ជាតិ
សុខភាព
App កំណត់ត្រាទឹកនោមផ្អែម សហការជាមួយមជ្ឈមណ្ឌលកម្ពុជា៤.០ លើកកម្ពស់ចំណេះដឹងជំងឺទឹកនោមផ្អែម
08, Feb 2022 , 9:59 am        
រូបភាព
ភ្នំពេញ៖ ជាដំណឹងល្អសម្រា​ប់អ្នកមានជំងឺទឹកនោមផ្អែម ជាពិសេសអ្នកដែលកំពុងប្រើប្រាស់ កម្មវិធីកំណត់ត្រាទឹកនោមផ្អែមដោយកម្មវិធីនេះ បានសហការជាមួយមជ្ឈមណ្ឌលកម្ពុជា៤.០  ដើម្បីកសាងសង្គមឌីជីថលនៅកម្ពុជា ​ជាពិសេសលើកកម្ពស់ចំណេះដឹងផ្នែកជំងឺទឹកនោមផ្អែមបន្ថែមទៀត។



តាមរយៈកិច្ចសហការនេះ ក្រុមការងារកម្មវិធីកំណត់ត្រាទឹកនោមផ្អែម នឹងបន្តបេសកកម្មចម្បង ក្នុងការលើកកម្ពស់ការយល់ដឹងអំពីជំងឺទឹកនោមផ្អែម ដោយផលិតនូវវីដេអូ រូបភាព និង អត្ថបទអប់រំ អំពីជំងឺទឹកនោមផ្អែមថ្មីៗបន្ថែម ក៏ដូចជាបន្ដធ្វើបច្ចុប្បន្នកម្មវិធីទូរស័ព្ទ (App) ដោយស្រាវជ្រាវ និងបង្កើតមុខងារសំខាន់ៗ ដើម្បីជាប្រយោជន៍ដល់អ្នកជំងឺទឹកនោមផ្អែម វេជ្ជបណ្ឌិត និងសាធារណជនទូទៅ។  
 
មជ្ឈមណ្ឌលកម្ពុជា ៤.០ ត្រូវបានបង្កើតឡើង ក្នុងបុព្វហេតុចូលរួមជាមួយរាជរដ្ឋាភិបាល និងគ្រប់ភាគីពាក់ព័ន្ធ ដើម្បីជំរុញការកសាងសេដ្ឋកិច្ចឌីជីថលនៅកម្ពុជា ដោយផ្តោតលើការបណ្តុះបណ្តាល និងតម្រង់ទិសផ្នែកជំនាញឌីជីថល និងធុរកិច្ចថ្មី។ ជាពិសេសការផ្សារភ្ជាប់បណ្តាញការងារ ការសិក្សាស្រាវជ្រាវ និងអភិវឌ្ឍន៍ ការគាំទ្រសហគ្រិនភាពឌីជីថល និងបណ្តុះស្មារតីស្រលាញ់ការសិក្សា និងស្រាវជ្រាវផ្នែកបច្ចេកវិទ្យា និងវិទ្យាសាស្រ្ត ទេពកោសល្យ គំនិតច្នៃប្រឌិត និងការបង្កើតថ្មី។
 
កម្មវិធីកំណត់ត្រាទឹកនោមផ្អែម ត្រូវបានបង្កើតឡើងដោយលោកវេជ្ជបណ្ឌិត ស៊ុំ សត្ថា និងក្រុមការងាររបស់លោក ហើយបានដាក់ឱ្យដំណើរការជាផ្លូវការ នៅថ្ងៃទី ១៨ ខែកញ្ញា ឆ្នាំ ២០១៨កន្លងទៅ។ គោលបំណង និងបេសកកម្មចម្បងរបស់កម្មវិធីនេះ គឺចូលរួមក្នុងការលើកកម្ពស់ការយល់ដឹង អំពីជំងឺទឹកនោមផ្អែម ដល់អ្នកជំងឺទឹកនោមផ្អែម និងសាធារណជនទូទៅ។ មួយវិញទៀត ក៏ជាការធ្វើទំនើបកម្មថ្មីមួយ សម្រាប់ការអប់រំ ថែទាំ និងព្យាបាលជំងឺទឹកនោមផ្អែមបែបឌីជីថល ជាខេមរភាសាមុនដំបូងគេនៅកម្ពុជា។
 
កម្មវិធីកំណត់ត្រាទឹកនោមផ្អែម បានធ្វើបច្ចុប្បន្នកម្មជាបន្តបន្ទាប់ រហូតមកដល់ពេលនេះ កម្មវិធីកំណត់ត្រាទឹកនោមផ្អែម មានមុខងារសំខាន់ៗ ដូចជា៖
 
វីដេអូ រូបភាព និង អត្ថបទ៖ ជាឯកសារអប់រំអំពីជំងឺទឹកនោមផ្អែម ជាភាសាជាតិ ហើយត្រូវបានផលិតឡើង ដោយមានការចូលរួមពីក្រុមវេជ្ជបណ្ឌិតឯកទេសជំងឺទឹកនោមផ្អែម។
 
កត់ត្រាតេស្ដជាតិស្ករ៖ ជាកំណត់ត្រាបែបឌីជីថល ងាយស្រួល រហ័ស និងសុវត្ថិភាព ដោយកាត់បន្ថយការប្រើប្រាស់ក្រដាស តាមទម្លាប់ពីមុនៗមក។ អ្នកជំងឺទឹកនោមផ្អែម ឬសាធារណជន អាចបង្កើតគណនីផ្ទាល់ខ្លួន ដើម្បីបញ្ចូលលទ្ធផលតេស្ដ និងរក្សាទុករាល់តេស្ដជាតិស្កររបស់ខ្លួន ទុកសម្រាប់តាមដាន ក៏ដូចជាបង្ហាញ ឬផ្ដល់ទៅកាន់វេជ្ជបណ្ឌិតឯកទេស។ ក្នុងនោះក៏មានការប្រើប្រាស់ បច្ចេកវិទ្យា Bluetooth ដើម្បីទាញយកលទ្ធផលតេស្ដជាតិស្ករដោយស្វ័យប្រវត្តិ ពីឧបករណ៍តេស្ដជាតិស្ករ (អាចដំណើរតែជាមួយ Android និង ឧបករណ៍តេស្ដតែមួយប្រភេទ) បញ្ជូនទៅរក្សាទុកក្នុងកម្មវិធី។  រាល់ទិន្នន័យទាំងអស់ គ្មានបុគ្គលណាម្នាក់ដឹងនោះឡើយ ប្រសិនបើពួកគាត់មិនបានចែករំលែកឱ្យដឹងនោះ។
 
រាប់ជំហាន៖ មុខងារនេះ ជួយលើកទឹកចិត្តអ្នកជំងឺ ឱ្យធ្វើលំហាត់ប្រាណជាប្រចាំ ដើម្បីជួយដល់សុខភាពរបស់ពួកគាត់ផងដែរ។
 
វាយតម្លៃ៖ ជាមុខងារវាយតម្លៃហានិភ័យជំងឺទឹកនោមផ្អែមប្រភេទទី២ ។ សាធារណជនទូទៅ អាច​វាយតម្លៃខ្លួនឯង តាមរយៈការឆ្លើយនឹងកម្រងសំណួរដែលមាននៅក្នុងកម្មវិធី។ បន្ទាប់ពីបានផ្ដល់ចម្លើយរួចរាល់ អ្នកនឹងទទួលបានលទ្ធផលវាយតម្លៃ ពីកម្រិតហានិភ័យរបស់ខ្លួន ថាតើស្ថិតក្នុងដំណាក់កាលណាមួយ ដែលអាចប្រឈមមុខនឹងជំងឺទឹកនោមផ្អែម។ កម្រងសំណួរនេះ យកគំរូតាមប្រទេសអូស្ដ្រាលី និងជប៉ុន ហើយត្រូវបានកែសម្រួលបន្ថែម ឱ្យស្របនឹងបរិបទនៅកម្ពុជា។ 
 
វេជ្ជបណ្ឌិត (Telemedicine)៖ មុខងារនេះ សម្រាប់អ្នកជំងឺ និងវេជ្ជបណ្ឌិតធ្វើការទំនាក់ទំនងគ្នាជាប្រចាំ តាមការចាំបាច់ក្នុងបរិបទការរីករាលដាលនៃជំងឺកូវីដ-១៩។ សាធារណជនទូទៅ ក៏អាចប្រើប្រាស់មុខងារនេះ ដើម្បីស្វែងរកវេជ្ជបណ្ឌិតណាម្នាក់ ដែលខ្លួនពេញចិត្តដើម្បីប្រឹក្សា ពិគ្រោះ និងព្យាបាល។ ក្នុងនោះដែរ ក៏មានបញ្ជីវេជ្ជបណ្ឌិតឯកទេស ប្រមាណជា ៦០រូបទៀតផង។
 
ក្រៅពីមុខងារសំខាន់ៗ ខាងលើនេះ នាពេលឆាប់ៗខាងមុខនេះ ក្រុមការងារកម្មវិធីកំណត់ត្រាទឹកនោមផ្អែម នឹងដាក់ឱ្យដំណើរការនូវមុខងារថ្មីមួយទៀត ដែលអាចថតយកលទ្ធផលតេស្ដជាតិស្ករ ពីឧបករណ៍តេស្ដជាតិស្ករគ្រប់ប្រភេទ ដោយអ្នកជំងឺគ្រាន់តែបើកកម្មវិធីកំណត់ត្រាទឹកនោមផ្អែម រួចចុចថតលើលេខលទ្ធផលតេស្ដជាតិស្ករ នៅលើឧបករណ៍តេស្ដជាតិស្កររបស់អ្នក នោះទិន្នន័យនឹងត្រូវបានចម្លង និងបញ្ជូនទៅរក្សាទុក ក្នុងកម្មវិធីដោយស្វ័យប្រវត្តិ។

សាធារណជនអាចទាញយក App កំណត់ត្រាទឹកនោមផ្អែមឈ្មោះថា«CarnetDai» ពី App Storeតាមតំណនេះ​ https://apps.apple.com/kh/app/carnetdia/id1435695534 និងពី Play Store តាមរយៈតំណនេះ https://play.google.com/store/apps/details?id=kh.info.carnetdia ៕​ 
 

© រក្សាសិទ្ធិដោយ thmeythmey.com