ជាតិ
សង្គមជាតិ
ការទន្ទ្រានដីព្រៃចេះតែបន្ត, រដ្ឋាភិបាល ត្រូវយកបទបញ្ជាតាំងឆ្នាំ២០១២ មកអនុវត្តឡើងវិញ
09, Feb 2022 , 8:59 pm        
រូបភាព
អាជ្ញាធរ ចុះពិនិត្យមើលតំបន់ដៃព្រៃ ដែលរងការទន្ទ្រាន នៅចំណុចក្បាលព្រែក ភូមិចម្លងគោល ឃុំថ្មស ស្រុកបូទុមសាគរ ខេត្តកោះកុង កាលពីចុងឆ្នាំ២០១៩។ រូបពីគេហទំព័ររបស់រដ្ឋបាលខេត្តកោះកុង
អាជ្ញាធរ ចុះពិនិត្យមើលតំបន់ដៃព្រៃ ដែលរងការទន្ទ្រាន នៅចំណុចក្បាលព្រែក ភូមិចម្លងគោល ឃុំថ្មស ស្រុកបូទុមសាគរ ខេត្តកោះកុង កាលពីចុងឆ្នាំ២០១៩។ រូបពីគេហទំព័ររបស់រដ្ឋបាលខេត្តកោះកុង
ការទន្ទ្រានដីព្រៃនៅកម្ពុជា មិនចេះអស់ឡើយ។ រាជរដ្ឋាភិបាលកម្ពុជា នឹកឃើញបទបញ្ជា ដែលដាក់ឲ្យអនុវត្តតាំងពី១០ឆ្នាំមុន ហើយសម្រេចយកបទបញ្ជានេះ មកអនុវត្តឡើងវិញ ដើម្បីទប់ស្កាត់ហានិភ័យនៃការទន្រ្ទានដីព្រៃនាពេលបច្ចុប្បន្ន។



ទីស្តីការគណៈរដ្ឋមន្រ្តី បានជម្រាបជូនទៅលោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ អំពីសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាល ក្នុងការយកបញ្ជាចាស់តាំងពី១០ឆ្នាំមុន មកអនុវត្តឡើងវិញ។ លិខិតដែលផ្ញើជូនទៅលោករដ្ឋមន្រ្តីកសិកម្ម ចុះហត្ថលេខាដោយលោក ខូយ ឃុនហ៊ួរ រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្រ្តី ជំនួសលោក ប៊ិន ឈិន ជាឧបនាយករដ្ឋមន្រ្តី-រដ្ឋមន្រ្តីទីស្តីការគណៈរដ្ឋមន្រ្តី។ 
 
លិខិតដែលចុះតាំងពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២២ លោក ខូយ ឃុនហ៊ួរ បានជម្រាបជូនលោក វេង សាខុន យ៉ាងដូច្នេះថា៖«រាជរដ្ឋាភិបាល សម្រេចអនុវត្តតាមបទបញ្ជាលេខ ០១បប ចុះថ្ងៃទី៧ ខែឧសភា ឆ្នាំ២០១២ បើពុំនោះទេ ការកាប់ទន្ទ្រានដីព្រៃចេះតែបន្ត ដោយយកលេសថា បានកាន់កាប់យូរហើយ»។ 
 
បទបញ្ជាលេខ ០១បប ដែលចេញដោយនាយករដ្ឋមន្រ្តី មានចំណុចសំខាន់៣ រួមមាន៖  
 
ទី១ ផ្អាកការផ្តល់សម្បទានដីសេដ្ឋកិច្ចជាបណ្តោះអាសន្ន។ 
 
ទី២ ក្រសួង ស្ថាប័ន អាជ្ញាធរពាក់ព័ន្ធ ត្រូវយកចិត្តទុកដាក់ក្នុងការអនុវត្តកិច្ចសន្យាស្តីពីសម្បទានដីសេដ្ឋកិច្ច ដោយធ្វើឲ្យសម្បទានដីសេដ្ឋកិច្ច បានផ្តល់ផលប្រយោជន៍ដល់ប្រជាជន និងប្រទេសជាតិ តែមិនត្រូវឲ្យសម្បទានដីសេដ្ឋកិច្ច ប៉ះពាល់ដល់ដីសហគមន៍ និងជីវភាពរស់នៅរបស់ប្រជាជនឡើយ។ 
 
ទី៣ ក្រុមហ៊ុន ដែលទទួលសម្បទានដីសេដ្ឋកិច្ចពីរាជរដ្ឋាភិបាល មិនបានអនុវត្តតាមច្បាប់ ដោយកាប់ឈើលក់ ទន្ទ្រានដីបន្ថែម ទុកដីចោលសម្រាប់លក់បន្ត ធ្វើអាជីវកម្មខុសលក្ខខណ្ឌ បំពានដីរបស់ប្រជាជន ឬដីសហគមន៍ រាជរដ្ឋាភិបាល នឹងដកហូតសម្បទានដីសេដ្ឋកិច្ចនោះវិញ។ 
 
បើតាមលិខិតរបស់លោក ខូយ ឃុនហ៊ួរ ដែលផ្ញើជូនលោក វេង សាខុន ការសម្រេចយកបទបញ្ជាលេខ ០១បប មកអនុវត្តឡើងវិញនេះ គឺក្រោយពីមានចំណារយល់ព្រមពីសម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន៕ 
 
 

Tag:
 ទន្ទ្រានដីព្រៃ
© រក្សាសិទ្ធិដោយ thmeythmey.com