អន្តរជាតិ
ហេតុអ្វីលោកខាងលិចចោទចិនជុំវិញបញ្ហាសិទ្ធិមនុស្សនៅទីបេ ស៊ីនជាំង និងហុងកុង?
04, Feb 2022 , 7:29 pm        
រូបភាព
រូបភាព៖ AFP
រូបភាព៖ AFP
ដោយ:
សិទ្ធិមនុស្សនៅចិន បានស្ថិតក្នុងស្ថានភាពអាក្រក់បំផុត បន្ទាប់ពីព្រឹត្តិការណ៍បង្រ្កាបនៅទីលានធានអានមិនក្នុងឆ្នាំ១៩៨៩ (Tiananmen Square Massacre)។ នោះជាលើកដំបូង ដែលចិនបានចាប់ផ្តើមប្រឈមនឹងការត្រួតពិនិត្យសិទ្ធិមនុស្ស និងរងសម្ពាធពីអន្តរជាតិ។ សេរីភាពបញ្ចេញមតិ សេរីភាពសារព័ត៌មាន ការបង្ហោះរិះគន់រដ្ឋាភិបាលតាមប្រព័ន្ធអនឡាញ និងការប្រតិបត្តិសាសនាក្រៅពីសាសនាទាំង៥ ដែលរដ្ឋទទួលស្គាល់ ត្រូវបានរឹតបន្តឹង។ បញ្ហានេះ ត្រូវបានរឹតត្បិតបន្ថែមទៀត ក្រោយលោក ស៊ី​ ជិនភីង ឡើងកាន់អំណាចនៅឆ្នាំ២០១៣។

 
ផ្ទុយពីប្រទេសលោកខាងលិច ចិនមិនសូវឱ្យតម្លៃទៅលើសិទ្ធិបុគ្គលប៉ុន្មានទេ ប៉ុន្តែចិនផ្តោតទៅលើតម្លៃដែលបុគ្គលទាំងនោះបានរួមចំណែកដល់សន្តិភាព ឬសុខុមាលភាពនៅក្នុងសង្គមប៉ុណ្ណោះ។ នៅរយៈប្រមាណប៉ុន្មានឆ្នាំចុងក្រោយនេះ ការរឹតត្បិតយ៉ាងតឹងរ៉ឹងទៅលើសេរីភាពនៃការបញ្ចេញមតិរបស់ប្រជាជនចិននៅតែបន្តឥតឈប់ឈរ។ អ្នកកាសែតបរទេសប្រឈមមុខនឹងការឃុំខ្លួន និងការបណ្តេញចេញ ព្រមទាំងត្រូវបដិសេធ និងពន្យារពេលបន្តទិដ្ឋាការ។ 
 
រដ្ឋាភិបាលចិនបានបង្ក្រាបយ៉ាងខ្លាំងទៅលើអ្នកការពារសិទ្ធិមនុស្ស អ្នកប្រឆាំងនឹងរដ្ឋាភិបាល និងការគាបសង្កត់ជាប្រព័ន្ធទៅលើជនជាតិភាគតិច។ ស្ថានភាពសិទ្ធិមនុស្សនៅចិន ជាពិសេសហុងកុង តំបន់ស្វយ័តទីបេ និងតំបន់ស៊ីនជាំង ត្រូវបានប្រទេសលោកខាងលិចចោទថា កាន់តែយ៉ាប់យ៉ឺន ដោយចិនមិនបានគោរពតាមច្បាប់សិទ្ធិមនុស្សអន្តរជាតិ។ ដោយហេតុនេះ បណ្តាប្រទេសលោកសេរីមួយចំនួន រួមទាំងអាម៉េរិកបានថ្កោលទោស និងបានដាក់ទណ្ឌកម្មទៅលើមន្រ្តីចិន​ ក៏ដូចជាក្រុមហ៊ុនចិន ដែលមានទាក់ទងនឹងការរំលោភបំពានសិទ្ធិមនុស្សនៅក្នុងតំបន់ទាំងនោះជាការតវ៉ាឱ្យចិនគោរពតាមច្បាប់សិទ្ធិមនុស្សអន្តរជាតិ។
 
ហុងកុង
 
តាំងពីចិនអនុម័តច្បាប់សន្តិសុខជាតិហុងកុងនៅឆ្នាំ២០២០មក សកម្មជនគាំទ្រលទ្ធិប្រជាធិបតេយ្យត្រូវបានចាប់ខ្លួន និងឃុំខ្លួនជាច្រើននាក់។ សេរីភាពសារព័ត៌មាន និងការបញ្ចេញមតិ កាន់តែត្រូវបានរឹតត្បឹតជាងមុនជាមួយនឹងការបង្រ្កាបសារព័ត៌មានជាបន្តបន្ទាប់ ក្រោមការចោទប្រកាន់ពីការបង្កឱ្យមានអសន្តិសុខជាតិ និងញុះញង់ឱ្យមានការផ្តាច់ខ្លួនជាដើម។ ចំពោះសិទ្ធិសេរីភាពនៅទីក្រុងហុងកុងនេះវិញ ចិន បានបំពានលើសន្យាដែលថាសេរីភាពរបស់ហុងកុង រួមមានសេរីសារព័ត៌មាននឹងត្រូវបានការពារក្នុងរយៈពេល ៥០ឆ្នាំ នៅពេលអង់គ្លេសប្រគល់ហុងកុងឱ្យចិនកាន់កាប់វិញ ក្នុងឆ្នាំ១៩៩៧។ 
 
លើសពីនេះ អង្គការសង្គមស៊ីវិលរាប់សិបត្រូវបានរំសាយ ឬបិទទ្វារនៅឆ្នាំ ២០២១។ ជាក់ស្តែង កាលពីខែមករា ឆ្នាំ២០២១ អាជ្ញាធរបានចាប់ខ្លួនអ្នកនយោបាយចំនួន ៥៣ នាក់ពីបទវិទ្ធង្សនា ចំពោះការណ៍ដែលពួកគេចូលរួមនៅក្នុងការស្ទង់មតិសាធារណៈ។ នៅខែកញ្ញា ឆ្នាំ២០២១ សមាជិក៣នាក់នៃក្រុមនិស្សិតនយោបាយត្រូវបានចាប់ខ្លួនពីបទ សមគំនិតញុះញង់ឱ្យមានវិទ្ធង្សនា ចំពោះការណ៍ដែលពួកគេផ្តល់អាហារដល់បាតុករដែលជាប់ពន្ធនាគារ។ 
 
បន្ថែមពីនេះ កាលពីខែមីនា ឆ្នាំ២០២១ ទីក្រុងប៉េកាំងបានចេញកំណែទម្រង់ការបោះឆ្នោត ដោយតម្រូវឱ្យមានតែអ្នកស្មោះត្រង់នឹងបក្សកុម្មុយនិស្តចិនមួយប៉ុណ្ណោះ ទើបអាចឈរឈ្មោះជាសមាជិកសភាហុងកុង។ ចំណែកបេក្ខភាពត្រូវប្រជែងជាសមាជិកសភា ដែលជ្រើសដោយប្រជាជន ត្រូវបានបន្ថយមកត្រឹម ២០រូប។ នេះធ្វើឱ្យប្រជាជនហុងកុង កាន់តែស្ថិតក្រោមការដឹកនាំរបស់ចិនទាំងស្រុង ជាមួយនឹងសេរីភាពផ្សេងទៀតរបស់ហុងកុង ត្រូវថមថយទៅតាមការគោលនយោបាយរបស់ចិន៕
 
តំបន់ស៊ីនជាំង
 
តំបន់ស៊ីនជាំង គឺជាតំបន់ស្វយ័ត និងមានជនជាតិវីហ្គ័ររស់នៅប្រហែល១២លាននាក់។ ជនជាតិវីហ្គ័រ និយាយភាសាស្រដៀងនឹងភាសាតួកគីដែរ។ កាលពីឆ្នាំ២០១៧ ចិនបានអនុវត្តច្បាប់ ហាមឱ្យមានពុកមាត់ខុសធម្មតា ឬពាក់ស្បៃមុខនៅទីសាធារណៈ សុទ្ធសឹងតែជាទំនៀមទម្លាប់ប្រពៃណីរបស់ជនជាតិមូស្លីមវីហ្គ័រនៅតំបន់ស៊ីនជាំង ភាគពាយព្យចិន។ 
 
បន្ថែមពីនេះ អាជ្ញាធរ​ចិន ត្រូវបានបណ្តាប្រទេសលោកខាងលិចចោទថា កំពុង​ប្រព្រឹត្ត​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្សជាតិ​រួមទាំង​ជនជាតិវីហ្គ័រ និង​ជន​ភាគតិច​​ផ្សេងទៀត​ក្នុង​តំបន់ស៊ីនជាំង។ ជនជាតិភាគតិចនៅស៊ីនជាំងទាំងនេះត្រូវបានបន្តឃុំខ្លួន ធ្វើទារុណកម្ម ធ្វើទុក្ខបុកម្នេញផ្នែកវប្បធម៌ និងសាសនា បំបែកពីគ្រួសារ ខណៈអ្នកផ្សេងទៀតត្រូវធ្វើពលកម្មដោយបង្ខំ ហើយត្រូវបានឃ្លាំមើលស្ទើរគ្រប់ពេលវេលា ព្រមទាំងត្រូវបានបញ្ចុះបញ្ចូលមនោគមវិជ្ជាទាក់ទិននឹងនយោបាយ ជំនឿ សាសនា ជាដើម។ 
 
ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ថ្វីបើព័ត៌មានត្រូវបានបិទបាំងដោយអាជ្ញាធរចិននៅតំបន់ស៊ីនជាំងក៏ដោយ ក្រុមសិទ្ធិមនុស្សជឿថាចិន បានឃុំខ្លួនជនជាតិវីហ្គ័រជាង១លាននាក់នៅជំរំអប់រំឡើងវិញ ហើយបានកាត់ទោសមនុស្សឱ្យជាប់ពន្ធនាគារ។ ​អាម៉េរិក​ស្ថិត​ក្នុង​ចំណោម​ប្រទេស​មួយ​ចំនួន​ដែល​​ចោទ​ចិន​ថា​បាន​ប្រព្រឹត្ត​អំពើ​ប្រល័យ​ពូជសាសន៍​នៅតំបន់​ស៊ីនជាំង។ អង្គការលើកលែងទោសអន្តរជាតិ និង អង្គការឃ្លាំមើលសិទ្ធិមនុស្សក៏បានចេញផ្សាយរបាយការណ៍ចោទប្រកាន់ចិនពីបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិដែរ។ 
 
យ៉ាងណាមិញ ចិនបានបដិសេធការចោទប្រកាន់ទាំងអស់អំពីការរំលោភសិទ្ធិមនុស្សនៅក្នុងតំបន់ស៊ីនជាំង ដោយអះអាងថាជំរំអប់រំឡើងវិញធ្វើឡើងក្នុងគោលបំណងប្រយុទ្ធប្រឆាំងនឹងការបំបែកខ្លួន និងភេរវកម្មប៉ុណ្ណោះ។ 
 
តំបន់ទីបេ
 
មុនត្រូវបានចិនបញ្ចូលជាទឹកដីរបស់ខ្លួននៅឆ្នាំ១៩៥០ ទីបេជាតំបន់មួយដែលពោរពេញទៅដោយវប្បធម៌ និងសាសនាដាច់ផ្សេងខុសពីគេ។ ភាគច្រើននៃប្រជាជនរស់នៅទីបេ ជាជនជាតិទីបេ ស្ទើរតែទាំងអស់ដោយប្រើប្រាស់ភាសាទីបេ និងប្រកាន់ពុទ្ធសាសនាបែបទីបេ។ អំឡុងពេលចិនឈ្លានពាននៅឆ្នាំ១៩៥០ រដ្ឋាភិបាលទីបេត្រូវបានផ្តួលរំលំទាំងស្រុង ខណៈសម្តេចសង្ឃដាឡៃ ឡាម៉ា និងជនជាតិទីបេប្រមាណ១សែននាក់បានភៀសខ្លួន។ 
 
បច្ចុប្បន្ន អាជ្ញាធរនៅទីបេ បន្តរឹតត្បឹតយ៉ាងខ្លាំងទៅលើសេរីភាពខាងសាសនា ការបញ្ចេញមតិ ការផ្លាស់ទីតាំង និងការជួបជុំរបស់ជនជាតិភាគតិចក្នុងតំបន់។ បន្ទាប់ពីនៅខែកញ្ញា ឆ្នាំ២០២០ ការរឹតបន្តឹងលើទំនាក់ទំនងតាមអ៊ីនធឺណិត បានប្រកាសឡើង ដើម្បីកុំឱ្យប៉ះពាល់ដល់ឯកភាពជាតិ។ ការឃុំខ្លួនជនជាតិទីបេនៅឆ្នាំ២០២១ កាន់តែកើនឡើងដោយត្រូវបានចោទប្រកាន់ពីបទល្មើសតាមប្រព័ន្ធអនឡាញ។  ជាពិសេស ជនជាតិទីបេដែលទាក់ទងជាមួយមនុស្សក្រៅពីទឹកដីចិន ត្រូវបានធ្វើបាប និងដាក់ទណ្ឌកម្ម ដោយមិនគិតពីន័យនៃទំនាក់ទំនងរបស់ពួកគេឡើយ។
 
រដ្ឋាភិបាលបានបង្កើនគោលនយោបាយបង្ខិតបង្ខំទៅលើជនជាតិទីបេ។ ក្រៅពីភាសាដើមទីបេ ភាសាចិនត្រូវបានដាក់បញ្ចូលជាភាសាផ្លូវការមួយទៀត។ លើសពីនេះ អំឡុងពេលសន្និសីទមួយកាលពីខែសីហា ឆ្នាំ២០២១ ប្រធានាធិបតីចិន ស៊ី ជិនភីង បានសង្កត់ធ្ងន់ពីការបង្រួបបង្រួមអត្តសញ្ញាណជនជាតិភាគតិចទៅជាអត្តសញ្ញាណជាតិតែមួយទៀងផង៕
 

Tag:
 ចិន
  សិទ្ធិមនុស្ស
  ហុងកុង
© រក្សាសិទ្ធិដោយ thmeythmey.com