ជាតិ
អគ្គស្នងការនគរបាលជាតិទទួលបានឧបករណ៍ដកពិន្ទុបណ្ណបើកបរ៣០០គ្រឿង
09, Feb 2022 , 2:57 pm        
រូបភាព
លោក នេត សាវឿន អគ្គ​ស្នងការនគរបាលជាតិ ទទួល​បាន​ឧបករណ៍​ដកពិន្ទុបណ្ណ​បើ​ក​បរ និង​ពិន័យបទ​ល្មើ​ស​ចរាចរណ៍​ផ្លូវ​គោក (POS) ចំនួន​៣០០គ្រឿង ពីគណៈកម្មាធិការជាតិ​សុវត្ថិភាព​ចរាចរណ៍ផ្លូវគោក ដែល​ដឹកនាំ​ដោយ​សម្តេចឧបនាយករដ្ឋមន្ត្រី ស ខេង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ នាព្រឹក​ថ្ងៃទី​៩ ខែកុម្ភៈ។

 
គោលការណ៍​ដកពិន្ទុ​លើ​បណ្ណបើកបរ ជា​ផ្នែក​នៃ​ការពង្រឹង​ការគោរព​ច្បាប់​ចរាចរណ៍ផ្លូវគោកឲ្យ​កាន់តែមាន​ប្រសិទ្ធភាព និង​និរន្តរភាព បន្ថែមពីលើការផ្សារភ្ជាប់នឹង​វិធាន​ការបច្ចេកទេសផ្សេងទៀត ដូចជា ការបំពាក់កាំមេរ៉ាត្រួតពិនិត្យល្បឿន ឬល្មើសសញ្ញាចរាចរណ៍ ត្រៀមកម្លាំងល្បាតអនុវត្តច្បាប់តាមផ្លូវល្បឿនលឿន ពង្រឹងការអនុវត្តម៉ឺងម៉ាត់លើអ្នកបើកបរក្នុងស្ថានភាពស្រវឹង និងត្រូវពង្រឹងការបណ្ដុះបណ្ដាលធនធានមន្ត្រីទាំងចំណេះដឹងអំពីច្បាប់ ជំនាញ បច្ចេកទេស ប្រតិបត្តិការ និងសីលធម៌។


 
សម្តេច ស ខេង ក្នុងនាមជា​ប្រធាន​គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បាន​កោតសរសើរចំពោះការរៀបចំប្រព័ន្ធផាកពិន័យទំនើប ពិសេសការររៀបចំប្រព័ន្ធដកពិន្ទុចំពោះអ្នកបើកបរល្មើសច្បាប់ចរាចរណ៍។ 
 
កាលពីថ្ងៃទី៧ ខែកុម្ភៈ កន្លងមក អគ្គស្នងការដ្ឋាននគរបាលជាតិ និងក្រសួងសាធារណការ និងដឹកជញ្ជូន បានរួមគ្នា បើកវគ្គបណ្តុះបណ្តាល ស្តីពីប្រព័ន្ធគ្រប់គ្រងពិន័យអំពើល្មើសច្បាប់ ស្តីពីចរាចរណ៍ផ្លូវគោកនិងការដកពិន្ទុបណ្ណបើកបរ។ 
 
លោក ហ៊ឹម យ៉ាន អគ្គស្នងការរងនគរបាលជាតិ បានសង្កត់ធ្ងន់ថា គោលបំណងនៃការបើកវគ្គបណ្តុះបណ្តាលមាន៣ចំណុចសំខាន់ៗ ទីមួយគឺបង្កើនសមត្ថភាពមន្រ្តីនគរបាលចរាចរណ៍ទៅលើការប្រើប្រាស់បច្ចេកវិទ្យាថ្មី លើការគ្រប់គ្រងទិន្នន័យពិន័យអំពើល្មើសច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក, ទីពីរ បង្ហាញនូវនីតិវិធីប្រតិបត្តិការប្រព័ន្ធ និងការប្រើប្រាស់ឧបករណ៍ពិន័យអំពើល្មើសច្បាប់ចរាចរណ៍ផ្លូវគោក និងទីបី ជាវិធីគ្រប់គ្រងព័ត៌មាន និងការរក្សាទុកទិន្នន័យនៃការពិន័យ។

យោងតាមច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក គ្រប់បណ្ណបើកបរ ត្រូវមានពិន្ទុសរុប១២ពិន្ទុ ហើយចំនួនពិន្ទុនេះ ត្រូវកាត់បន្ថយទៅតាមស្ថានភាពនៃការប្រព្រឹត្តបទល្មើសចរាចរណ៍ ចាប់ពី១ពិន្ទុដល់៦ពិន្ទុ។ ក្នុងករណីអស់ពិន្ទុ គឺបណ្ណបើកបរត្រូវទុកជាមោឃៈ បើអ្នក បើកបរចង់បានបណ្ណបើកបរថ្មី ត្រូវរៀននិងប្រឡងយកបណ្ណបើកបរឡើងវិញ ក្នុងរយៈពេលយ៉ាងតិច៦ខែ គិតចាប់ពីថ្ងៃដែល បណ្ណបើកបរត្រូវទុកជាមោឃៈ៕
 

Tag:
 ចរាចរណ៍
© រក្សាសិទ្ធិដោយ thmeythmey.com