ជាតិ
ជប៉ុន ផ្តល់ជំនួយ២២ម៉ឺនដុល្លារទៀតដល់សាលាក្តីខ្មែរក្រហម
07, Feb 2022 , 10:29 pm        
រូបភាព
ជប៉ុន បានបញ្ចេញប្រាក់វិភាគទានរបស់ខ្លួន ចំនួន២២ម៉ឺនដុល្លារអាម៉េរិក កាលពីថ្ងៃទី៤ កុម្ភៈកន្លទៅ ដើម្បីផ្តល់ជូនភាគីអង្គការសហប្រជាជាតិ នៃថវិកាអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា(អ.វ.ត.ក)។ សេចក្តីប្រកាសព័ត៌មានរបស់ស្ថានទូតជប៉ុនប្រចាំកម្ពុជា ចុះថ្ងៃទី៧ ខែកុម្ភៈនេះ បញ្ជាក់ថា ការផ្តល់វិភាគទានរបស់ជប៉ុននេះ គឺដើម្បីទ្រទ្រង់ដល់ដំណើរការរបស់សាលាក្តីខ្មែរក្រហម។

 
សេចក្តីប្រកាសព័ត៌មាន បន្តរៀបរាប់ថា រដ្ឋាភិបាលជប៉ុន ផ្តល់សារៈសំខាន់ទៅលើសាលាក្តីខ្មែរក្រហម ដោយផ្អែកលើទស្សនៈចំនួន៣។ ទី១ ការកាត់ក្តីខ្មែរក្រហម គឺជាដំណាក់កាលបញ្ចប់នៃដំណើរការស្វែងរកសន្តិភាពនៅកម្ពុជា ដើម្បីបង្ការទប់ស្កាត់ការកើតមានឡើងវិញនៃអំពើឃោរឃៅ ដែលបានប្រព្រឹត្តឡើងនៅក្នុងសម័យខ្មែរក្រហម។ ទី២ សាលាក្តីខ្មែរក្រហមនេះ នឹងជួយស្វែងរកយុត្តិធម៌ជូនជនរងគ្រោះនៃរបបខ្មែរក្រហម ដែលប្រការនេះ នឹងរួមចំណែកដល់ការផ្សះផ្សារជាតិឡើងវិញ។ ទី៣ សាលាក្តីនេះ នឹងរួមចំណែកដល់ការពង្រឹងនីតិរដ្ឋនៅកម្ពុជា ក៏ដូចជានៅសហគមន៍អន្តរជាតិដែរ។ 
 
គិតរួមទាំងការបញ្ចេញថវិកាលើកនេះ ប្រទេសជប៉ុនបានផ្តល់ជំនួយហិរញ្ញវត្ថុដល់សាលាក្តីខ្មែរក្រហម ចំនួន ៨៨.៧លានដុល្លារ ដែលប្រហាក់ប្រហែលនឹង២៧ភាគរយ នៃថវិកាសរុបផ្តល់ដោយប្រទេសផ្តល់ជំនួយ ដល់ភាគីជាតិ និងភាគីអង្គការសហប្រជាជាតិ នៃអ.វ.ត.ក។ 
 
ជប៉ុន ក៏បានគូសបញ្ជាក់ដែរថា ក្នុងឋានៈជាសហប្រធាននៃអ.វ.ត.ក ជប៉ុន និងប្រទេសបារាំង ក៏បានតាមដានដំណើរការរបស់តុលាការនេះយ៉ាងសកម្មផងដែរ៕
 

Tag:
 សាលាក្តីខ្មែរក្រហម
 ជំនួយ
 ជប៉ុន
© រក្សាសិទ្ធិដោយ thmeythmey.com