អន្តរជាតិ
ចិន-រុស្ស៊ី ប្រកាសរួមគ្នាប្រឆាំងការពង្រីកសម្ព័ន្ធណាតូ
05, Feb 2022 , 10:29 am        
រូបភាព
ប្រធានាធិបតីចិន ស៊ី ជិនភីង ស្វាគមន៍សមភាគីរុស្ស៊ី វ៉្លាឌីមៀ ពូទីន មុនព្រឹត្តិការណ៍អូឡាំពិក។ រូបថត Xinhua
ប្រធានាធិបតីចិន ស៊ី ជិនភីង ស្វាគមន៍សមភាគីរុស្ស៊ី វ៉្លាឌីមៀ ពូទីន មុនព្រឹត្តិការណ៍អូឡាំពិក។ រូបថត Xinhua
ប្រធានាធិបតីចិន ស៊ី ជីនភីង បានស្វាគមន៍សមភាគីរុស្ស៊ី វ៉ា្លឌីមៀ ពូទីន នៅថ្ងៃទី៤ ខែកុម្ភៈ ដោយភាគីទាំងពីរប្រកាសជាឱឡារិកប្រឆាំងការពង្រីកសម្ព័ន្ធយោធាណាតូ ដែលជាប្រធានបទកំពុងក្ដៅរវាងរុស្ស៊ី និងលោកខាងលិច។ លោក ស៊ី និងលោក ពូទីន ក៏ប្រកាសការពារផលប្រយោជន៍គ្នាទៅវិញទៅមក ប្រឆាំងការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងប្រទេសទាំងពីរពីសំណាក់កម្លាំងខាងក្រៅ និងជំទាស់ផែនការពង្រាយប្រព័ន្ធការពារមីស៊ីលរបស់អាម៉េរិកទៀតផង។

 
នៅពេលដែលការប្រឈមមុខជាមួយលោកខាងលិចនៅតែឡើងកម្ដៅ ប្រធានាធិបតីរុស្ស៊ី វ៉ា្លឌីមៀ ពូទីន ហោះទៅកាន់រដ្ឋធានីប៉េកាំងដើម្បីជួបប្រធានាធិបតីចិន ស៊ី ជិនភីង និងចូលរួមបើកព្រឹត្តិការណ៍អូឡាំពិករដូវរងាឆ្នាំ២០២២។ ក្រោយជំនួបទល់មុខគ្នា មេដឹកនាំចិន និងរុស្ស៊ីចេញសេចក្ដីថ្លែងការណ៍មួយដោយបញ្ជាក់ពីទំនាក់ទំនងគ្មានដែនកំណត់ និងប្រកាសជំហររួមប្រឆាំងសកម្មភាពរបស់អាម៉េរិកនៅអឺរ៉ុបខាងកើត និងជុំវិញពិភពលោក។
 
«មេដឹកនាំទាំងពីរប្រឆាំងការពង្រីកបន្ថែមទៀតសម្ព័ន្ធយោធាណាតូដែលដឹកនាំដោយអាម៉េរិក និងស្នើឱ្យសម្ព័ន្ធភាពនេះបោះបង់គំនិតសម័យសង្រ្គាមត្រជាក់។» សេចក្ដីថ្លែងការណ៍រួមមេដឹកនាំចិន និងរុស្ស៊ីបញ្ជាក់បែបនេះ មុនបន្តថា ប្រទេសទាំងពីរបារម្ភពីការទៅមុខនៃផែនការអភិវឌ្ឍប្រព័ន្ធការពារមីស៊ីល និងការពង្រាយគ្រឿងបរិក្ខារប្រព័ន្ធការពារនេះនៅតាមតំបន់ជាច្រើនលើពិភពលោក គួបផ្សំនឹងការពង្រឹងសមត្ថភាពអាវុធយុទ្ធសាស្រ្តឯទៀត។
 
បើតាមឯកសារដដែល រុស្ស៊ីក៏បញ្ជាក់ជាថ្មីការគាំទ្រគោលនយោបាយចិនតែមួយ ហើយចាត់ទុកតៃវ៉ាន់ជាផ្នែកមួយមិនអាចបំបែកបានរបស់ចិន និងជំទាស់ការប៉ុនប៉ងប្រកាសឯករាជ្យរបស់តៃវ៉ាន់។ ឯចិនវិញគាំទ្រការទាមទាររបស់រុស្ស៊ីដែលចង់បានកិច្ចព្រមព្រៀងមួយធានាថា ណាតូត្រូវបំពេញតម្រូវការសន្តិសុខរបស់រុស្ស៊ីនៅតំបន់អឺរ៉ុប។
 
សេតវិមានឯណោះវិញ ហាក់មិនបារម្ភអ្វីនឹងជំនួបមេដឹកនាំប្រទេសមហាអំណាចពីរដែលកំពុងមើលមុខគ្នាមិនត្រូវជាមួយអាម៉េរិកឡើយ។ នៅពេលសួរពីជំនួបលោក ស៊ី និងលោក ពូទីន ក្នុងសន្និសីទសារព័ត៌មាន អ្នកនាំពាក្យសេតវិមាន Jen Psaki ឆ្លើយតាមសម្រួលថា ប្រធានាធិបតី ចូ បៃឌិន ក៏មានទំនាក់ទំនងផ្ទាល់មួយជាមួយលោក ស៊ី ដែរ ហើយអ្វីដែលអាម៉េរិកកំពុងផ្ចង់អារម្មណ៍ គឺការធ្វើការជាមួយសម្ព័ន្ធមិត្តក្នុងករណីរុស្ស៊ីឈ្លានពានអ៊ុយក្រែន។
 
អំឡុងទស្សនកិច្ចនេះ លោក ពូទីន ក៏ប្រកាសកិច្ចព្រមព្រៀងផ្គត់ផ្គង់ឧស្ម័ន និងប្រេងឱ្យចិនបន្ថែមទៀតជាមួយតម្លៃរាប់សិបពាន់លានដុល្លារ។ ការទិញលក់នឹងធ្វើជាប្រាក់អឺរ៉ូ មិនមែនដុល្លារឡើយ៕

Tag:
 ចិន
  រុស្ស៊ី
  ណាតូ
© រក្សាសិទ្ធិដោយ thmeythmey.com