អន្តរជាតិ
ចិនប្រាប់អាម៉េរិកឱ្យបត់បែន បើចង់បំបែកការទាល់ច្រកជាមួយកូរ៉េខាងជើង
05, Feb 2022 , 2:39 pm        
រូបភាព
ប្រមុខដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន ចុះត្រួតពិនិត្យរោងចក្រផលិតអាវុធមួយកន្លែង។ រូបថត KCNA
ប្រមុខដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន ចុះត្រួតពិនិត្យរោងចក្រផលិតអាវុធមួយកន្លែង។ រូបថត KCNA
អគ្គរដ្ឋទូតចិនប្រចាំអង្គការសហប្រជាជាតិ (UN) ចាង ជុន នៅថ្ងៃទី៤ ខែកុម្ភៈ បានលើកយោបល់ឱ្យអាម៉េរិកបង្ហាញការបត់បែនរបស់ខ្លួនដើម្បីបំបែកការទាល់ច្រកក្នុងការចរចាឈានទៅរំសាយអាវុធនុយក្លេអ៊ែរជាមួយកូរ៉េខាងជើង។ ថ្លែងទៅកាន់អ្នកសារព័ត៌មានមុនកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខ អ្នកការទូតចិនរូបនេះអះអាងថា ដំណោះស្រាយស្ថិតក្នុងអាម៉េរិក។

 
ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បានបើកកិច្ចប្រជុំបិទទ្វារមួយតាមសំណើរបស់អាម៉េរិកនៅថ្ងៃទី៤ ខែកុម្ភៈដើម្បីជជែកពីការបាញ់មីស៊ីលបាលីស្ទិកដោយកូរ៉េខាងជើង។ កាលពីចុងខែមុន កូរ៉េខាងជើង បានបាញ់មីស៊ីល Hwasong-12 ដែលជាមីស៊ីលបាលីស្ទិកចម្ងាយមធ្យមជាលើកដំបូងក្រោយផ្អាកអស់ពេលបីបួនឆ្នាំមកនេះ។ មីស៊ីលចម្ងាយមធ្យម ស្ថិតក្នុងបញ្ជីហាមឃាត់ដែលក្រុមប្រឹក្សាសន្តិសុខដាក់លើកូរ៉េខាងជើង។
 
«ពួកគេគួរបង្ហាញសកម្មភាព វិធីសាស្រ្ត និងគោលនយោបាយដែលទាក់ទាញជាងមុន ជាក់ស្ដែងជាងមុន និងបត់បែនជាងមុនក្នុងការដោះស្រាយបញ្ហាកូរ៉េខាងជើង។» អគ្គរដ្ឋទូតចិននៅ UN លោក ចាង ជុន ប្រាប់អ្នកកាសែតបែបនេះ មុនចូលប្រជុំ ហើយបន្ថែមថា គន្លឹះដោះស្រាយបញ្ហាស្ថិតក្នុងអាម៉េរិកស្រេចទៅហើយដែរ។
 
អាម៉េរិក បានស្នើកោះប្រជុំប្រជុំក្រុមប្រឹក្សាសន្តិសុខដែលមានសមាជិក១៥ប្រទេស សំដៅរកដំណោះស្រាយទាក់ទងនឹងសកម្មភាពបាញ់មីស៊ីលរបស់កូរ៉េខាងជើង។ មីស៊ីលប្រភេទនេះហើយដែលទីក្រុងព្យុងយ៉ាងគំរាមបាញ់កម្ទេចកោះហ្កាមរបស់អាម៉េរិកនោះ។ កូរ៉េខាងជើង ប្រកាសជាឯកតោភាគី ផ្អាករាល់ការសាកល្បងមីស៊ីលបាលីស្ទិក និងអាវុធនុយក្លេអ៊ែរតាំងពីឆ្នាំ២០១៧ មក នៅពេលដែលជំនួបមេដឹកនាំអាម៉េរិក និងកូរ៉េខាងជើងចាប់ផ្ដើមលេចរូបរាងជាបន្តបន្ទាប់ មុននឹងជាប់គាំងនៅឆ្នាំ២០១៩ អំឡុងជំនួបនៅវៀតណាម។
 
ទាក់ទងការផ្អាក និងការសម្រេចចិត្តជួបគ្នាជបន្តបន្ទាប់បែបនេះ លោក ចាង ក៏ចោទជាសំណួរ តើអាម៉េរិកធ្វើអ្វីខ្លះហើយ?
 
នាកិច្ចប្រជុំកន្លងមក អាម៉េរិកក៏ស្វែងរកការសម្រេចរបស់ក្រុមប្រឹក្សាលើការដាក់ទណ្ឌកម្មលើកូរ៉េខាងជើងផងដែរ ប៉ុន្តែត្រូវចិន និងរុស្ស៊ីជំទាស់ ដោយទាមទារការសិក្សាបន្ថែម។ អាម៉េរិកខ្លួនឯង ក៏ដាក់ទណ្ឌកម្មជាឯកតោភាគីលើជនជាតិកូរ៉េខាងជើង និងជនបរទេសដែលពាក់ព័ន្ធកម្មវិធីអាវុធរបស់ទីក្រុងព្យុងយ៉ាងរួចដែរ៕ 

Tag:
 ចិន
  អាម៉េរិក
  កូរ៉េខាងជើង
© រក្សាសិទ្ធិដោយ thmeythmey.com