COVID-19
ជាតិ
ការសិក្សា៖ វិធី ៥យ៉ាង ជួយជំរុញប្រព័ន្ធការពាររាងកាយរបស់អ្នកឱ្យបានល្អបំផុត
06, Feb 2022 , 8:59 pm        
រូបភាព
រូបភាព៖ AFP
រូបភាព៖ AFP
ក្នុងបរិបទជំងឺកូវីដ-១៩ ការថែរក្សាសុខភាព និងជំរុញប្រព័ន្ធការពាររាងកាយ (ប្រព័ន្ធភាពស៊ាំ) គឺជារឿងដែលគួរយកចិត្តទុកដាក់បំផុត។ តាមរយៈការសិក្សាចុះផ្សាយលើទិនានុប្បវត្តិ EcoWatch អ្នកវិទ្យាសាស្ត្រ បានកំណត់វិធីសាស្ត្រចំនួន៥ ដែលមានភាពសាមញ្ញ តែមានប្រសិទ្ធភាពខ្ពស់ ដើម្បីជួយបង្កើនប្រព័ន្ធភាពស៊ាំ។

 
១. គេងឱ្យបានគ្រប់គ្រាន់ 
 
យោងតាមការសិក្សារបស់សាកលវិទ្យាល័យ Harvard ការគេងមិនគ្រប់គ្រាន់នឹងរំខានប្រព័ន្ធភាពស៊ាំរាងកាយ រួមទាំងបង្កឱ្យមានហានិភ័យនៃជំងឺរលាកផ្សេងៗ។ អ្នកជំនាញ បានណែនាំឱ្យមនុស្សពេញវ័យ គេងឱ្យបានពី៧ ទៅ៩ម៉ោង ហើយសម្រាប់ក្មេងជំទង់វិញគួរគេងឱ្យបានយូរជាងនេះ។ 
 
២. ផឹកទឹកឱ្យបានច្រើន
 
ការផឹកទឹកច្រើននឹងជួយ បង្កើនប្រព័ន្ធភាពស៊ាំដោយសារ ប្រព័ន្ធភាពស៊ាំពឹងផ្អែកលើសារធាតុចិញ្ចឹម ដែលហូរតាមចរន្តឈាម ហើយចរន្តឈាមនេះត្រូវការជាតិទឹកយ៉ាងច្រើន ដើម្បីដំណើរការដូចរាងកាយមនុស្សដែរ។
 
៣. ទទួលទានអាហារមានបន្លែ
 
មជ្ឈមណ្ឌលមហារីក Anderson លើកឡើងថា របបអាហារដែលមានបន្លែអាចជួយពង្រឹងប្រព័ន្ធភាពស៊ាំ ដើម្បីការពារអ្នកពីពពួកបាក់តេរី វីរុស និងមេរោគ។ ប្រព័ន្ធភាពស៊ាំដែលមានសុខភាពល្អ អាចឆ្លើយតបយ៉ាងឆាប់រហ័សក្នុងការកំណត់អត្តសញ្ញាណ និងកម្ចាត់ភ្នាក់ងារបង្ករោគ មុនពេលពួកវាវិវដ្តទៅជាជំងឺ។ លើសពីនេះ បន្លែក៏ជួយកាត់បន្ថយការរលាកផងដែរ។
 
៤. កុំបណ្ដោយឱ្យខ្លួនមានជំងឺស្ត្រេស
 
យោងតាមសមាគមចិត្តសាស្រ្តអាម៉េរិក ភាពតានតឹងផ្លូវចិត្ត និងការស្ត្រេសធ្វើឱ្យប្រព័ន្ធការពាររាងកាយរបស់មនុស្សចុះខ្សោយ។ ដើម្បីដោះស្រាយបញ្ហាស្ត្រេស វាមានមធ្យោបាយមួយចំនួនដូចជា និយាយជាមួយមនុស្សដែលអ្នកស្រឡាញ់ទុកចិត្ត ធ្វើលំហាត់ប្រាណ ធ្វើអ្វីដែលអ្នកចូលចិត្ត និងការបើកចិត្តទទួលយករឿងថ្មីៗជាដើម។
 
៥. ហាត់ប្រាណជាប្រចាំ
 
មជ្ឈមណ្ឌលគ្រប់គ្រងនិងបង្ការជំងឺ បានណែនាំឱ្យមនុស្សធ្វើលំហាត់ប្រាណត្រឹមកម្រិតមធ្យម ១៥០នាទីក្នុងមួយសប្តាហ៍ គឺគ្រប់គ្រាន់សម្រាប់ជួយជំរុញសុខភាពប្រព័ន្ធភាពស៊ាំ និងកាត់បន្ថយហានិភ័យជំងឺរ៉ាំរ៉ៃផ្សេងៗ។ 
 
គួរបញ្ជាក់ថា ការធ្វើអនាម័យរាងកាយ ការការពារ និងថែរក្សាសុខភាពស្បែក គឺជាកត្តាសំខាន់ចូលរួមការពារប្រព័ន្ធភាពស៊ាំ ព្រោះថាស្បែកជារបាំងការពារបាក់តេរី និងមេរោគមិនឱ្យជ្រៀតចូលក្នុងរាងកាយ។ ទន្ទឹមនឹងនេះ ជម្រើសល្អបំផុតរបស់អ្នកដើម្បីថែរក្សាប្រព័ន្ធភាពស៊ាំក្នុងរាងកាយ ពិសេសក្នុងបរិបទជំងឺកូវីដ-១៩ គឺការត្រួតពិនិត្យជាមួយគ្រូពេទ្យជំនាញ និងស្វែងយល់ពីវិធីសាស្ត្រថែទាំសមស្របសម្រាប់ខ្លួនឯងផ្ទាល់៕ 
 

Tag:
 កូវីដ-១៩
  សុខភាព
© រក្សាសិទ្ធិដោយ thmeythmey.com