានសមត្ថភាពក្នុងការរៀប ចំព្រឹត្តិការណ៍អស្ចារ្យសម្រាប់ពិភពលោក។

 
ព្រឹត្តិការណ៍អូឡាំពិកប៉េកាំង នឹងចាប់ផ្ដើមនៅថ្ងៃទី៤ ខែកុម្ភៈ ដោយប្រមុខរដ្ឋ ប្រមុឋរដ្ឋាភិបាល សមាជិករាជវង្ស និងប្រធានអង្គការអន្តរជាតិជាច្រើន មានព្រះវត្តមាន និងវត្តមានចូលរួមផងដែរ។ ព្រះមហាក្សត្រកម្ពុជា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ក៏យាងទៅចូលរួមពិធីបើកតាមការអញ្ជើញរបស់ថ្នាក់ដឹកនាំចិន។
 
ក្នុងព្រះរាជសារតបទៅកាន់ទីភ្នាក់ងារព័ត៌មានចិន Xinhua ក្នុងកិច្ចសម្ភាសមួយ ព្រះករុណាមានបន្ទូលថា បាវចនាសម្រាប់ព្រឹត្តិការណ៍ឆ្នាំ២០២២ «ទាំងអស់សម្រាប់អនាគតរួម» ឆ្លុះបញ្ចាំងពីគំនិតរួមរបស់មនុស្សជាតិក្នុងការជម្នះបញ្ហាប្រឈម និងភាពចាំបាច់សម្រាប់ពិភពលោកធ្វើការជាមួយគ្នាសម្រាប់ថ្ងៃស្អែកដ៏ប្រសើរមួយ ជាពិសេសក្នុងកាលៈទេសៈនៃជំងឺកូវីដ-១៩។ 
 
ព្រះភូមិន្ទ មានបន្ទូលទៀតថា បាវចនានេះ ក៏បង្ហាញពីការរួបរួម និងការប្រឹងប្រែងរួមគ្នា ដែលបង្កប់ទៅដោយគុណតម្លៃរបស់ចលនាអូឡាំពិក និងប៉ារ៉ាឡាំពិកផងដែរ។ បើតាមព្រះរាជសំណេរដែលផ្សាយដោយ Xinhua ព្រះបរមនាថ ជឿជាក់ថា​ ជាមួយនឹងការប្ដេជ្ញាចិត្តបង្កបរិយាកាសប្រកួតប្រជែងដ៏ល្អមួយ ចិននឹងផ្ដល់ការគាំទ្រគ្រប់យ៉ាងដល់អត្តពលិកដែលចូលរួម។
 
«ប្រជាជនចិនមានសមត្ថភាពផ្ដល់ព្រឹត្តិការណ៍ដ៏មហស្ចារ្យទៅកាន់ពិភពលោក។» ទីភ្នាក់ងាររដ្ឋចិនស្រង់ការឆ្លើយតបស់របស់ព្រះមហាក្សត្រកម្ពុជាបែបនេះ។ ព្រះប្រមុខរដ្ឋកម្ពុជា ក៏អះអាងថា ទំនាក់ទំនងដែកថែបរវាងប្រទេសទាំងពីរ មានភាពរឹងមាំជាលំដាប់ក្នុងពេលជាង៦ទសវត្សរ៍មកនេះ។
 
សូមបញ្ជាក់ថា ព្រឹត្តិការណ៍អូឡាំពិករដូវរងាដែលចាប់ផ្ដើមបើកជាផ្លូវការនៅថ្ងៃទី៤ ខែកុម្ភៈ នឹងបញ្ចប់នៅថ្ងទី២០ ខែកុម្ភៈ។ ទីក្រុងប៉េកាំង នឹងរៀបចំការប្រកួតនានាជាមួយទីក្រុងចាងចាខូវ៕
 

Tag:
 អូឡាំពិកប៉េកាំង
  ចិន
  កម្ពុជា
© រក្សាសិទ្ធិដោយ thmeythmey.com