ជាតិ
សង្គមជាតិ
សមត្ថកិច្ចបញ្ជូនអតីតបុគ្គលិកណាហ្គា ៣រូបទៅតុលាការ និងតាមចាប់ខ្លួន៤នាក់ទៀត
08, Feb 2022 , 5:22 pm        
រូបភាព
ភ្នំពេញ៖ បុគ្គលិកណាវើលដ៍៣រូប ត្រូវសមត្ថកិច្ចបញ្ចូនខ្លួនទៅតុលការនៅថ្ងៃនេះ​ ក្រោយឃាត់ខ្លួនកាល ពីយប់ថ្ងៃទី៥កុម្ភៈ។ ចំណែកសកម្មកជនតវ៉ា៤រូបទៀត សមត្ថកិច្ចកំពុងតាមចាប់ខ្លួន។ 

 
លោក សាន សុខសីហា អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបញ្ជាក់ថា បុគ្គលិកណាវើលដ៍ទាំង៣រូប ត្រូវបានសមត្ថកិច្ចបញ្ជូនទៅតុលាការ នៅព្រឹកថ្ងៃទី៨កុម្ភៈ គឺធ្វើឡើងតាមនីតិវិធីច្បាប់ត្រឹមត្រូវ។ ពួកគេទាំងនោះ​ រងបទចោទពីបទ រារាំងការអនុវត្តវិធានការទប់ស្កាត់ជំងឺកូវីដ-១៩។ 
 
​​​​​​​​លោក សាន សុខសីហា ប្រាប់សារព័ត៌មានថ្មីៗតាមប្រព័ន្ធតេឡេក្រាមនៅថ្ងៃនេះយ៉ាងដូច្នេះ៖ «បានបញ្ជូនទៅហើយ(តុលាការ) ហើយយើងអនុវត្តតាមនីតិវិធីត្រឹមត្រូវ គ្រាន់តែពេលខ្លះព្រះរាជអាជ្ញាសាកសួរហើយដល់ពេលល្ងាចឬយប់ ខាងតុលាការផ្ញើអ្នកទាំងនោះត្រឡប់មកវិញ ហើយរងចាំសាកសួរបន្តទៀត»។ 
 
បុគ្គលិកណាហ្គាវើលដ៍ទាំង៣រូប មាន ជួប ចាន់ណាត សេង វណ្ណារិទ្ធ និង សៅ សម្បត្តិ។ ពួកគេ ត្រូវអាជ្ញាធរចាប់ខ្លួននៅយប់ម៉ោង៧កន្លះ កាលពីថ្ងៃទី៥កុម្ភៈ។ យោងតាមដីកាចាប់ខ្លួន​បានចោទ គឺធ្វើឡើងដើម្បីសាកសួរពីការរារាំងការអនុវត្តវិធានការទប់ស្កាត់កូវីដ-១៩ តាមមាត្រា១១ នៃច្បាប់ប្រយុទ្ធ​ប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩។ ចំណែក អតីត​បុគ្គលិកណាហ្គាវើលដ៍៤នាក់ទៀត ដែលសមត្ថកិច្ចតាមចាប់ខ្លួនមាន ខេង ចិន្តា, អ៊ុក សុភ័ក្រម៉ូលីកា, ម៉េង កាន់នីកា និង អេង ស្រីបូ។ 
 
ការរារាំងឬបង្កឧបសគ្គដល់អាជ្ញាធរអនុវត្តវិធានការ​ដោយចេតនាក្នុងការទប់ស្កាត់កូវីដ-១៩  ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី៦ខែ ទៅ ៥ឆ្នាំ និងពិន័យជាប្រាក់ពី ២លានរៀល ទៅ ១០លានរៀល។ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ២ឆ្នាំ ទៅ ៥ឆ្នាំ និងពិន័យជាប្រាក់ពី ៥លានទៅ ២០លានរៀល បើបណ្ដាលឲ្យមានការចម្លងជំងឺកូវីដ-១៩ដល់អ្នកដទៃ ឬប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាពសាធារណៈ។ នេះបើតាមមាត្រា១១ ដែលចែកក្នុងច្បាប់ប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩៕
 

Tag:
 វិវាទការងារ
  កម្មករ
  សិទ្ធិមនុស្ស
  តុលាការ
© រក្សាសិទ្ធិដោយ thmeythmey.com