ជាតិ
សង្គមជាតិ
សមត្ថកិច្ច៖ ឃាតកម្ម​មួយគ្រួសារនៅមណ្ឌលគិរី ដោយសារការ​គុំកួនរឿងអាបធ្មប់
07, Feb 2022 , 11:59 am        
រូបភាព
ជនសង្ស័យទាំង៦នាក់។ រូបពីនគរបាលជាតិ
ជនសង្ស័យទាំង៦នាក់។ រូបពីនគរបាលជាតិ
សមត្ថកិច្ចមណ្ឌលគិរី បានឃាត់ខ្លួនជនសង្ស័យ៦នាក់ជាបន្តបន្ទាប់ ពាក់ព័ន្ធនឹងករណីឃាតកម្មគិតទុក ជាមុននៅស្រុកពេជ្រាដា ដែលបានសម្លាប់មនុស្សចាស់ក្មេង៥នាក់ ហើយក្មេងប្រុសម្នាក់រងរបួសធ្ងន់។ ករណីនេះកើតដោយសារក្រុម​ជនដៃដល់គុំ​កួន ដោយគិតថាគ្រួសារជនរងគ្រោះ បានធ្វើអំពើអាបធ្មប់ លើគ្រួសារពួកគេ។

 
លោក សូ សុវណ្ណ ស្នងការរងនគរបាលខេត្តមណ្ឌគិរី ឱ្យដឹងថា សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យ៦នាក់ ពាក់ព័ន្ធនឹងឃាតកម្មគិតទុកជាមុន លើគ្រួសារមួយនៅស្រុកពេជ្រាដា។ ពួកគេទាំងនោះ សារភាពថា ពិតជាបានសម្លាប់គ្រួសារជនរងគ្រោះ ព្រោះតែគំនុំ។ 
 
លោក សូ សុវណ្ណ ថ្លែងប្រាប់ ThmeyThmey ថា ក្រុម​ជនសង្ស័យបានឃាត់ខ្លួនកាលពីថ្ងៃទី៥ ខែ​កុម្ភៈ ដោយ​ពួកគេទាំង៦នាក់ គឺមកពីគ្រួសារចំនួនពីរ។ លោកបានឲ្យដឹងថា ករណីឃាតកម្មកាលពីថ្ងៃទី១ កុម្ភៈ គឺកើតឡើងដោយសារគ្រួសារទាំងពីរនេះ ស្អប់គំុកួនគ្រួសារជនរងគ្រោះ ដោយគិតថាពួកគេចេះអំពើអាបធ្មប់។ 
 
«គ្រួសារជនល្មើស ធ្លាប់មានសមាជិកគ្រួសារស្លាប់ ហើយគិតថាគ្រួសារជនរងគ្រោះ ជាអ្នកធ្វើអំពើអាបធ្មប់​ ទើបមានគំនុំ និងឈានដល់ការសម្លាប់គ្រួសារជនរងគ្រោះទាំងគ្រួសារ»។ នេះជាការលើកឡើង របស់ស្នងការរងនគរបាលខេត្តមណ្ឌលគិរី ហើយបន្ថែមថា ជនសង្ស័យទាំង៦នាក់ដែលឃាត់ខ្លួន ត្រូវបានកម្លាំងសមត្ថកិច្ចរៀបចំសំណុំរឿង ដោះស្រាយតាមច្បាប់។ 
 
ដោយឡែក ក្មេងប្រុសម្នាក់រងរបួសធ្ងន់ ត្រូវបានអាជ្ញាធរបញ្ជូនខ្លួនទៅមន្ទីរពេទ្យកុមារជាតិ៕ 
 

Tag:
 សង្គម
  ឃាតកម្ម
© រក្សាសិទ្ធិដោយ thmeythmey.com