អន្តរជាតិ
ខេត្តមានសេដ្ឋកិច្ចធំទាំង១០នៅចិន៖ គ័ងតុងឈរលេខមួយមានទំហំ១,៧ទ្រីលានដុល្លារ
05, Feb 2022 , 9:19 am        
រូបភាព
រូបថត Xinhua
រូបថត Xinhua
ដោយ:
នាប៉ុន្មានឆ្នាំចុងក្រោយនេះ សន្ទុះកំណើនសេដ្ឋកិច្ចរបស់ចិន បានកើនឡើងយ៉ាងឆាប់រហ័ស។មិនត្រឹមតែកត្តាភូមិសាស្រ្តទេដែលទាក់ទាញអ្នកវិនិយោគទេ ប៉ុន្តែកត្តាបច្ចេកវិទ្យាដ៏ទំនើបក្នុងវិស័យឧស្សាហកម្ម រោងចក្រ និងគោលនយោបាយរបស់រដ្ឋាភិបាលផ្តោតលើសេដ្ឋកិច្ច  បានជំរុញល្បឿនសេដ្ឋកិច្ចក្នុងប្រទេសមហាអំណាចទី២នេះបន្តរីកចម្រើនខ្លាំងក្លា។ លើសពីនេះ ខេត្តរបស់ចិន ក៏មានសេដ្ឋកិច្ចរីកចម្រើនខ្លាំងដែរ ដោយខ្លះមានទំហំសេដ្ឋកិច្ចលើសប្រទេសមួយចំនួនផង។


 
យោងតាមទិន្នន័យផ្លូវការរបស់ធនាគារពិភពលោក ផលិតផលក្នុងស្រុកសរុប (GDP) របស់ចិនមានតម្លៃជាង ១៤,៧២ ទ្រីលានដុល្លារក្នុងឆ្នាំ២០២០ ដោយស្មើនឹង ១៣,០៤ ភាគរយនៃសេដ្ឋកិច្ចពិភពលោក។ ខាងក្រោមនេះជាខេត្តនិងទីក្រុងកំពូលទាំង១០ដែលមាន GDP ខ្ពស់ជាងគេរបស់ចិនគិតឆ្នាំ២០២០៖
 
១.ខេត្តគ័ងតុង ជាទីតំបន់មួយក្នុងចំណោមទីកន្លែងដែលទាក់ទាញអ្នកវិនិយោគច្រើនជាងគេដែលមានព្រំដែនជាប់ហុងកុងនិងម៉ាកាវ។ ខេត្តនេះមានទំហំផលិតផលក្នុងស្រុកសរុបចំនួន១,៧ទ្រីលានដុល្លារ ជាមួយកំណើនសេដ្ឋកិច្ច២,៣ភាគរយ។ 
 
២.ខេត្តជាំងស៊ូ ជាប់ចំណាត់ថ្នាក់ទី២ បន្ទាប់ពីខេត្តគ័ងតុងភាគខាងត្បូងរបស់ចិន ដោយមាន GDP ១,៥៩ ទ្រីលានដុល្លារ និងកើន៣,៧ភាគរយ។ ខេត្តនេះ នាំចេញឧបករណ៍អេឡិចត្រូនិក សារធាតុគីមី និងវាយនភ័ណ្ឌ។ ជាំងស៊ូ បានក្លាយជាកន្លែងដែលទទួលអ្នកវិនិយោគិនច្រើនជាងគេបំផុតចាប់តាំងពីឆ្នាំ២០០៦។ 
 
៣.ខេត្តសានតុង ជាខេត្តដែលពឹងផ្អែកជាងគេលើវិស័យកសិកម្មដែលរួមមានបន្លែ ផ្លែឈើ និងសាច់សត្វជាដើម។ ខេត្តនេះ ក៏ជាកន្លែងផលិតនិងផ្គត់ផ្គង់ ប្រេង ធ្យូងថ្ម និងលោហៈ។ GDP របស់សានតុងមានតម្លៃ១,១ទ្រីលានដុល្លារ និងមានកំណើន៣,៦ភាគរយ។ 
 
៤.ខេត្តជឺជាំង ជាតំបន់សម្បូរទៅដោយរោងចក្រឧស្សាហកម្មជាច្រើន និងស្ថិតក្នុងចំណោមខេត្តនាំមុខគេខាងផលិតផលកសិកម្ម ដោយមាន GDP មានកំណើន៣,៦ភាគរយ និងមានតម្លៃ១ទ្រីលានដុល្លារ។ខេត្តនេះ សិ្ថតក្នុងចំណោមខេត្តដែលមានការអភិវឌ្ឍសេដ្ឋកិច្ចធំបំផុតនិងមានទីតាំងនៅឆ្នេរសមុទ្រភាគខាងកើតរបស់ប្រទេស។
 
៥.ខេត្តហឺណាន មានអត្រាកំណើនសេដ្ឋកិច្ច១,៣ភាគរយនិងមានតម្លៃ GDP ៨៦៤ ពាន់លានដុល្លារ។ខេត្តនេះ ជាតំបន់សម្បូរទៅដោយកន្លែងបុរាណជាច្រើន ព្រមទាំងមានប្រជាជនច្រើនបំផុតរហូតដល់ជិត១០០លាននាក់។
 
៦.ខេត្តស៊ីឈ័ន មានសេដ្ឋកិច្ចធំជាងគេនៅភាគខាងលិចរបស់ចិន។ ខេត្តនេះ កំពុងពង្រឹងសក្តានុពលលើវិស័យឧស្សាហកម្មចំនួន៥រួមមាន ព័ត៌មានអេឡិចត្រូនិក រោងចក្រផលិតឧបករណ៍ប្រើប្រាស់  រោងចក្រម្ហូបអាហារនិងភេសជ្ជៈ សម្ភារទំនើបនិងថាមពល និងសារធាតុគីមី។ GDP របស់ខេត្តនេះមានចំនួន៧៦២ពាន់លានដុល្លារនិងមានកំណើន៣,៨ភាគរយ។
 
៧.ខេត្តហ្វូជាន ជាខេត្តជាប់មាត់សមុទ្រមួយនៅភាគអាគ្នេយ៍នៃប្រទេសដោយមានការអភិវឌ្ឍយ៉ាងជឿនលឿនក្នុងរយៈពេល៥ឆ្នាំចុងក្រោយនេះ។ GDP របស់ខេត្តនេះមានចំនួន៦៩០ពាន់លានដុល្លារនិងមានកំណើន៣,៣ភាគរយ។
 
៨.ខេត្តហឺប៉ី ជាខេត្តស្ថិតនៅភាគខាងជើង និងក្បែររដ្ឋធានីប៉េកាំង។ សេដ្ឋកិច្ចរបស់ខេត្តនេះគឺពឹងផ្អែកទៅលើវិស័យកសិកម្ម និងផលិតកម្ម ដោយឈានមុខគេខាងផលិតដែក។ផលិតផលក្នុងស្រុកសរុបមានតម្លៃ ៦៨២ពាន់លានដុល្លារហើយកំណើនសេដ្ឋកិច្ចមាន៥ភាគរយ។
 
៩.ខេត្តហឺណាន ជាខេត្តស្ថិតនៅភាគកណ្តាលនៃប្រទេសចិន។ វិស័យសេដ្ឋកិច្ចក្នុងខេត្តនេះ មានការអភិវឌ្ឍយ៉ាងឆាប់រហ័សនា២សតវត្សរ៍ចុងក្រោយនេះ ដោយអត្រាសេដ្ឋកិច្ចកើនលឿនជាង១០ភាគរយនៃមធ្យមភាគថ្នាក់ជាតិ។ GDP របស់ខេត្តនេះ មានចំនួន ៦៥៥ ពាន់លានដុល្លារនិងមានកំណើន៣,៨ភាគរយ។ 
 
១០.សៀងហៃ ជាទីក្រុងដ៏ទំនើប ដែលមានកំពង់ផែធំបំផុតមួយ និងជាមជ្ឈមណ្ឌលឧស្សាហកម្មនិងពាណិជ្ជកម្មរបស់ចិន។ ក្រុងដែលស្ថិតក្រោមការគ្រប់គ្រងផ្ទាល់របស់រដ្ឋាភិបាលមជ្ឈិមមួយនេះ មានប្រជាជនសរុបចំនួន២៦,៣២លាននាក់ ហើយ GDP មានចំនួន ៦០៨ ពាន់លានដុល្លារ និងមានកំណើន១,៧ភាគរយ៕
 

Tag:
 ចិន
© រក្សាសិទ្ធិដោយ thmeythmey.com