អន្តរជាតិ
ប្រមុខ WHO ជួបនាយករដ្ឋមន្រ្តីចិនជជែកពីការដំណើការរកប្រភពជំងឺកូវីដ-១៩ ដែលជាប់គាំង
06, Feb 2022 , 3:39 pm        
រូបភាព
នាយករដ្ឋមន្ត្រីចិន លី ខឹឈាំង ជួបអគ្គនាយកអង្គការសុខភាពពិភពលោក Tedros Adhanom Ghebreyesus។ រូបថត Xinhua
នាយករដ្ឋមន្ត្រីចិន លី ខឹឈាំង ជួបអគ្គនាយកអង្គការសុខភាពពិភពលោក Tedros Adhanom Ghebreyesus។ រូបថត Xinhua
អគ្គនាយកអង្គការសុខភាពពិភពលោក Tedros Adhanom Ghebreyesus បានជួបជាមួយនាយករដ្ឋមន្រ្តីចិន លី ខឹឈាំង នៅថ្ងៃទី៥ ខែកុម្ភៈ។ មេដឹកនាំទាំងពីរ បានជជែកពីបញ្ហាជំងឺកូវីដ-១៩ រួមទាំងដំណើរការស្វែងរកប្រភពជំងឺកូវីដ-១៩ ដែលជាប់គាំងផងដែរ។

 
«រីករាយដែលជួបជាមួយនាយករដ្ឋមន្រ្តី លី ខឹឈាំង។ យើងបានជជែកពីជំងឺកូវីដ-១៩ និងភាពចាំបាច់ដើម្បីជំរុញសមធម៌វ៉ាក់សាំងដើម្បីចាក់ឱ្យប្រជាជន៧០ភាគរយលើពិភពលោក។» ប្រមុខ WHO លោក Tedros Adhanom Ghebreyesus សរសេរបែបនេះលើ Twitter របស់លោកក្រោយជួបប្រមុខរដ្ឋាភិបាលចិននៅទីក្រុងប៉េកាំង។ លោក Tedros កំពុងស្ថិតនៅរដ្ឋធានីចិនដើម្បីចូលរួមព្រឹត្តិការណ៍អូឡាំពិករដូវរងាឆ្នាំ២០២២។
 
ក្នុងសំណេរដដែលនោះ លោកវេជ្ជបណ្ឌិត Tedros ក៏បញ្ជាក់ថា លោកបានពិភាក្សាពីភាពចាំបាច់សម្រាប់កិច្ចសហប្រតិបត្តិការរឹងមាំលើការស្វែងរកប្រភពជំងឺកូវីដ-១៩ ដែលផ្អែកលើវិទ្យាសាស្រ្ត និងព័ស្តុតាង។ ប្រមុខ WHO រូបនេះ ក៏ស្វាគមន៍ការប្រកាសគាំទ្ររបស់លោក លី លើការពង្រឹង WHO និងការជជែកពីកិច្ចព្រមព្រៀងសាកលមួយដើម្បីជំរុញការត្រៀមខ្លួនរបស់ពិភពលោកទល់នឹងជំងឺឆ្លងណាមួយផងដែរ។
 
ចំណែកសេចក្ដីប្រកាសរបស់រដ្ឋាភិបាលចិន បញ្ជាក់ថា នាយករដ្ឋមន្រ្តី លី បានស្នើឱ្យមានកិច្ចសហប្រតិបត្តិការប្រកបដោយសាមគ្គីភាព និងការស្វែងយល់គ្នាបន្ថែមទៀតលើការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ។ ទាក់ទងប្រភពជំងឺកូវីដ-១៩ សេចក្ដីប្រកាសខាងលើស្រង់សម្ដីលោក Tedros ថា លោកប្រកាន់ខ្ជាប់គោលការណ៍វិទ្យាសាស្រ្ត ហើយប្រឆាំងការយករឿងនេះធ្វើនយោបាយ។
 
ការស្វែងរកប្រភពជំងឺកូវីដ-១៩ ដែលផ្ទុះឡើងនៅទីក្រុងវូហាន ឆ្នាំ២០១៩ ហើយសម្លាប់មនុស្សជាង៣០០លាននាក់ បានជាប់គាំងជាងមួយឆ្នាំមកហើយ។ ការរកឱ្យឃើញប្រភពនេះ ជាជំហានដ៏សំខាន់ដើម្បីទប់ស្កាត់ជំងឺឆ្លងក្រោយៗទៀត។ បេសកកម្មដំបូងបានទៅដល់វូហាននៅខែមករា ឆ្នាំ២០២១ ដើម្បីរកប្រភពជំងឺនេះ ហើយក្នុងរបាយការណ៍ចេញខែមីនា បញ្ជាក់ថា សម្មតិកម្មដែលទំនងជាងគេ គឺវីរុសបង្កជំងឺនេះ ឆ្លងពីប្រចៀវទៅមនុស្សតាមរយៈអន្តរការីមួយទៀត។
 
របាយការណ៍ដដែលអះអាងថា សម្មតិកម្មវីរុសបែកធ្លាយពីមន្ទីរពិសោធន៍វូហាន ពិតជាមិនទំនងឡើយ។ អាម៉េរិក ដែលរិះគន់ចិនខ្លាំងលើរឿងនេះ ដាក់ការសង្ស័យខ្លាំងលើសម្មតិកម្មបែកធ្លាយនេះទៀតផង៕  

Tag:
 WHO
  ចិន
© រក្សាសិទ្ធិដោយ thmeythmey.com