អន្តរជាតិ
រាជានិយមចិន ចាប់ផ្ដើមដោយរជ្ជកាលសៀ និងបញ្ចប់នៅរជ្ជកាលឆេងឆ្នាំ១៩១២
05, Feb 2022 , 9:59 pm        
រូបភាព
តាំងពីបុរាណមក ប្រទេសចិនត្រូវបានគ្រប់គ្រងដោយរបបរាជានិយម។ ស្តេចនីមួយៗឡើងគ្រងរាជដោយបន្តក្នុងខ្សែរាជវង្សតែមួយ រហូតដល់ខ្សែរាជវង្សថ្មីផ្ដួលរំលំខ្សែរាជវង្សចាស់។ ចាប់តាំងពីឆ្នាំ២០៧០ មុនគ្រិស្តសករាជរហូតដល់ឆ្នាំ១៩១១ ប្រទេសចិនមានរជ្ជកាលបន្តបន្ទាប់ចំនួន១៣។


 
ខាងក្រោមនេះជារជ្ជកាលទាំង១៣សម័យកាល៖
 
១. រជ្ជកាលសៀ (Xia) (២០៧០-១៦០០ មុនគ.ស)៖
 
រជ្ជកាលសៀ ជារជ្ជកាលដំបូងរបស់ចិនដែលគ្រប់គ្រងប្រទេសពីឆ្នាំ ២០៧០ រហូតដល់ ១៦០០ មុនគ្រិស្តសករាជ។ រជ្ជកាលនះត្រូវបានបង្កើតឡើងដោយមហាក្សត្រអ៊ី (Yu) ។ រជ្ជកាលនេះ ត្រូវបានគេស្គាល់ថាជាអ្នកអភិវឌ្ឍបច្ចេកទេសគ្រប់គ្រងទឹកជំនន់ ដែលជាបញ្ហាដ៏ធំបំផ្លាញដំណាំរបស់កសិករជាច្រើនជំនាន់។ យ៉ាងណាមិញ ដោយការខ្វះខាតឯកសារព័ស្តុតាង អ្នកស្រាវជ្រាវពុំសូវដឹងរឿងលម្អិតពីរជ្ជកាលនេះឡើយ។
 
២. រជ្ជកាលសាង (Shang) (១៦០០-១០៥០ មុនគ.ស)៖
 
រជ្ជកាលសាង ជារជ្ជកាលចិនដំបូងដែលមានព័ស្តុតាងបុរាណវត្ថុជាច្រើន។ រជ្ជកាលនេះមានស្តេចគ្រប់គ្រងប្រទេសចំនួន៣១អង្គដែលគ្រប់គ្រងតំបន់ភាគច្រើននៅតាមដងទន្លេលឿង។ រជ្ជកាលសាង ត្រូវបានគេគត់ត្រាថា ជាសម័យដែលចិនមានការរីកចម្រើនខាងគណិតវិទ្យា តារាសាស្ត្រ សិល្បៈ និងបច្ចេកវិទ្យាយោធា។ រជ្ជកាលសាង បានប្រើប្រព័ន្ធប្រតិទិនដែលមានការអភិវឌ្ឍ និងប្រើប្រាស់ទម្រង់ដំបូងនៃភាសាចិនទំនើប។ 
 
៣. រជ្ជកាលចូវ (Zhou) (១០៤៦ -២៥៦មុនគ.ស)៖ 
 
រជ្ជកាលចូវ ជារជ្ជកាលគ្រប់គ្រងប្រទេសវែងបំផុតក្នុងប្រវត្តិសាស្ត្រចិន ដែលដឹកនាំប្រទេសអស់រយៈពេលជិត ៨ សតវត្សរ៍។ ក្រោមការគ្រប់គ្រងរបស់រជ្ជកាលចូវ វប្បធម៌ អរិយធម៌ ទស្សនវិជ្ជារបស់ចិនជាពិសេសគំនិតទស្សនវិទូខុងជឺ និងសាសនាតាវ បានរីកចម្រើននិងរីករាលដាលទៅកាន់តំបន់ផ្សេងៗ។ លើសពីនេះដែរ កាក់ និងចង្កឹះ ត្រូវបានគេចាប់ផ្តើមប្រើប្រាស់។ 
 
៤. រជ្ជកាលឈីន (Qin) (២២១-២០៦ មុនគ.ស)៖
 
រជ្ជកាលឈីន ត្រូវបានកត់ត្រាថា ជារជ្ជកាលដំបូងដែលចាប់ផ្តើមបង្កើតចក្រភពចិន។ ក្នុងរជ្ជកាលស្តេចឈី នស៊ីហ័ងទី (Qin Shi Huangdi) ទឹកចិនត្រូវបានពង្រីកយ៉ាងខ្លាំងដែលមានទឹកដីលាតសន្ធឹងដល់តំបន់ភាគខាងត្បូងចិនសព្វថ្ងៃ។ មហាកំពែង ក៏ត្រូវបានបង្កើតក្នុងរជ្ជកាលស្តេចអង្គនេះផងដែរ។ 
 
៥. រជ្ជកាលហាន (Han) (២០៦មុនគ.ស-២២០ គ.ស)៖
 
រជ្ជកាលហាន ត្រូវបានគេស្គាល់ថាជាយុគសម័យមាសក្នុងប្រវត្តិសាស្ត្រចិន ដែលជាពេលដែលចិនមានស្ថិរភាព និងវិបុលភាពរយៈយូរ។ ការគ្រប់គ្រងដោយផ្ដល់សេវាកម្មរដ្ឋបាលស៊ីវិលកណ្តាល (A central imperial civil service) ត្រូវបានបង្កើតឡើង ដែលធ្វើឱ្យការគ្រប់គ្រងប្រទេសនៅសម័យនេះមានភាពរឹងមាំ និងមានរបៀបរៀបរយ។ ផ្លូវសូត្រក៏ត្រូវបានបង្កើតឡើងដើម្បីតភ្ជាប់ទៅភាគខាងលិច ក្នុងការធ្វើពាណិជ្ជកម្មជាដើម។ 
 
៦. សម័យរជ្ជកាលប្រាំមួយ៖
 
រជ្ជកាលប្រាំមួយ ជាសម័យកាលដែលប្រទេសចិន គ្រប់គ្រងជាបន្តបន្ទាប់ដោយសែរាជវង្ស៦ ចាប់តាំងពីដើមសតវត្សរ៍ទី៣ នៃគ.ស ដល់ចុងសតវត្សរ៍ទី ៦ នៃគ.ស។ សម័យកាលនេះជាសម័យដែលចិនមានសង្រ្គាមដ៏វឹកវរនៅភាគខាងជើងប្រទេស។ សម័យរជ្ជកាលប្រាំមួយរាប់បញ្ចូល សម័យនគរបីដែលត្រូវស្គាល់ដោយរឿងភាគសាមកុក (២២០-២៦៥ គ.ស) រជ្ជកាលជីន (២៦៥-៤២០គ.ស) និងសម័យកាលរជ្ជកាលខាងជើង និងខាងត្បូង (៣៨៦-៥៨៩ គ.ស)។ 
 
៧. រជ្ជកាលសួយ (Sui) (៥៨១-៦១៨ គ.ស)៖
 
រជ្ជកាលសួយ ត្រូវបានបង្កើតឡើងដោយអធិរាជវិន (Wen)។ ក្រោយការគ្រប់គ្រងរបស់អធិរាជ Wen និងបុត្រាព្រះអង្គអធិរាជយ៉ាង (Yang) ចិនត្រូវបានគេកត់ត្រាថា មានកងទ័ពច្រើនផុតនៅក្នុងពិភពលោកនៅពេលនោះ។ លើសពីនេះដែរ មហាកំផែងត្រូវបានពង្រីកហើយការសាងសង់ប្រព័ន្ធធារាសាស្រ្ត (Grand Canal) ត្រូវបានបញ្ចប់។
 
៨. រជ្ជកាលថាង (Tang) (៦១៨-៩០៦ គ.ស)៖ 
 
រជ្ជកាលថាង ត្រូវបានចាត់ទុកថាជាសម័យកាលដែលអរិយធម៌ចិនរីកចម្រើនដល់ចំណុចខ្ពស់។ អធិរាជទី ២ ក្នុងរជ្ជកាលនេះ គឺអធិរាជថៃចុង (Taizong) ត្រូវបានចាត់ទុកថាជាអធិរាជចិនដ៏ល្អបំផុតមួយ។ នៅសម័យគ្រប់គ្រងរបស់អធិរាជសៀនចុង (Xuanzong) ចិនគឺជាប្រទេសធំជាងគេ និងមានប្រជាជនច្រើនជាងគេលើពិភពលោក។ លើសពីនេះដែរ ស្តេចស្រីតែមួយអង្គគត់ដែលគ្រប់គ្រងចិនឈ្មោះអ៊ូជឺធាន (Wu Zetian) ក៏ជាព្រះញាតិវង្សក្នុងសម័យកាលនេះដែរ។
 
៩. សម័យរជ្ជកាលប្រាំ នគរដប់ (៩០៧-៩៦០ គ.ស)៖
 
ក្នុងរយៈពេល៥០ឆ្នាំក្រោយការដួលរលំនៃរជ្ជកាលថាង និងការបង្កើតរជ្ជកាលសុង ចិនត្រូវបានគ្របដណ្ដប់ដោយជម្លោះផ្ទៃក្នុង និងភាពវឹកវរ។ នៅភាគខាងជើងនៃប្រទេសចិន រជ្ជកាល៥ បានគ្រប់គ្រងប្រទេសជាបន្តបន្ទាប់។ ក្នុងអំឡុងពេលដូចគ្នានេះ នគរដប់បានគ្រប់គ្រងតំបន់ដាច់ដោយឡែកពីគ្នានៃភាគខាងត្បូងចិន។
 
១០. រជ្ជកាលសុង (Song) (៩៦០-១២៧៩ គ.ស)៖
 
រជ្ជកាលសុង ជារជ្ជកាលដែលបានបង្រួបបង្រួមនៃប្រទេសចិនឡើងវិញដោយអធិរាជថៃជូ (Taizu) ក្រោយសង្គ្រាមអស់រយៈពេលជាយូរ។ ក្នុងសម័យកាលដឹកនាំដោយរជ្ជកាលសុង ចិនបានបង្កើតរំសេវ ការបោះពុម្ព ក្រដាសប្រាក់ និងត្រីវិស័យ។
 
១១. រជ្ជកាលយាន (Yuan) (១២៧៩-១៣៦៨ គ.ស)៖
 
រជ្ជកាលយាន ត្រូវបានបង្កើតឡើងដោយពួកម៉ុងហ្គោលដែលវាយគ្រប់គ្រងទឹកដីចិន និងគ្រប់គ្រងដោយគូប៊ីឡៃខាន់ ដែលជាចៅប្រុសរបស់អធិរាជសង់ស៊ីខាន់។ គូប៊ីឡៃខាន់ ជាស្ដេចគ្រប់គ្រងប្រទេសដែលមិនមែនជាជនជាតិចិនដំបូងក្នុងប្រវត្តិសាស្ត្រចិន។
 
១២. រជ្ជកាលម៉េង (Ming) (១៣៦៨-១៦៤៤ គ.ស)៖
 
ក្នុងរជ្ជកាលរជ្ជកាលនេះ មហាកំផែងចិនត្រូវបានសាងសង់រួចរាល់។ ទន្ទឹមនេះដែរ ព្រះបរមរាជវាំងដ៏ធំមួយក៏បានសាងសង់ក្នុងសម័យនេះដែរ។ រាជវាំងនេះ ត្រូវបានស្គាល់ជាទូទៅថា Forbidden City ដែលស្ថិតក្នុងរដ្ឋធានីប៉េកាំងសព្វថ្ងៃ។ 
 
១៣. រជ្ជកាលឆេង (Qing) (១៦៤៤-១៩១២ គ.ស)៖
 
រជ្ជកាល Qing ជារជ្ជកាលចុងក្រោយបង្អស់របស់ចិន ដែលបន្តដោយសាធារណរដ្ឋចិនក្នុងឆ្នាំ១៩១២ ។ ក្នុងអំឡុងទសវត្សរ៍១៨00 ចិនបានប្រឈមមុខនឹងការវាយប្រហារពីចក្រភពអង់គ្លេស បារាំង រុស្ស៊ី អាល្លឺម៉ង់ និងជប៉ុន។ ក្នុងឆ្នាំ១៩១២ អធិរាជចុងក្រោយរបស់ចិន ដែលមានព្រះជន្ម៦ព្រះវស្សាបានដាក់រាជ្យជាផ្លូវការ។ ការដាក់រាជ្យបានបញ្ចប់ការគ្រប់គ្រងតាមរបបរាជានិយមនៅចិន និងជាការចាប់ផ្តើមការគ្រប់គ្រងតាមបែបសាធារណរដ្ឋ និងសង្គមនិយម៕
 

Tag:
 ចិន
© រក្សាសិទ្ធិដោយ thmeythmey.com