អន្តរជាតិ
កូរ៉េខាងជើង ប្តេជ្ញាអភិវឌ្ឍសេដ្ឋកិច្ចប្រទេស និងពង្រឹងពាណិជ្ជកម្មឡើងវិញ
08, Feb 2022 , 10:30 am        
រូបភាព
រូបភាព៖ AFP
រូបភាព៖ AFP
សភាកូរ៉េខាងជើង បានសន្យាអភិវឌ្ឍសេដ្ឋកិច្ច និងកែលម្អជីវភាពប្រជាជនខ្លួនឡើងវិញ ស្របពេលប្រទេសមួយនេះ កំពុងប្រឈមបញ្ហាជាច្រើន។ ទីភ្នាក់ងារព័ត៌មានកូរ៉េខាងជើង KCNA បានចុះផ្សាយបែបនេះ នៅថ្ងៃទី៨ ខែកុម្ភៈ។ ទន្ទឹមនេះ កូរ៉េខាងជើង ក៏បានប្តេជ្ញាពង្រឹងពាណិជ្ជកម្ម និងបង្កើនផលិតកម្មអាហារសម្រាប់ប្រជាជនខ្លួនផង។

 
សភាប្រជាជនជាន់ខ្ពស់របស់កូរ៉េខាងជើង បានបើកកិច្ចប្រជុំរបស់ខ្លួននៅថ្ងៃទី៦ និងថ្ងៃទី៧ ខែកុម្ភៈ ដើម្បីជជែកពីកិច្ចការរបស់គណៈរដ្ឋមន្រ្តី និងផែនការហិរញ្ញវត្ថុ។ ក្នុងកិច្ចប្រជុំនោះផងដែរ សភាកូរ៉េខាងជើង បានអនុម័តច្បាប់ការថែទាំកុមារ ដើម្បីអនាគតកូរ៉េខាងជើង និងច្បាប់ស្តីពីការការពារជនជាតិកូរ៉េខាងជើងនៅបរទេស។ 
 
សភាកូរ៉េខាងជើង កម្របើកកិច្ចប្រជុំណាស់ និងអនុម័តតែលើផែនការថវិកា និងច្បាប់របស់ប្រទេសប៉ុណ្ណោះ។ កិច្ចប្រជុំដ៏សំខាន់មួយនេះ ត្រូវបានដឹកនាំដោយលោក ឆេ យ៉ុងហេ ប្រធានគណៈកម្មាធិការអចិន្រ្តៃយ៍នៃសភាប្រជាជនជាន់ខ្ពស់ ខណៈលោកគីម ជុងអ៊ុន មិនមានវត្តមានឡើយ។ លោក គីម តុកហ៊ុន នាយករដ្ឋមន្រ្តីកូរ៉េខាងជើង បានចូលរួមក្នុងកិច្ចប្រជុំមួយនេះ។ 
 
ស្របពេលសេដ្ឋកិច្ចប្រទេសកំពុងប្រឈមបញ្ហាជាច្រើន រួមទាំងទណ្ឌកម្មពីសហគមន៍អន្តរជាតិ កូរ៉េខាងជើង បានសន្យាផ្តោតលើផែនការសេដ្ឋកិច្ច ឧស្សាហកម្មដែក និងរោងចក្រគីមីផ្សេងទៀត។ 
 
«ឆ្នាំនេះ គណៈរដ្ឋមន្រ្តីនឹងដឹកនាំស្ថាប័នសេដ្ឋកិច្ច និងបញ្ជាឱ្យអភិវឌ្ឍសេដ្ឋកិច្ចរបស់ប្រទេស»។ ទីភ្នាក់ងារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA ស្រង់សម្ដីលោក គីម បែបនេះនៅក្នុងកិច្ចប្រជុំសភា ដោយបន្ថែមថា កូរ៉េខាងជើង ប្តេជ្ញាពង្រឹងមូលដ្ឋានសម្រាប់ការអនុវត្តផែនការសេដ្ឋកិច្ច ៥ឆ្នាំខ្លួន។ 
 
បើតាមនាយករដ្ឋមន្ត្រីរូបនេះ កូរ៉េខាងជើង កំពុងប្រឈមបញ្ហាដ៏ធ្ងន់ ប៉ុន្តែមានការទទួលខុសក្នុងការដាក់ចេញកិច្ចការ ដើម្បីធានាលើការអនុវត្តផែនការ និងអភិវឌ្ឍសេដ្ឋកិច្ច ក៏ដូចជាកែលម្អជីវភាពប្រជាជន។ ទន្ទឹមនេះ មន្រ្តីជាន់ខ្ពស់កូរ៉េខាងជើង បានសន្យាពង្រឹងកិច្ចខិតខំលើការស្តារពាណិជ្ជកម្មឡើងវិញ និងបង្កើនផលិតកម្មអាហារសម្រាប់ប្រជាជន។ 
 
នាពេលកន្លងមក កូរ៉េខាងជើង បានប្រឈមបញ្ហាគ្រោះធម្មជាតិ ជំងឺកូវីដ-១៩ ខណៈប្រជាជនកូរ៉េខាងជើងជាច្រើននាក់ បានជួបកង្វះស្បៀងអាហារនៅក្នុងប្រទេស។ មិនតែប៉ុណ្ណោះ កូរ៉េខាងជើង កាន់តែជួបបញ្ហាលំបាកជាច្រើនទៀត ដោយសារមេដឹកនាំប្រទេសមួយនេះផ្តោតលើការអភិវឌ្ឍយោធា និងរងទណ្ឌកម្មសេដ្ឋកិច្ចពីក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ អាម៉េរិក និងសហភាពអឺរ៉ុបជាដើម។ 
 
មុនការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មានរដ្ឋកូរ៉េខាងជើងមួយថ្ងៃ អគ្គរដ្ឋទូតអាម៉េរិកប្រចាំនៅអង្គការសហប្រជាជាតិ លោកស្រី Linda Thomas-Greenfield បានអំពាវនាវឱ្យមេដឹកនាំកូរ៉េខាងជើង ផ្តោតលើការកែលម្អជីវភាពប្រជាជន, បញ្ឈប់ការផ្តល់ថវិកាទៅក្នុងកម្មវិធីមីស៊ីលបាលីស្ទិក និងអាវុធប្រល័យលោក និងផ្តោតអាទិភាពលើតម្រូវការប្រជាជន៕ 
 

Tag:
 កូរ៉េខាងជើង
© រក្សាសិទ្ធិដោយ thmeythmey.com