កីឡាជាតិ
ជាតិ
មុន​ស៊ីហ្គេម គុនខ្មែរព្យាយាម​បង្កើន​សមត្ថភាពខ្លួនក្នុងកម្មវិធីប្រកួតតាម​​ទូរទស្សន៍
07, Feb 2022 , 1:59 pm        
រូបភាព
រូបការចុះហត្ថលេខា របស់សហព័ន្ធប្រដាល់គុនខ្មែរ និង CBS រូបពីសហព័ន្ធគុនខ្មែរ
រូបការចុះហត្ថលេខា របស់សហព័ន្ធប្រដាល់គុនខ្មែរ និង CBS រូបពីសហព័ន្ធគុនខ្មែរ
សហព័ន្ធកីឡាប្រដាល់​គុនខ្មែរ បាន​សហការជាមួយក្រុមហ៊ុន​បណ្តាញ​ផ្សព្វផ្សាយ​កម្ពុជា CBS ក្នុង​ការបង្កើត​កម្ម​វិធីប្រកួតគុនខ្មែរ​ថ្មីមួយទៀត ក្នុងគោល​បំណង​លើកកម្ពស់​គុនខ្មែរ និងផ្តល់ឱកាស​ឲ្យអ្នកប្រដាល់បង្កើន​សមត្ថភាព​ មុនពេលដែលកម្ពុជា​ត្រៀម​ខ្លួនធ្វើ​ជាម្ចាស់ផ្ទះ​ សម្រាប់ព្រឹត្តិការណ៍កីឡាស៊ីហ្គេម​ឆ្នាំ២០២៣។

 
«កីឡា​កសាងមនុស្ស មនុស្ស​កសាងសង្គម»។ នេះជាការគូសបញ្ជាក់របស់​ លោក អ៊ុក សិទ្ធិជាតិ អគ្គនាយកនៃអគ្គនាយកដ្ឋានកីឡា ក្រសួងអប់រំ យុវជន និងកីឡា នាពិធី​ចុះហត្ថលេខាស្តីពីកិច្ចសហការរវាងសហព័ន្ធកីឡា​ប្រដាល់គុនខ្មែរ និង CBS កាលពី​ថ្ងៃសុក្រ ទី៤ ខែកុម្ភៈ កន្លងមក ក្រោម​អធិបតីភាព​លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន។
 
លោក អ៊ុក សិទ្ធិជាតិ បាន​លើកឡើង​ពី​សារសំខាន់​របស់​វិស័យ​កីឡា​ក្នុង​ការ​កសាងធន​ធានមនុស្ស​ ដែល​ស្របតាម​ ដែល ស្រប​តាម គោលនយោបាយជាតិ កាយ និងកីឡា ជាពិសេសផែនការក្នុងការឆ្ពោះទៅធ្វើជាម្ចាស់ផ្ទះស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ ។ 
 
ជាមួយគ្នានេះដែរ លោក ខៀវ កាញារីទ្ធ បាន​ក្រើន​រំលឹក​ពីការណែនាំ​របស់សម្តេច ហ៊ុន សែន ទាក់ទ​ងនឹង​ការដាក់​រូប Mascots នៅរាល់​កម្មវិធី និង​សកម្មភាព​កីឡាទាំងអស់ ក្នុងគោលបំណងដើម្បីផ្សព្វផ្សាយបន្ថែម និងបញ្ជ្រាបការយល់ដឹង ពីដំណើរឆ្ពោះ ទៅស៊ីហ្គេម២០២៣ ។
 
កីឡាប្រដាល់គុនខ្មែរ ត្រូវបានក្រសួងអប់រំ យុវជន និងកីឡា កំណត់ថាជាប្រភេទ​កីឡាមួយ​ដែលមានសក្ដានុពល សម្រាប់ព្រឹត្តិ ការណ៍​កីឡាស៊ីហ្គេម លើកទី៣២។ 
 
ព្រឹត្តិការណ៍ CBS គុនខ្មែរ ជាការប្រកួតដណ្ដើមខ្សែរក្រវាត់​ ពីរប្រភេទទម្ងន់ផ្សេងគ្នា គឺទម្ងន់៥៤គីឡូក្រាម និង៥៧គីឡូក្រាម ដែល​នឹងប្រព្រឹត្ត​ទៅ​ចាប់ពីថ្ងៃទី៤ ខែមិនា ដល់​ថ្ងៃទី​១ ខែកក្កដា រៀងរាល់ល្ងាចថ្ងៃសុក្រ។ កីឡាករចូលរួមមាន​សរុប១៦នាក់លើ២ វិញ្ញាសាទម្ងន់ផ្សេងគ្នា ដោយប្រភេទទម្ងន់នីមួយៗ ត្រូវចែកចេញជា២ពូល ក្នុងមួយពូល៤ នាក់ ។ 
 
កីឡាករ ត្រូវប្រកួតវិលជុំសន្សំពិន្ទុនៅក្នុងពូល ហើយក្នុងមួយពូល គឺយកពីរនាក់ ដើមបន្ដមកវគ្គពាក់កណ្ដាល់ផ្ដាច់ព្រ័ត្រ ។ ក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ តម្រូវឲ្យកីឡាករលេខ១ក្នុងពូល A ប្រកួតជាមួយ លេខ២ ក្នុងពូល B និង លេខ១ក្នុងពូល B ប្រកួតជាមួយ លេខ២ ក្នុងពូល A ហើយកីឡាករ ដែលឈ្នះនៅវគ្គនេះ ត្រូវប្រកួតគ្នាយកចំណាត់ថ្នាក់លេខ១ និងលេខ២ ខណៈ អ្នកចាញ់ទាំងពីរអ្នកវិញ ត្រូវប្រកួត យកចំណាត់ថ្នាក់លេខ៣ ៕
 

© រក្សាសិទ្ធិដោយ thmeythmey.com