អន្តរជាតិ
លោក គីម ជុងអ៊ុន ថា កីឡាអូឡាំពិករដូវរងាជាជ័យជម្នះដ៏អស្ចារ្យសម្រាប់ចិន
04, Feb 2022 , 6:29 pm        
រូបភាព
មេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន ផ្ញើសារអបអរសាទរទៅកាន់ប្រធានាធិបតីចិន ស៊ី ជិនភីង ដែលកំពុងរៀបចំព្រឹត្តិការណ៍អូឡាំពិកឆ្នាំ២០២២។ ទន្ទឹមនឹងចាត់ទុកព្រឹត្តិ​ការណ៍កីឡាអូឡាំពិករដូវរងានៅទីក្រុងប៉េកាំងជាជ័យជម្នះដ៏អស្ចារ្យសម្រាប់ចិន លោក គីម ក៏មានបំណងពង្រឹងទំនាក់ទំនងរវាងប្រទេសទាំងពីរឱ្យកាន់តែប្រសើរផងដែរ។


ការបើកដោយជោគជ័យនៃព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងានៅទីក្រុងប៉េកាំង ស្របពេលមានវិបត្តិសុខភាពទូទាំងពិភពលោក និងបញ្ហាប្រឈមផ្សេងទៀត ជាជ័​យជម្នះដ៏អស្ចារ្យមួយទៀតដែលសង្គមនិយមចិនទទួលបាន។ នេះបើតាមលិខិតរបស់លោក គីម ជុងអ៊ុន ទៅកាន់លោក ស៊ី ជិនភីង ដែលផ្សាយដោយទីភ្នាក់ងារព័ត៌មានរដ្ឋ KCNA នៅថ្ងៃទី៤ ខែមករា។ 
 
បើយោងតាមលិខិតដដែល លោក គីម លើកឡើងថា​ កូរ៉េខាងជើង នឹងអភិវឌ្ឍទំនាក់ទំនងរវាងភាគីទាំងពីរឱ្យវិវត្តទៅកាន់ដំណាក់កាលខ្ពស់ថ្មីមួយ។ លោកបានបន្តថា ទំនាក់ទំនងរវាងប្រទេសទាំងពីរ​កន្លងមកត្រូវបានពង្រឹងទៅជាទំនាក់ទំនងយុទ្ធសាស្ត្រដែលមិនអាចកាត់ថ្លៃបាន និងដែលមិនអាចបំបែកដើម្បីការពារ និងជំរុញផលប្រយោជន៍រួមផងដែរ។ 
 
លិខិតនេះក៏បានរិះគន់ទង្វើរបស់អាម៉េរិកដែលធ្វើពហិការព្រឹត្តិការណ៍នេះដែរ។ កូរ៉េខាងជើង មិនបានបញ្ជូនប្រតិភូទៅកាន់អូឡាំពិកប៉េកាំងឡើយ ដោយបន្ទោសពីបញ្ហាកូវីដ-១៩ និងកម្លាំងអរិភាពពីប្រទេសផ្សេងទៀត។ 
 
ម្យ៉ាង អត្តពលិកកូរ៉េខាងជើងក៏មិនមានសិទ្ធិចូលប្រកួតតំណាងឱ្យកូរ៉េខាងជើងឡើយ បន្ទាប់ពីប្រទេសនេះត្រូវបានគណៈកម្មាធិការអូឡាំពិកអន្តរជាតិ (IOC) ពិន័យរហូតដល់ដំណាច់ឆ្នាំ ២០២២​ ដោយសារតែការខកខានក្នុងការបញ្ជូនក្រុមអត្តពលិកទៅចូលរួមព្រឹត្តិការណ៍កីឡាអូឡាំពិករដូវក្តៅនៅទីក្រុងតូក្យូកាលពីឆ្នាំមុន។
 
ចិនគឺជាសម្ព័ន្ធមិត្តដ៏សំខាន់តែមួយគត់របស់កូរ៉េខាងជើង។ ទណ្ឌកម្មអន្តរជាតិផ្សេងៗដែលដាក់លើកម្មវិធីអាវុធនុយក្លេអ៊ែរនិងអាវុធមីស៊ីលរបស់ទីក្រុងព្យុងយ៉ាងបានធ្វើឱ្យទំនាក់ទំនងប្រទេសទាំងពីរកាន់តែជិតស្និទ្ធ៕
 

Tag:
 ចិន
  កូរ៉េខាងជើង
© រក្សាសិទ្ធិដោយ thmeythmey.com