អន្តរជាតិ
អាម៉េរិកថា ចិនមិនអាចជួយរុស្ស៊ីគេចពីទណ្ឌកម្មដែលដាក់ក្នុងករណីឈ្លានពានអ៊ុយក្រែននោះឡើយ
04, Feb 2022 , 3:29 pm        
រូបភាព
អ្នកនាំពាក្យក្រសួងការបរទេសអាម៉េរិក Ned Price ។ រូបថត AFP
អ្នកនាំពាក្យក្រសួងការបរទេសអាម៉េរិក Ned Price ។ រូបថត AFP
ទីក្រុងវ៉ាស៊ីនតោននៅថ្ងៃទី៣ ខែកុម្ភៈ បានព្រមានចំៗថា ទំនាក់ទំនងជិតស្និទ្ធជាមួយចិន មិនអាចជួយរុស្ស៊ីគេចពីទណ្ឌកម្មសេដ្ឋកិច្ចបានឡើយក្នុងករណីទណ្ឌកម្មត្រូវបានដាក់ពេលរុស្ស៊ីឈ្លានពានអ៊ុយក្រែននោះ។ លើសពីនោះ ចិនក៏អាចជួយបញ្ហាដូចគ្នា បើសិនចេញមុខជួយរុស្ស៊ីនោះ។

 
បណ្តាប្រទេសលោកខាងលិចបានបញ្ជាក់ហើយថា ការឈ្លានពានអ៊ុយក្រែននឹងនាំដល់ការដាក់​ទណ្ឌកម្មលើរុស្ស៊ី។ អាម៉េរិកក៏បានព្រមានរុស្ស៊ីថា ខ្លួនត្រៀមជាស្រេចដើម្បីដាក់ទណ្ឌកម្ម​​ហិរញ្ញវត្ថុ ក៏​ដូចជាវិធានការត្រួតពិនិត្យការនាំចេញទំនិញទៅរុស្ស៊ីផងដែរ។ មន្ត្រីសន្តិសុខជាតិសេតវិមានលោក Peter Harrell បានអះអាងនៅថ្ងៃទី២ ខែកុម្ភៈថា ទីក្រុងវ៉ាស៊ីនតោនកំពុងធ្វើការលើវិធានការត្រួត​ពិនិត្យការនាំចេញទៅរុស្ស៊ីជាមួយសម្ព័ន្ធមិត្តនៅក្នុងតំបន់អាស៊ីរួមមានជប៉ុន និងកូរ៉េខាងត្បូង។
 
ប្រឈមុខសម្ពាធខ្លាំង រុស្ស៊ីក៏ប្រឹងចាប់ដៃចិនដែលកំពុងផ្អែមល្ហែម។ ក្រោយជំនួបថ្ងៃទី៣ ខែកុម្ភៈ ជាមួយសមភាគីរុស្ស៊ី រដ្ឋមន្រ្តីការបរទេសចិន វ៉ាង យី បានលើកឡើងថា ភាគីទាំងពីរ​បាន​សម្រប​សម្រួល​ជំហរលើរឿងអ៊ុយក្រែន។​ បន្ថែមពីនេះ ចិនក៏បានយោគយល់ និងគាំទ្រគោលជំហររបស់រុស្ស៊ី​ស្តីពី​សន្តិសុខ និងទំនាក់ទំនងជាមួយអាម៉េរិក និងសម្ព័ន្ធយោធាណាតូផងដែរ។
 
យ៉ាងណាមិញ អាម៉េរិកព្រមានភ្លាមៗទៅកាន់ក្រុមហ៊ុនចិនមិនឱ្យជួយរុស្ស៊ីប្រឆាំង​ទណ្ឌកម្ម​អាម៉េរិ​ក​នោះឡើយ។ អំឡុងសន្និសីទសារព័ត៌មានថ្ងៃទី៣ ខែកុម្ភៈ អ្នកនាំពាក្យក្រសួងការបរទេសអាម៉េរិក Ned Price សង្កត់ធ្ងន់ថា អាម៉េរិក មានមធ្យោបាយជាច្រើនដែលអាចនឹងប្រើ ​ប្រសិនបើ​ឃើញមា​ន​ក្រុមហ៊ុន​បរទេសណាមួយ រួមទាំងក្រុមហ៊ុនចិនព្យាយាមគេចចេញពីការត្រួតពិនិត្យ​លើការនាំ​ចេញ​ទំនិញ​ពី​អាម៉េរិក។ 
 
លើសពីនេះ អ្នកនាំពាក្យខាងលើប្រាប់រុស្ស៊ីទៀតថា ទំនាក់ទំនងជិតដិតជាមួយចិន នឹងមិនអាចជំ​នួស ឬស្ដារផលវិបាកនៃការដាក់ទណ្ឌកម្មរបស់អាម៉េរិក និងលោកខាងលិចនោះឡើយ។ លោក Price ក៏​គំរាមទៀតថា ប្រសិនបើរងទណ្ឌកម្មពីអាម៉េរិក និងលោកខាងលិច ការណ៍នោះ​នឹងធ្វើឱ្យ​ខូច​សមត្ថភាពផលិតកម្ម និងសក្តានុពលសេដ្ឋកិច្ច របស់រុស្ស៊ីយ៉ាងធ្ងន់ធ្ងរផងដែរ>
 

Tag:
 អាម៉េរិក
  ចិន
  រុស្ស៊ី
  អ៊ុយក្រែន
© រក្សាសិទ្ធិដោយ thmeythmey.com