អន្តរជាតិ
ការសិក្សា៖ ផ្ទាំងទឹកកកនៅភ្នំខ្ពស់ជាងគេលើពិភពលោករលាយលឿនខ្លាំងនៅ២៥ឆ្នាំចុងក្រោយ
13, Feb 2022 , 2:29 pm        
រូបភាព
ដោយ:
ការសិក្សាថ្មីមួយដោយសកលវិទ្យាល័យ Maine របស់អាម៉េរិក បង្ហាញថា ផ្ទាំងទឹកកដ៏ក្រាស់នៅក្បែរភ្នំ Everest ហើយដែលចំណាយរយៈពេលជាង២០០០ឆ្នាំដើម្បីលេចរូបរាងឡើង កំពុងរលាយយ៉ាងឆាប់រហ័សក្នុងពេល២៥ឆ្នាំចុងក្រោយនេះ។ បម្រែបម្រួលអាកាសធាតុ ត្រូវមើលឃើញថា ជាកត្តាជំរុញដ៏សំខាន់។



យោងតាមការស្រាវជ្រាវចេញផ្សាយដោយគេហទំព័រ Nature នៅថ្ងៃទី៤ ខែកុម្ភៈ  ផ្ទាំងទឹកកកឈ្មោះ South Col ដែលស្ថិតនៅកម្ពស់ជាង៧៩០០ម៉ែត្រពីកម្រិតទឹកសមុទ្រ និងខាងក្រោមកំពូលភ្នំអេវឺរ៉េសចម្ងាយ១គីឡូម៉ែត្រ  បានបាត់បង់កម្រាស់ប្រមាណ៥៥ម៉ែត្រក្នុងរយៈពេល២៥ឆ្នាំចុងក្រោយនេះ។ ផ្ទាំងទឹកកកនេះ កំពុងរលាយជាង៨០ដងលឿនជាងរយៈពេលដែលកកើត ហើយអត្រានៃការរលាយ គឺដោយសារបម្រែបម្រួលអាកាសធាតុនិងកម្លាំងខ្យល់ខ្លាំង។
 
កាលពីឆ្នាំ២០១៩ ក្រុមអ្នកវិទ្យាសាស្រ្តនិងអ្នកឡើងភ្នំ ព្រមទាំងអ្នកស្រាវជ្រាវមកពីសកលវិទ្យាល័យ Maine បានទៅទស្សនាភ្នំអេវីរ៉េស និងបានយកស្នូលទឹកកកប្រវែង១០ម៉ែត្រដើម្បីទៅពិសោធ។ ពួកគេ ក៏បានដំឡើងស្ថានីយ៍អាកាសធាតុស្វ័យប្រវត្តិខ្ពស់បំផុតលើពិភពលោកចំនួនពីរដើម្បីប្រមូលព័ត៌មាន និងតាមដានរកមូលហេតុ។ ជុំវិញការតាមដាននេះ  អ្នកវិទ្យាសាស្រ្តបានបញ្ជាក់ថា ការរលាយទឹកកកកម្រិតដ៏លឿននេះពិតជាកើតឡើងដោយសកម្មភាពមនុស្ស។
 
«វា នឹងរលាយបាត់ក្នុងរយៈពេលប៉ុន្មានទសវត្សទៀត។» អ្នកដឹកនាំការស្រាវជ្រាវលោក Paul Mayewski បានប្រាប់ទស្សនាវដ្ដី National Geographic បែបនេះដោយបន្ថែមថា ផ្ទាំងទឹកកក បានប្តូរគួរឱ្យកត់សម្គាល់។ លោក ក៏សង្កេតឃើញថា ការរលាយយ៉ាងឆាប់រហ័សនៃផ្ទាំងទឹកកក នឹងបណា្តលឱ្យមានផលប៉ះពាល់ជាច្រើនដោយរីករាលដាលពីក្នុងតំបន់ទៅជាបញ្ហាសកលទៀតផង។
 
ចំណែកអ្នកស្រាវជ្រាវផ្សេងទៀតបានបង្ហាញថា ផ្ទាំងទឹកកកនៅតំបន់ភ្នំហិម៉ាល័យ ក៏កំពុងរលាយក្នុងល្បឿនមួយយ៉ាងលឿនដែរ។ ផ្ទាំងទឹកកកនៅតំបន់នេះ ជាប្រភពទឹកដ៏សំខាន់សម្រាប់មនុស្សជិត២ពាន់លាននាក់ ដែលរស់នៅជុំវិញបណ្តាជួរភ្នំនោះ និងជ្រលងទន្លេខាងក្រោម។ សន្ទុះនៃល្បឿនរលាយទឹកកកនេះ នឹងធ្វើឱ្យបឹងរាប់រយនៅក្បែរជើងភ្នំហិម៉ាឡៃពេញហូរហៀរ និងបង្កជាទឹកជំនន់។
 
អ្នកឡើងភ្នំជនជាតិនេប៉ាល់លោក Kami Rita Sherpa ដែលបានឡើងភ្នំ Everest ដល់ទៅ២៥ដងចាប់តាំងពីឆ្នាំ១៩៩៤មក បានប្រាប់ទីភ្នាក់ងារព័ត៌មាន AFP កាលពីថ្ងៃទី៥ ខែកុម្ភៈថា រូបលោកបានឃើញសភាពប្រែប្រួលនៅលើភ្នំដោយផ្ទាល់។លោកបានលើកឡើងថា លោកបានឃើញថ្មលេចចេញមកនៅតំបន់ដែលធ្លាប់មានព្រិលគ្របដណ្តប់ពីមុន។មិនត្រឹមតែលើភ្នំអេវីរ៉េសទេប៉ុន្តែភ្នំដទៃទៀត ក៏កំពុងបាត់បង់ព្រិលនិងទឹកកកដែរ៕
 
 

Tag:
 បម្រែបម្រួលអាកាសធាតុ
© រក្សាសិទ្ធិដោយ thmeythmey.com