អន្តរជាតិ
ប្រមុខ UN សង្ឃឹមថា ចិននឹងអនុញ្ញាតឱ្យប្រមុខសិទ្ធិមនុស្សទៅទស្សនកិច្ចស៊ីនជាំង
06, Feb 2022 , 11:39 am        
រូបភាព
អគ្គលេខាធិការអង្គការសហប្រជាជាតិ (UN) អាន់តូនីញ៉ូ ហ្គូតេរ៉េស បានប្រាប់មេដឹកនាំទីក្រុងប៉េកាំងថា លោកសង្ឃឹមចង់ឱ្យរដ្ឋាភិបាលចិនអនុញ្ញាតឱ្យស្នងការសិទ្ធិមនុស្ស UN ធ្វើដំណើរទស្សនកិច្ចដែលគួរឱ្យទុកចិត្តទៅកាន់ចិនរួមទាំងតំបន់ស៊ីនជាំងផងដែរ។ នេះបើតាមសេចក្ដីសង្ខេបនៃជំនួបប្រមុខ UN និងមេដឹកនាំចិននៅថ្ងៃទី៥ ខែកុម្ភៈ។

 
អំឡុងពេលចូលរួមពិធីបើកព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងាទីក្រុងប៉េកាំង លោក អាន់តូនីញ៉ូ ហ្គូតេរ៉េស បានជួបជាមួយប្រធានាធិបតីចិន ស៊ី ជីងភីង និងរដ្ឋមន្ត្រីការបរទេស វ៉ាង យី ដើម្បីពិភាក្សាពីកិច្ចសហប្រត្តិបត្តិការរវាងចិន និង UN ជុំវិញបញ្ហាសំខាន់ៗមួយចំនួន។ ប្រមុខ UN បានអបអរសាទរលោក ស៊ី ចំពោះការរៀបចំការប្រកួតកីឡាអូឡាំពិករដូវរងារនេះ។
 
យោងតាមសេចក្ដីសង្ខេបនៃជំនួបខាងលើចេញដោយការិយាល័យប្រមុខ UN លោក ហ្គូតេរ៉េស រំពឹងថា កិច្ចសហប្រត្តិបត្តិការរវាង UN និងចិននឹងត្រូវបានពង្រឹងបន្ថែមទៀតលើការងារសន្តិភាព និងសន្តិសុខ, ការអភិវឌ្ឍប្រកបដោយចីរភាព, ការប្រែប្រួលអាកាសធាតុ និងជីវចម្រុះ និងបញ្ហាសិទ្ធិមនុស្សជាដើម។
 
ត្រង់ប្រធានបទសិទ្ធិមនុស្សនេះ ប្រមុខ UN សង្ឃឹមថា ការរឹតបន្តឹងទំនាក់ទំនងរវាងការិយាល័យសិទ្ធិមនុស្ស UN និងអាជ្ញាធរចិន នឹងអនុញ្ញាតឱ្យប្រមុខសិទ្ធិមនុស្ស UN ធ្វើដំណើរទស្សនកិច្ចដែលគួរឱ្យទុកចិត្តទៅកាន់ចិនរួមទាំងការទៅត្រួតពិនិត្យស្ថានភាពសិទ្ធិមនុស្សនៅតំបន់ស៊ីនជាំង។ យ៉ាងណាមិញ របាយការណ៍នៃជំនួបនេះចេញពីដោយរដ្ឋាភិបាលចិន មិនមានបញ្ជាក់ពីរឿងសិទ្ធិមនុស្សឡើយ។
 
កន្លងមក ចិន ក៏បានប្រកាសស្វាគមន៍ដំណើរទស្សនកិច្ចរបស់ស្នងការសិទ្ធិមនុស្ស លោកស្រី Michelle Bachelet ទៅកាន់តំបន់ស៊ីនជាំង តែមិនមែនជាការត្រួតពិនិត្យស្ថានភាពសិទ្ធិមនុស្សឡើយ។ ប៉ុន្តែគម្រោងជាក់លាក់ពីទស្សនកិច្ចនេះ មិនដែលលេចជារូបរាងឡើយ។ 
 
ទាក់ទងបញ្ហានៃការប្រែប្រួលអាកាសធាតុ លោកអគ្គលេខាធិការ UN បានទទួលស្គាល់ពីកិច្ចខិតខំសំខាន់ៗដែលចិនកំពុងធ្វើដើម្បីដោះស្រាយបញ្ហាអាកាសធាតុមួយនេះ។ ប៉ុន្តែលោកក៏បានរំលឹក ឡើងវិញអំពីការអំពាវនាវឱ្យមានកិច្ចប្រឹងប្រែងបន្ថែមដើម្បីពន្លឿនការផ្លាស់ប្តូរទៅជាសេដ្ឋកិច្ចបៃតង និងការកាត់បន្ថយគម្លាតនៃការបំភាយឧស្ម័នលើពិភពលោក ៕

Tag:
 UN
  ចិន
© រក្សាសិទ្ធិដោយ thmeythmey.com