ជាតិ
អ្នកនាំពាក្យ៖ ការគ្រប់គ្រង និងឆ្លើយតបផលប៉ះពាល់​គ្រោះមហន្តរាយជាការងារ​អាទិភាព
10, Feb 2022 , 8:59 am        
រូបភាព
ភ្នំពេញ៖ រដ្ឋាភិបាលតែងតែត្រៀមថវិកា ស្បៀងអាហារ គ្រាប់ពូជ រួមទាំងពង្រឹងយុទ្ធសាស្រ្តក្នុងការចុះជួយសង្គ្រោះពលរដ្ឋដែលរងគ្រោះដោយគ្រោះអាសន្ន និងគ្រោះមហន្តរាយ។ រដ្ឋក៏ជាអ្នកជួយស្ដារជីវភាពពលរដ្ឋដែលជួបគ្រោះអាសន្នផងដែរ ដើម្បីទប់ស្កាត់ការធ្លាក់ចូលក្នុងបន្ទាត់ក្រីក្រ។

 
ជាទូទៅនៅតំបន់មួយចំនួននៅកម្ពុជា តែងកើតមានគ្រោះទឹកជំនន់ រាំងស្ងួត និងខ្យល់កន្ត្រាក់។ បញ្ហាគ្រោះធម្មជាតិទាំងនេះ រដ្ឋាភិបាលបានត្រៀមខ្លួន និងពង្រឹងការសមត្ថភាពក្រុមការងារ ដើម្បីជួយពលរដ្ឋជានិច្ចរាល់ពេលមានគ្រោះអាសន្ន។ នេះបើតាមការអះអាង​របស់​ លោក សុទ្ធ គឹមកុលមុន្នី អ្នកនាំពាក្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ។ 
 
លោក សុទ្ធ គឹមកុលមុន្នី បានឲ្យដឹងថា រដ្ឋាភិបាលបានចាត់ទុកការគ្រប់គ្រងគ្រោះមហន្តរាយជារឿងអាទិភាព។ ដើម្បីឆ្លើយតបនឹងគ្រោះអាសន្នទាំងនេះ រដ្ឋាភិបាលបង្កើតច្បាប់និងយន្តការជាច្រើន មានដូចជាច្បាប់គ្រប់គ្រងគ្រោះមហន្តរាយ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងផែនការយុទ្ធសាស្រ្តឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុជាដើម។
 
គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ មានអន្តរក្រសួងចូលរួម ហើយនៅថ្នាក់ក្រោមជាតិក៏មានគណៈកម្មការតាមបណ្ដារាជធានីខេត្ត ស្រុកខណ្ឌ ឃុំសង្កាត់ និងភូមិផងដែរ។ ចំណែក ក្រសួងនិងគ្រប់ស្ថាប័នរដ្ឋ មានរៀបចំផ្នែកកាត់បន្ថយនិងត្រៀមឆ្លើយតបនឹងគ្រោះអាសន្នផងរៀងៗខ្លួន។ 
 


លើសពីនេះ រដ្ឋមានយន្តការពង្រឹងសមត្ថភាពអាជ្ញាធរ សង្គមស៊ីវិល ពលរដ្ឋស្ដីពីចំណេះដឹងក្នុងការកាត់បន្ថយគ្រោះមហន្តរាយ និងការជួយសង្គមខ្លួនឯង រួមទាំងអ្នកជុំវិញខ្លួនផងដែរនៅពេលមានគ្រោះអាសន្នផងដែរ។ នេះជាការលើកឡើងរបស់លោក គឹម កុលមុន្នី ដែលបានផ្ដល់ព័ត៌មានដល់សារព័ត៌មានថ្មីៗតាមប្រព័ន្ធតេឡេក្រាម ដោយលើកឡើងទៀតថា៖ «ទាំងរដ្ឋាភិបាល និងអង្គការសង្គមស៊ីដែលជាដៃគូសហការបានធ្វើការយ៉ាងសកម្មដើម្បីធ្វើការរួមគ្នា ដើម្បីជួយពលរដ្ឋឲ្យបានទាន់ពេលវេលា»។ ជាមួយគ្នាដែរ  គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយបានត្រៀមកងកម្លាំង១៦កង សម្រាប់ត្រៀមចុះជួយសង្គ្រោះនិងរុករកពលរដ្ឋនៅតំបន់មានគ្រោះអាសន្ន រួមទាំងបំពាក់សម្ភារៈតាមជំនាញនីមួយៗ។
 
អ្នកនាំពាក្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយបានរៀបរាប់ពីបញ្ហាប្រឈម ក្នុងពេលចុះជួយពលរដ្ឋថាមានច្រើន គឺចំណេះដឹងពលរដ្ឋ និងអាជ្ញាធរតាមមូលដ្ឋាននៅមានកម្រិតនៅឡើយ។ យ៉ាងណាក្ដី ក្រុមជំនាំញរបស់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយនៅតែបន្ត ចុះជួយផ្ដល់ចំណេះដឹង និងបន្តហ្វឹក​ហាត់ដើម្បីត្រៀមជួយពលរដ្ឋនៅពេលមានគ្រោះអាសន្ន។ 
 
យន្តការស្បៀងបម្រុង និងស្ដារជីវភាពពលរដ្ឋឡើងវិញ សម្រាប់ពលរដ្ឋដែលជួបគ្រោះអាសន្ន 
 
មាត្រា៣៥ នៃច្បាប់ស្ដីពីការគ្រប់គ្រងគ្រោះមហន្តរាយ ជំពូកទី៦ ស្ដីពីសិទ្ធិ និងកាតព្វកិច្ច ចែងថា បុគ្គលគ្រប់ការការពារអាយុជីវិត សេចក្ដីថ្លៃថ្នូរ ទ្រព្យសម្បត្តិ និងជំនួយ​សង្គ្រោះនៅក្នុងពេលមានគ្រោះមហន្តរាយ។ មនុស្សគ្រប់គ្នាក៏មានសិទ្ធិទទួលបានព័ត៌មាន និងបច្ចេការពារ នៅពេលមានគ្រោះអាសន្ន។ មាត្រាដដែលសង្កត់ធ្ងន់ថា៖ «ពលរដ្ឋខ្មែរគ្រប់រូប​មានសិទ្ធិទទទួលបានធនធានសម្រាប់អនុវត្តវិធានការការពារ និងកាត់បន្ថយ ហានិភ័យគ្រោះមហន្តរាយ ដើម្បីស្ដារជីវិភាពរស់នៅឡើងវិញ ក្រោយគ្រោះមហន្តរាយ»។ 
ដើម្បីលើកស្ទួយជីវភាពពលរដ្ឋ ឲ្យប្រសើរឡើងវិញ ជារៀងរាល់ឆ្នាំរដ្ឋបានត្រៀម ថវិកា ស្បៀង និងគ្រប់ធនជាតិ សម្រាប់ជួយប្រជារាស្រ្ត។ ក្នុងមួយឆ្នាំៗ រដ្ឋបានត្រៀមស្បៀងអាហារ មានអង្ករជាង២ម៉ឺន រួមទាំង ត្រីខ មី ទឹកត្រី ទឹកស៊ីអ៊ីវ និងអំបិលជាច្រើនតោនបន្ថែមទៀត។ ចំណែក គ្រាប់ពូជដំណាំមានជាង៥ពាន់តោន ហើយបន្លែន រួមទាំងដំណាំផ្សេងទៀតមានជាង១០០តោន។ នេះបើតាមអនុក្រឹត្យស្ដីពីការបង្កើតប្រព័ន្ធស្បៀងបម្រុងកម្ពុជា។ 
 
«ថវិកាសម្រាប់ជួយពលរដ្ឋជារៀងរាលឆ្នាំនៅពេលមានគ្រោះអាសន្ន មិនបានកំណត់ចំនួនជាក់លាក់នោះទេ ប៉ុន្តែរាល់ពេលមានគ្រោះអាសន្នគឺនាយករដ្ឋមន្រី្តនឹងផ្ដល់តាមស្ថានភាពជាក់ស្ដែង រួមទាំងយន្តការផ្សេងៗបន្ថែមទៀត សម្រាប់ដោះស្រាយបញ្ហាប្រឈមភ្លាម»។ នេះបើតាមការពន្យល់របស់អ្នកនាំពាក្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ។ 


 
ចំពោះ ពលរដ្ឋក្រីក្រ និងងាយរគ្រោះ ពិសេសស្រី្តនិងកុមារ គឺងាយនឹងទទួលផលប៉ះពាល់ពីការប្រែប្រួលអាកាសធាតុ ហើយធ្វើឲ្យពួកគេងាយនឹងធ្លាក់ចូលបន្ទាន់ក្រីក្រ និងធ្លាក់ចូលភាពក្រីក្រកាន់តែជ្រៅ។ ដូច្នេះ រដ្ឋាភិបាលបនាគិតគូរ ផ្គត់ផ្គង់ជំនួយស្បៀងអាហារ។ លើសពីនេះ រដ្ឋាភិបាលកក៏បានបង្កើត ប្រព័ន្ធគ្រប់គ្រងទិន្នន័យ និងកំណត់អត្តសញ្ញាណពលរដ្ឋក្រីក្រផងដែរ ដើម្បីងាយជួយក្នុងការផ្ដល់ជំនួនបន្ថែម។ នេះបើតាមលោក ចន ណារិទ្ធិ អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និងជាអគ្គលេខាធិការក្រុមប្រឹក្សាជាតិគាំពារសង្គម ដោយបន្ថែមថា ការរាតត្បាតកូវីដ-១៩ ត្រូវបានរដ្ឋាភិបាលចាត់ទុកជាគ្រោះអាសន្ននិងជាកិច្ចការអាទិភាពចុះជួយពលរដ្ឋដែរ។  
 
អគ្គលេខាធិការក្រុមប្រឹក្សាជាតិគាំពារសង្គមរូបបន្ថែមថា ដើម្បីជួយសម្រួលសេដ្ឋ​កិច្ចពលរដ្ឋដែលងាយរងគ្រោះ រដ្ឋបានឧបត្ថម្ភសាច់ប្រាក់ជារៀងខែ ចាប់ផ្ដើមកាលពីថ្ងៃទី២៤មិថុនា ឆ្នាំ២០២០ ហើយរដ្ឋនឹងបន្តឧបត្ដម្ភដល់ខែកញ្ញា ឆ្នាំ២០២២។ ក្នុងវិបត្តិកូវីដ-១៩ ពលរដ្ឋជាង២,៦លាននាក់ ស្មើនឹងប្រមាណ៧០ម៉ឺនគ្រួសារ បានទទួលការឧត្ថម្ភសាច់ប្រាក់ពីរដ្ឋាភិបាល ដោយក្នុងមួយខែរដ្ឋចំណាយជាង៣០លានដុល្លារក្នុងកម្មវិធីនេះ។ ដូច្នេះ បើគ្មានការជួយឧមត្ថម្ភនេះ ពលរដ្ឋជាង២,៦លាននាក់នេះ នឹងធ្លាក់ខ្លួនកាន់តែជ្រៅក្នុងភាពក្រីក្រ។ 
 
ទន្ទឹមនឹងនេះ កម្ពុជាក៏មានផែនការយុទ្ធសាស្រ្ត ១០ឆ្នាំម្ដង សម្រាប់ឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុឆ្នាំ២០១៤ដល់២០២៣។ ផែនការនេះ រៀបចំឡើងដើម្បីឆ្លើយ តបនឹងការប្រែប្រួលអាកាសធាតុ និងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព។ គោលដៅចម្បង ក្នុងផែនការនេះ មានការកែលម្អសន្តិសុខស្បៀង ទឹក និងថាមពល ដើម្បីបង្កើនភាពធន់នឹងអាកាធាតុ។ ក្រៅពីនេះ គឺការ​ពង្រឹងសមត្ថភាពចំណេះដឹង និងការយល់ដឹងអំពីការឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ៕ 
 
 
 

Tag:
 គាំពារសង្គម
  គ្រោះអាសន្ន
  គ្រោះមហន្តរាយ
© រក្សាសិទ្ធិដោយ thmeythmey.com