ព័ត៍មានសុខភាព
អន្តរជាតិ
ការសិក្សា៖ ទម្លាប់ ៥យ៉ាង ជួយការពារអ្នកពីជំងឺវង្វេង
06, Feb 2022 , 10:19 pm        
រូបភាព
រូបភាព៖ AFP
រូបភាព៖ AFP
ជំងឺវង្វេងភាគច្រើន កើតឡើងចំពោះមនុស្សចាស់ ហើយវាបានផ្តល់ផលវិបាកដល់ការរស់នៅយ៉ាងខ្លាំង។ បច្ចុប្បន្នប្រជាជនអូស្ត្រាលី ជិត ៥០ម៉ឺននាក់ កំពុងមានជំងឺវង្វេង ហើយបើមនុស្សមិនយកចិត្តទុកដាក់ព្យាបាលទេនោះ ចំនួនអ្នកជំងឺវង្វេង នឹងកើនឡើងដល់ជាង ១លាននាក់ នៅត្រឹមឆ្នាំ ២០៥៨។ យ៉ាងណាមិញ ការសិក្សាថ្មីមួយបានរកឃើញថាជំងឺវង្វេងអាចការពារ ឬពន្យាពេលបាន ៤០ភាគរយ ប្រសិនបើមនុស្សផ្លាស់ប្តូរទម្លាប់រស់នៅមួយចំនួនបាន។

 
ជំងឺវង្វេងបង្កឡើង ដោយសារការចូលរួមនៃជំងឺផ្សេងៗរួមមាន ជំងឺសរសៃឈាមបេះដូង ជំងឺលើសឈាម ជាតិស្ករក្នុងឈាមខ្ពស់ ការមានជំងឺធាត់ និងការជក់បារីជាដើម។ ជំងឺទាំងអស់នេះ បានបំផ្លាញសរសៃឈាម កាត់បន្ថយលំហូរឈាម និងអុកស៊ីសែនទៅកាន់ខួរក្បាល។ នៅពេលខួរក្បាលគ្មានអុកស៊ីសែន និងឈាមគ្រប់គ្រាន់ កោសិកាខួរក្បាលមិនអាចដំណើរការបានល្អប្រកបដោយប្រសិទ្ធភាពដែលអាចបណ្តាលឱ្យងាប់ខួរក្បាល។ នេះគឺជាលំនាំដែលធ្វើឱ្យកើតមានជំងឺវង្វេង។ 
 
យ៉ាងណាមិញ ការសិក្សាថ្មីមួយ ដែលចុះផ្សាយលើទំព័រ The Conversation បានរកឃើញថា ជំងឺវង្វេងអាចការពារ ឬពន្យារ ពេលបាន ៤០ភាគរយ ប្រសិនបើមនុស្សអនុវត្តទម្លាប់រស់នៅ ៥យ៉ាងដូចរៀបរាប់ខាងក្រោម។
 
១. ទទួលទានអូមេហ្គា ៣ (ខ្លាញ់ត្រី)
 
អូមេហ្គា ៣ សម្បូរក្នុងខ្លាញ់ត្រីដូចជាត្រីសាល់មុន ត្រី sardines និងត្រី mackerel ដែលមាននាទីជួយទប់ស្កាត់ការរលាក កាត់បន្ថយសម្ពាធឈាម និងជាពិសេសជួយតម្រូវនាទីកោសិកាខួរក្បាល។ 

២. បរិភោគអាហាររុក្ខជាតិជារៀងរាល់ថ្ងៃ
 
អាហាររុក្ខជាតិ រួមមានបន្លែស្លឹកបៃតង ប្រេងអូលីវ ផ្លែឈើ គ្រាប់ធញ្ញជាតិ និងគ្រាប់សណ្ដែកគ្រប់ប្រភេទ ដែលសុទ្ធតែសម្បូរវីតាមីន និងជាតិរ៉ែ។ អាហារទាំងនេះមានសារធាតុប្រឆាំងការរលាក និងអុកស៊ីតកម្មដែលពង្រឹងនាទីសរសៃឈាមដើម្បីឱ្យខួរក្បាលមានសុខភាពល្អ កាត់បន្ថយហានិភ័យនៃការភ្លេចភ្លាំង និងជំងឺវង្វេង។ 
 
៣. កាត់បន្ថយការទទួលទានអាហារកែច្នៃ
 
អាហារកែច្នៃ ត្រូវបានអ្នកជំនាញអះអាងថា បង្កឱ្យមានការរលាក និងបង្កើនហានិភ័យជំងឺលើសឈាម ជំងឺទឹកនោមផ្អែម និងជំងឺធាត់ ដែលសុទ្ធតែជាកត្តាជំរុញឱ្យវិវដ្ដទៅជំងឺវង្វេង។
 
៤. ហាត់ប្រាណជាប្រចាំ
 
សកម្មភាពរាងកាយអាចកាត់បន្ថយការរលាក និងសម្ពាធឈាមដែលជួយឱ្យរាងកាយបញ្ជូនអុកស៊ីសែនកាន់តែច្រើនទៅខួរក្បាល ធ្វើឱ្យការចងចាំ និងមុខងារយល់ដឹងផ្សេងទៀតប្រសើរឡើងចៀសផុតពីជំងឺវង្វេង។
 
៥. ឈប់ជក់បារី
 
អ្នកជក់បារីប្រឈមហានិភ័យនៃការវិវដ្តទៅជាជំងឺវង្វេងច្រើនជាងអ្នកមិនជក់បារី ៦០ភាគរយ។ ប៉ុន្តែ ការឈប់ជក់បារី ពិតជាអាចជួយការពារជំងឺវង្វេង ព្រោះការសិក្សាបានបង្ហាញថា អ្នកដែលឈប់ជក់បារីមានហានិភ័យទាបនៃការថយចុះសមត្ថភាពយល់ដឹង និងជំងឺវង្វេង បើប្រៀបធៀបទៅនឹងអ្នកនៅតែបន្តជក់បារី៕

Tag:
 សុខភាព
© រក្សាសិទ្ធិដោយ thmeythmey.com