កីឡាជាតិ
ជាតិ
លោក ខៀវ កាញារីទ្ធ ណែនាំ​មន្ត្រី​សិក្សា​​បច្ចេកទេសផ្សព្វផ្សាយ​ស៊ីហ្គេមពីភាគីវៀតណាម
09, Feb 2022 , 9:11 am        
រូបភាព
ប្រភពរូបថត៖ ក្រសួងព័ត៌មាន
ប្រភពរូបថត៖ ក្រសួងព័ត៌មាន
ក្នុងកិច្ចប្រជុំថ្នាក់ដឹកនាំក្រសួងព័ត៌មាន កាលពី​ថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២២ លោក​រដ្ឋមន្ត្រី ខៀវ កាញារីទ្ធ បាន​ជំរុញ​ឲ្យ​មាន​កិច្ច​សហការជាមួយភាគី​វៀតណាម ដើម្បីទទួលបានបទពិសោធន៍ផ្សព្វផ្សាយ ព្រឹត្តិការណ៍កីឡាស៊ីហ្គេមឲ្យរលូន និងប្រកបដោយគុណភាព។



«នៅឆ្នាំ២០២២នេះ វៀតណាម គឺជាម្ចាស់ផ្ទះស៊ីហ្គេមលើកទី៣១ ដូច្នេះដើម្បីទទួលបានបទពិសោធន៍ នៃការផ្សព្វផ្សាយឲ្យបានល្អ ប្រកបដោយគុណភាព នៅពេលដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ ​សូមអគ្គនាយកដ្ឋានក្រោមឱវាទក្រសួង ត្រូវសហការជាមួយភាគីវៀតណាម ឲ្យបានស្អិតល្មួត»។ នេះជាការ​ណែនាំ​របស់លោក ខៀវ កាញារីទ្ធ។

ខណៈ​វៀតណាម ត្រូវ​រៀបចំស៊ីហ្គេម​នា​ដើមខែឧសភា ខាងមុខនេះ លោក ខៀវ កាញារីទ្ធ បានណែនាំដល់ថ្នាក់ ដឹកនាំ អគ្គនាយកដ្ឋានជំនាញ ឲ្យសហការជាមួយភាគីវៀតណាម លើការបញ្ជូនប្រតិភូទៅសិក្សា ស្វែងយល់អំពីបច្ចេកទេស និងដកស្រង់បទពិសោធន៍ ក្នុងការផ្សព្វផ្សាយកិច្ចការប្រកួតកីឡាអាស៊ាន នៅវៀតណាម។

ដូចជាការលើកឡើង​របស់​រដ្ឋមន្ត្រីផងដែរ លោក មាស សោភ័ណ្ឌ អ្នកនាំពាក្យ​ក្រសួងព័ត៌មាន បាន​លើ​កឡើង​ពីសារសំខាន់​ ក្នុងការបង្កើន​កិច្ច​សហការ​ជាមួយភាគីវៀតណាម ពីព្រោះ​ប្រទេសជិត​ខាងមួយនេះ មានបទពិសោធន៍ច្រើន ​ក្នុង​ការ​រៀបចំព្រឹត្តិការណ៍ស៊ីហ្គេម។

គួរបញ្ជាក់ដែរថា កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះស៊ីហ្គេមលើក​ដំបូង​បំផុត​ ក្នុង​ប្រវត្តិសាស្ត្រ​របស់ខ្លួន ដោយកម្មវិធីគ្រោងរៀបចំចាប់ពីថ្ងៃទី ៥-១៧ ខែឧសភា ឆ្នាំ២០២៣ ប្រសិនបើមិនមាន​ការលើកពេល៕


© រក្សាសិទ្ធិដោយ thmeythmey.com