ជាតិ
សម្តេច ហ៊ុន សែន អនុញ្ញាតឲ្យរៀបចំពិធីបុណ្យចូលឆ្នាំថ្មីខាងមុខ ក្រោយខកខាន២ឆ្នាំ
07, Feb 2022 , 9:29 pm        
រូបភាព
ដោយ:
សម្ដេច ហ៊ុន សែន ប្ដេជ្ញាឱ្យប្រជាពលរដ្ឋរៀបចំពិធីបុណ្យចូលឆ្នាំ ប្រពៃណីខ្មែរ ក្នុងឆ្នាំ២០២២នេះ។ សម្ដេច ហ៊ុន សែន មានប្រសាសន៍ដូច្នេះ ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់កំណាត់ផ្លូវជាតិលេខ៧ ក្នុងខេត្តក្រចេះ នៅថ្ងៃទី៧កុម្ភៈ  ជាមួយនឹងនឹងការអំពាវនាវឱ្យប្រជាជនបន្តអនុវត្តវិធានសុវត្ថិភាពសុខាភិបាល និងចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដើម្បីកុំឱ្យមានការរីករាលដាលជំងឺកូវីដ-១៩ បន្តទៀត។



ប្រមុខរដ្ឋាភិបាលកម្ពុជា ថ្លែងដូច្នេះ៖««សូមអំពាវនាវឱ្យប្រជាពលរដ្ឋប្រឹងប្រែងដើម្បីធ្វើយ៉ាងណា កុំឱ្យដើរថយក្រោយ។ ខានចូលឆ្នាំ២ឆ្នាំហើយ ឥឡូវឆ្នាំនេះប្ដូរផ្ដាច់ចូលឆ្នាំ។ នាំគ្នារាំលេងសប្បាយទៅ តែរាំឱ្យឃ្លាតពីគ្នាបន្តិច»។
 
ទន្ទឹមនឹងសុដ្ឋិនិយមថាអាចនឹងប្រារព្ធពិធីបុណ្យចូលឆ្នាំដោយគ្មានហានិភ័យឆ្លងកូវីដ-១៩ សម្ដេច ហ៊ុន សែន ក៏បានលើកឧទាហរណ៍នៃលំហូរទេសចរ ជិត ១លាននាក់ ដែលបានដើរកម្សាន្ត ក្នុងពិធីបុណ្យចូលឆ្នាំប្រពៃណីចិនកន្លងទៅនេះដែរ។ ដ្បិតមានចរន្តទេសចរដើរលេងដ៏ច្រើន ប៉ុន្តែសម្តេច ហ៊ុន សែន គូសបញ្ជាក់ថា មិនមានការឆ្លងរាលដាលជំងឺកូវីដ-១៩ ច្រើន គួរឱ្យកត់សម្គាល់នោះទេ។
 
គួរបញ្ជាក់ផងដែរថា រដ្ឋាភិបាលកម្ពុជា មិនអនុញ្ញាតឱ្យប្រារព្ធពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរ ចំនួន២ឆ្នាំហើយ គឺឆ្នាំ ២០២០ និង២០២១ ដោយសារការរីករាលនៃជំងឺកូវីដ-១៩៕ 
 
 
 

Tag:
 ជាតិ
  ThmeyThmey25
  ចូលឆ្នាំ
© រក្សាសិទ្ធិដោយ thmeythmey.com