ជាតិ
ចូលឆ្នាំចិន​៣ថ្ងៃ អ្នកដើរកម្សាន្ត​មានជិត១លាននាក់ ភាគច្រើននៅភ្នំពេញ បាត់ដំបង ព្រះសីហនុ កំពត និង​សៀមរាប
04, Feb 2022 , 2:56 pm        
រូបភាព
ដោយ:
ភ្នំពេញ៖​​ រយៈពេល៣ថ្ងៃនៃពិធីបុណ្យចូលឆ្នាំប្រពៃណីចិន ភ្ញៀវទេសចរដើរលេងទូទាំងប្រទេសចំនួន ៩៤៧​ ៤៩៧នាក់ ក្នុងនោះភ្ញៀវទេសចរបរទេសផ្ទៃក្នុងមាន ១៦ ១៨៩នាក់។ ជាមួយគ្នានោះរាជធានី-ខេត្តចំនួន៥ ដែលមានទេសចរច្រើនជាងគេគឺ រាជធានីភ្នំពេញ បាត់ដំបង ព្រះសីហនុ កំពត និង ខេត្តសៀមរាប។


យោងតាមរបាយការណ៍ពីក្រសួងទេសចរណ៍ ថ្ងៃបុណ្យចូលឆ្នាំចិនដំបូង ត្រូវនឹងថ្ងៃទី១កុម្ភៈ ទេសចរដើរលេងទូទាំងប្រទេសមានជាង ៣៣ម៉ឺននាក់។ ថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំចិន មានទេសចរជាង ៣៥ម៉ឺននាក់ និងថ្ងៃទី៣ មានទេសចរដើរកម្សាន្តជាង ៣០ម៉ឺននាក់។ 
 
បើតាមលោក តុប សុភ័ក អ្នកនាំពាក្យ និងជារដ្ឋលេខាធិការក្រសួងទេសចរណ៍ ទិន្នន័យភ្ញៀវដើរកម្សាន្តក្នុងពិធីបុណ្យចូលឆ្នាំចិនសម្រាប់ឆ្នាំ២០២២ កើនឡើងជាង ៦ភាគរយ បើធៀបនឹងឆ្នាំ២០២១។ លោក តុប សុភ័ក កត់សម្គាល់ថា ភាគច្រើនភ្ញៀវទេសចរដើរកម្សាន្តនៅតំបន់ទេសចរណ៍វប្បធម៌ និង សមុទ្រ។​
 
រដ្ឋលេខាធិការក្រសួងទេសចរណ៍រូបនេះ បញ្ជាក់ប្រាប់សារព័ត៌មានThmeyThmey25 តាមបណ្ដាញ តេឡេក្រាមដូច្នេះ៖ « ទេសចរទៅលេងរាជធានីភ្នំពេញ និងបាត់ដំបងច្រើន។ ជាមួយគ្នានោះខេត្តសៀមរាបតំបន់ប្រាសាទ​មានទេសចរទៅលេងច្រើន។ ដោយឡែកខេត្តជាប់តំបន់ឆ្នេរដូចជាកែប កំពត ព្រះសីហនុ មានទេសចរទៅកម្សាន្តច្រើន »។
 
ចាប់ពីថ្ងៃទី១ដល់ថ្ងៃទី៣កុម្ភៈ រាជធានីភ្នំពេញ មានទេសចរដើរកម្សាន្តចំនួន ២៥៨ ០៦៩នាក់, ខេត្តបាត់ដំបងមានទេសចរចំនួន ១៩៣ ៥៦៧នាក់, ខេត្តព្រះសីហនុមានទេសចរ ៩៧ ៥៤២នាក់, ខេត្តកំពតមានទេសចរ ៦៦ ៥៣៤នាក់ ខណៈខេត្តសៀមរាបមានទេសចរ ៥៨ ៩៥៣នាក់។ នេះបើតាមរបាយការណ៍ភ្ញៀវទេសចរក្នុងពិធីបុណ្យចូលឆ្នាំចិន។
 
ដោយឡែកខេត្តនៅតំបន់ឦសាន ក៏មានទេសចរទៅកម្សាន្តច្រើនដែរ។ ខេត្តមណ្ឌលគិរីមានទេសចរ ២២ ៨៩៤នាក់, ខេត្តរតនគិរីមានទេសចរចំនួន ១៣ ៥៥៩នាក់, ខេត្តក្រចេះមានទេសចរ ១១ ០០៣ និង ខេត្តស្ទឹងត្រែងទទួលបានទេសចរចំនួន ៦ ២៦០នាក់។
 
គួរបញ្ជាក់ផងដែរថា កាលពីចុងសប្តាហ៍ទី៤នៃខែមករា ទេសចរដើរលេងទូទាំងប្រទេសមាន ២១៤ ៦៣៣នាក់ ក្នុងនោះទេសចរបរទេសផ្ទៃក្នុង ១១ ៩២៩២នាក់។ ជាមួយគ្នានោះខេត្តព្រះសីហនុ រាជធានីភ្នំពេញ ពោធិ៍សាត់ បាត់ដំបង និងសៀមរាប មានទេសចរដើរកម្សាន្តច្រើនជាងគេ៕
 

Tag:
 ចូលឆ្នាំចិន
© រក្សាសិទ្ធិដោយ thmeythmey.com